(ភ្នំពេញ)៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់រហូត ធ្វើការឃាត់ខ្លួនក្រុមចោរ២នាក់ ពាក់ព័ន្ធក្នុងករណីលួចរថយន្ដកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ នៅខណ្ឌមានជ័យ។
លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានប្រាប់ Fresh News ឲ្យដឹងថា នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦នេះថា រថយន្ដដែលជនសង្ស័យទាំង២នាក់ លួចទៅម៉ាក TOYOTA CAMRY ផលិតឆ្នាំ១៩៩៩ ពាក់ស្លាកលេខភ្នំពេញ2J-4158 នៅចំណុចផ្លូវលំ ក្រុមទី៩ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ពីជនរគ្រោះឈ្មោះ សាយ ផារិន ភេទ ប្រុស អាយុ៤២ឆ្នាំ។
លោកបន្ដថា ក្រោយពេលកើតហេតុភ្លាមៗ កម្លាំងនគរបាលជំនាញរបស់លោក ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាបាន រហូតធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦នេះ។ លោកថា ជនសង្ស័យទី១-ឈ្មោះ ប៊ុន រ៉ុង ហៅចាន់ វិច្ឆិកា អាយុ៣១ឆ្នាំ និងទី២-ឈ្មោះ ពុំ រស្មី ហៅស្រីទាល់ អាយុ៣៤ឆ្នាំ មុខរបរទទួលបញ្ចាំ។
បន្ទាប់ពីធ្វើការឃាត់ខ្លួនកម្លាំងរបស់លោក ដកហូតបាន រថយន្ដដែលជនសង្ស័យលួចទៅមួយគ្រឿង ម៉្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) មួយកញ្ចប់ផងដែរ។ បើតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ប៊ុន រ៉ុង បានប្រាប់ថា រូបគេពិតជាបានលួចរថយន្ដនេះពិតប្រាដកមែន។
លោកបន្ថែមថា ក្រោយពីកម្លាំងបានឃាត់ខ្លួនរួចមក នៅថ្ងៃទី២៣ ខែមិថុនា ម្សិលមិញនេះ ខាងកម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ក៏បានធ្វើនាំខ្លួនជនសង្ស័យ យកទៅធ្វើតេស្ដទឹកនោម ជាលទ្ធផលជនសង្ស័យក៏ពាក់ព័ន្ធ ក្នុងករណីប្រើប្រាស់គ្រឿងញៀន មួយបន្ថែមទៀត។ បច្ចប្បន្នជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕