(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ បានផ្ញើសារជូន លោកជំទាវ កែវ សញ្ញាម៉ូ ដោយចូលរួមរំលែកទុក្ខចំពោះមរណភាពឯកឧត្តម ហុង ស៊ុនហួត ជាអតីតរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អគ្គលេខាធិការកាកបាទ ក្រហមកម្ពុជា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អនុប្រធានទី២ នៃរដ្ឋសភា ដែលត្រូវជាស្វាមី។
តាមរយៈសារលិខិតនេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានសេចក្តីក្រៀមក្រំ និងសោកស្ដាយក្រោយពីបានទទួលដំណឹងមរណភាពរបស់ឯកឧត្ដម ហុង ស៊ុនហួត កាលពីថ្ងៃសុក្រ ១៥កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ នៅវេលាម៉ោង ១០:៣០នាទី ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយរោគាពាធ។
ក្នុងវេលាដ៏ក្រៀមក្រំនេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធពណ្ឌិត សូមចូលរួមសោកស្តាយជាមួយលោកជំទាវ ព្រមទាំង ក្រុមគ្រួសារចំពោះការបាត់បង់ស្វាមី ឪពុក ជីតាជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និង សង្គហធម៌ចំពោះភរិយា កូនៗ ចៅៗ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់។
សម្តេចបានចាត់ទុកថា មរណភាពរបស់ឯកឧត្តម ហុង ស៊ុនហួត ជាការបាត់បង់នូវឥស្សរជនមួយរូប ដែលបាន លះបង់កម្លាំងកាយចិត្ត ធនធាន និងបញ្ញាស្មារតីបម្រើប្រទេសជាតិគ្រប់កាលៈទេសៈ ក្នុងគោលដៅ បម្រើដល់ឧត្តមប្រយោជន៍ជាតិមាតុភូមិ នាពេលកន្លងមក។
សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឯកឧត្ដម ហុង ស៊ុនហួត សូមឆាប់បាន ចាប់កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕