(តាកែវ)៖ លោក សុខ សូកាន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគិរីវង់ ខេត្តតាកែវ បានលើកឡើងថា ទោះស្ថិតក្នុងកាលៈទេសៈលំបាកបែបណា ឬក៏មានរបត់ប្រវតិ្តសាស្ត្រយ៉ាងណាក្តី គណបក្សប្រជាជនកម្ពុជាតែងតែរក្សាបាននូវដួងព្រលឹងនិងឧត្តមគតិរបស់ខ្លួន ក្នុងបុព្វហេតុ ការពារកសាងជាតិមាតុភូមិ និងប្រជាជន។
ការលើកឡើងបែបនេះ របស់លោក សុខ សូកាន បានធ្វើឡើងនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសលោកបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧មករា ១៩៧៩ ដែលប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកគិរីវង់ ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាប្រធាន អនុប្រធាន សមាជិក សមាជិកា នៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកនិងឃុំ, គណៈកម្មាធិការគណបក្សស្រុក ឃុំ, និងសមាជិក សមាជិកា ក្រុមការងារយុវជនគណបក្សស្រុកគិរីវង់ សរុបអ្នកចូលរួមប្រមាណ ៣២៣នាក់។
នៅក្នុងពិធីនោះផងដែរ លោក សុខ សូកាន បានអានសុន្ទរកថាដែលមានអត្ថន័យដ៏ជ្រាលជ្រៅរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាកម្ពុជា ក្នុងពិធីមីទ្ទីងរំលឹកខួបលើកទី៤៤ នៃទិវាជ័យជម្នេះ ៧មករា (០៧.០១.១៩៧៩-០៧.០១.២០២៣) និងបានស្ដាប់នូវការសូត្រកំណាព្យរបស់យុវជនដ៏មានអត្ថន័យនិងអត្ថរសដែលរំលឹកពីគុណបំណាច់ដ៏ធំធេងរបស់ទិវាជ័យជម្នេះ ៧ មករា ១៩៧៩ ព្រមទាំងការប្ដេជ្ញាចិត្តដ៏មោះមុតរបស់យុវជនជំនាន់ក្រោយក្នុងការចូលរួមបន្តរក្សាការពារកិត្យានុភាព ដួងព្រលឹង និងឧត្តមគតិរបស់គណបក្សឱ្យនៅស្ថិតស្ថេរជាដរាប ជាពិសេស ការបន្ត កសាង និងការពារជាដាច់ខាតនូវរាល់សមិទ្ធផលស្នាដៃជាប្រវត្តិសាស្ត្ររបស់គណបក្សឱ្យមានភាពរីកចម្រើន គង់វង្សដិតជាប់ក្នុងក្រអៅបេះដូងនៃប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈជានិច្ចនិរន្តរ៍តរៀងទៅ។
លោក សុខ សូកាន បានយកឱកាសនេះថ្លែងនូវការគោរពដឹងគុណូបការៈដ៏ខ្ពង់ខ្ពស់បំផុតជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វបុរសគណបក្សប្រជាជនកម្ពុជា ក៏ដូចជាគោរពជូនថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់របស់គណបក្សនាពេលបច្ចុប្បន្ន ចំពោះការខិតខំប្រឹងប្រែង និងការធ្វើពលីកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុតស៊ូរំដោះជាតិពីរបបប្រល័យពូជសាសន៍ ព្រមទាំងបានដឹកនាំ កសាង និងការពារមាតុភូមិ រហូតបង្កើតបាននូវដំណាក់កាលសុខសន្តិភាព និងរុងរឿងនាពេលបច្ចុប្បន្ន ដែលប្រជាជាតិខ្មែរមិនធ្លាប់មានក្នុងរយៈពេលជាង៥០០ឆ្នាំចុងក្រោយ នៃប្រវត្តិសាស្ត្រ។ ក្នុងនាមជាកូនខ្មែរគ្រប់រូប យើងចងចាំជានិច្ចនូវស្មារតីតស៊ូជាប្រវត្តិសាស្ត្រ និងជ័យជម្នះ ថ្ងៃ៧ មករា ១៩៧៩ ដែលប្រជាជនកម្ពុជាបានរស់រានមានជីវិតជាថ្មីម្ដងទៀតពីការធ្វើទារុណកម្មនិងការកាប់សំលាប់ដ៏សាហាវយង់ឃ្នងនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។
លោកបានបន្តទៀតថា សច្ចភាពនៃប្រវត្តិសាស្ត្របានសបញ្ជាក់ឱ្យឃើញថា ទោះស្ថិតក្នុងកាលៈទេសៈលំបាកបែបណា ឬក៏មានរបត់ប្រវតិ្តសាស្ត្រយ៉ាងណាក្តី គណបក្សប្រជាជនកម្ពុជាតែងតែរក្សាបាននូវដួងព្រលឹង និងឧត្តមគតិរបស់ខ្លួនឥតប្រែប្រួល គឺតែងតែឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ប្រឹងប្រែងជម្នះរាល់ឧបសគ្គ ហ៊ានធ្វើពលីកម្មដោយឥតរួញរា ដើម្បីការពារ និងកសាងប្រទេសកម្ពុជា ប្រកបដោយឯករាជ្យភាព សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។
ក្នុងឱកាសនោះផងដែរ លោក សុខ សូកាន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគិរីវង់ ក៏បានជួបសំណេះសំណាលជាមួយ គណៈកម្មាធិការគណបក្សស្រុកគិរីវង់ គណៈកម្មាធិការគណបក្សឃុំទាំង១២ និងក្រុមការងារយុវជនគណបក្សស្រុកគិរីវង់ ហើយលោកក៏សូមសម្តែងនូវការកោតសរសើរ ថ្លែងអំណរគុណ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមករបស់ក្រុមការងារទាំងអស់ ដែលបានសហការរួមគ្នាកាន់តែល្អប្រសើរក្នុងការបំពេញការងារក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន។
ជាចុងក្រោយ លោកក៏បានផ្ដាំផ្ញើដល់គណបក្សប្រជាជនកម្ពុជាស្រុកគិរីវង់គ្រប់ជាន់ថ្នាក់ ព្រមទាំងយុវជនគណបក្ស ទូទាំង១២ឃុំ នៃស្រុកគិរីវង់ ត្រូវសហការគ្នាឱ្យបានល្អប្រសើរ និងត្រូវប្តេជ្ញាជាដាច់ខាតដណ្តើមយកជ័យលាភីឃុំទទួលបានចំណាត់ថ្នាក់លេខ១ និងជ័យលាភីស្រុកទទួលបានសំឡេងគាំទ្រគណបក្សលើសគេ នៅក្នុងខេត្តតាកែវ ដើម្បីឱ្យស្រុកគិរីវង់បន្តជាមូលដ្ឋានដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជាខេត្តតាកែវទាំងបច្ចុប្បន្ន និងទៅអនាគត។