(ភ្នំពេញ)៖ ពលករ ពលការិនីខ្មែរ៤នាក់ ដែលជួបការលំបាកពេលទៅធ្វើការនៅប្រទេសម៉ាឡេស៊ី នឹងមកដល់កម្ពុជាវិញ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ ស្អែកនេះតាមជើងយន្តហោះ AK ៥៣៦។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេស នៅរសៀលថ្ងៃទី២៤ ខែមិថុនានេះ។
ពលករ-ពលការិនីខ្មែរទាំងនោះ ត្រូវបានអន្តរាគមន៍ជួយសង្រ្គោះ ដោយស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី ក្នុងនោះមាន៖
១- ពលការិនី ស៊ីវ សារឿន អាយុ៣៤ ឆ្នាំ នៅភូមិមេមត់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានទៅធ្វើការតាមផ្ទះនៅម៉ាឡេស៊ី តាំងពីខែកុម្ភៈ ឆ្នាំ២០១៥ តាមរយៈមេខ្យល់ ដោយធ្វើដំណើរតាម រថយន្តកាត់តាមប្រទេសថៃ។ ដោយសាមីខ្លួនពុំមានលទ្ធភាពដោះស្រាយ ដោយខ្លួនឯង ស្ថានទូតបាន ចេញថ្លៃបង់ពិន័យឲ្យរដ្ឋាភិបាលម៉ាឡេស៊ី ព្រមទាំងទិញសំបុត្រយន្តហោះឲ្យពលការិនីរូបនេះ។
២- ពលការិនី គ្រួច ស្រីពៅ អាយុ២៤ឆ្នាំ នៅភូមិបល្ល័ង្គខាងលិច ឃុំលេខ១ ស្រុកទីរួម ខេត្តកំពង់ធំ ខេត្តកំពង់ធំ បានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ខាងផ្នែកជូតសំអាត តាំងពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០១៦ តាមរយៈក្រុមហ៊ុន Century Cambodian នៅកម្ពុជា ដោយធ្វើដំណើរតាម រថយន្តកាត់តាមប្រទេសថៃ។
៣- ពលករ សាលីម អាទៀតម៉ីស៊ី អាយុ២៨ឆ្នាំ នៅភូមិ២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ជាចុងភៅ ដោយខ្លួនឯង តាំងពីថ្ងៃទី១២ ខែមករា ឆ្នាំ ២០១៦។
៤- ពលករ រ៉សាត រ៉ហ្វាត អាយុ១៩ឆ្នាំ នៅភូមិថ្មី ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានទៅធ្វើការក្នុងចំការដូងប្រេង នៅប្រទេសម៉ាឡេស៊ី តាំងពីថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៥ តាម រយៈមេខ្យល់ ដោយធ្វើដំណើរតាមរថយន្តកាត់តាមប្រទេសថៃ។
ក្នុងកំឡុងពេលរង់ចាំការវិលត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្ដល់កន្លែងស្នាក់នៅ និងការទទួលទានផ្សេងៗ ដល់ពលករ-ពលការិនី ទាំង០៤នាក់ផងដែរ៕