(ភ្នំពេញ)៖ លោក នឹម ថូត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានអាជ្ញាធរកណ្តាលស្មុំកូនអន្តរប្រទេសនៃកម្ពុជា និងលោកស្រី ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការ ក្រសួងយុត្តិធម៌ បានរៀបចំបើកសិក្ខាសាលាស្តីពី «ការពង្រឹងការអនុវត្តការងារស្មុំកូនអន្តរប្រទេស» រយៈពេល២ថ្ងៃ ពោលគឺថ្ងៃទី១០ និងទី១១ ខែមករា ឆ្នាំ២០២៣ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។

លោក នឹម ថូត បានលើកឡើងថា សិក្ខាសាលានាថ្ងៃនេះមានគោលបំណង បង្ហាញពីច្បាប់ស្មុំកូនដល់ក្រសួង/ស្ថាប័ន្ធពាក់ព័ន្ធ និងផែនទីទិសដៅ (roadmap) ត្រៀមលក្ខណៈសម្បត្តិ ក្នុងការចាប់ផ្តើមបើកដំណើរការស្មុំកូនឡើងវិញ ចែករំលែកព័ត៌មានដល់ទីភ្នាក់ងារ និងអាជ្ញាធរពាក់ព័ន្ធ ពង្រឹង-ពង្រីកកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា។

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអាជ្ញាធរកណ្តាលស្មុំកូនអន្តរប្រទេស ដែលមានរដ្ឋបាលស្មុំកូនអន្តរប្រទេស ជាសេនាធិការបានសហការជាមួយក្រុមការងារអនុវត្ត និងគ្រប់គ្រងគម្រោង «អនាគតភ្លឺស្វាងរបស់យើង» ដែលអនុវត្តដោយ អង្គការ CIFA CIAI AIBI និង ARIETE ហើយបានទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុពីអាជ្ញាធរកណ្តាលស្មុំកូនអន្តរប្រទេសអ៊ីតាលី ក្នុងដំណើរការគាំទ្រទាំងផ្នែកបច្ចេកទេស និងថវិកាសម្រាប់វគ្គបណ្តុះបណ្តាល និងសិក្ខាសាលា។

គម្រោងអនាគតភ្លឺស្វាង ត្រូវបានផ្តល់ទៅលើការបណ្តុះបណ្តាល មានចំនួន៥ វគ្គ រួចមកហើយគឺ៖

១៖ វគ្គបណ្តុះបណ្តាលស្តីពីច្បាប់ លិខិតបទដ្ឋានពាក់ព័ន្ធដើម្បីអនុវត្តការងារស្មុំកូនអន្តរប្រទេសនៅកម្ពុជា

២៖ វគ្គបណ្តុះបណ្តាលស្តីពី ជំនាញប្រឹក្សាយោបល់ និងការថែទាំពាក់ព័ន្ធលើការអភិវឌ្ឍកុមារ

៣៖ វគ្គបណ្តុះបណ្តាលស្តីពី ការអនុវត្តន៍ជាក់ស្តែង ក្នុងការបំពេញទម្រង់ស្របតាមនីតិវិធីស្មុំកូនអន្តរប្រទេស

៤៖ វគ្គបណ្តុះបណ្តាលស្តីពី លិខិតបទដ្ឋានអន្តរជាតិពាក់ព័ន្ធស្មុំកូន កុមារដែលមិនមានអ្នកមើលថែ និងសេវាក្រោយស្មុំកូន

៥៖ វគ្គបណ្តុះបណ្តាល ស្តីពី ការបញ្រ្ជាបគោលនយោបាយ បទដ្ឋាន គោលការណ៍ណែនាំ នីតិវិធីស្មុំកូនក្នុងប្រទេស និងស្មុំកូនអន្តរប្រទេស សម្រាប់ក្រុមគោលដៅ រាជធានី ខេត្តទាំង៥ គឺ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ៕