(ភ្នំពេញ)៖ សន្និសីទ ធនាគារ មីក្រូហិរញ្ញវត្ថុកម្ពុជាលើកទី៨ ឆ្នាំ២០១៦ (Cambodia Banking Micro-finance Conference & Awards) បានចាប់ផ្តើមហើយ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ នៅសណ្ឋាគារ InterContinental ភ្នំពេញ។ ការរៀបចំកម្មវិធីនេះ ធ្វើឡើងដោយ IDG ដោយមានការគាំទ្រពីធនាគាជាតិនៃកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងធនាគារក្នុងស្រុករបស់កម្ពុជាផងដែរ។
គោលបំណងសន្និសីទនេះ ដើម្បីឲ្យអ្នកជំនាញខាងផ្នែកធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជា និងបរទេស ពិភាក្សាផ្លាស់ប្តូរបទពិសោធន៍គ្នានជុំវិញ ការវិវត្តនៃការទូទាត់សាច់ប្រាក់ ពីការទូទាត់តាមធម្មតា ប្ដូរមកទូទាត់តាមបែបទំនើប ទូទាត់តាមទូរស័ព្ទ តាមបច្ចេកវិទ្យា តាមអ៉ីធើណេត និងការទូរទាត់ប្រកបដោយសុវត្ថិភាពផងដែរ។
លោក Le Thank Tam អគ្គនាយកនៃ IDG អាស៊ានបានឲ្យដឹងថា លោកមានភាពរីករាយ និងរំភើប ដែលបានរៀបចំកម្មវិធី Cambodia Banking MicroFinance Conference នេះឡើង ហើយលោកក៏រីករាយចំពោះការរីកចំរើននៃវិស័យធនាគារ និងហិរញ្ញាវត្ថុ នៅកម្ពុជាផងដែរ។
លោកបន្ដទៀតថា នៅកម្ពុជាវិស័យ ដែលជឿនលឿន គ្រប់គ្រងលើសេដ្ឋកិច្ច គឺមានវិស័យកាត់ដេរ វិស័យកសិកម្ម និងវិស័យទេសចរណ៍ ប៉ុន្តែវិស័យធនាគារក៏បានចូលរួម ចំណែកយ៉ាងសំខាន់ផងដែរ ប្រសិនជាគ្មានធនាគារនោះទេ នឹងមិនអាចដំណើរការទៅរួចឡើយ។
សូមជម្រាបថា Cambodia Banking Micro-finance Conference & Awards នេះក៏មានការប្រគល់ពានរង្វាន់ដល់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មួយចំនួននៅកម្ពុជាផងដែរ។
គួរបញ្ជាក់ថា វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា កំពុងរីកចម្រើនយ៉ាងខ្លាំង។ បើតាមធនាគារជាតិនៃកម្ពុជា បច្ចុប្បន្នកម្ពុជា មានធនាគារពាណិជ្ជចំនួន៣៦ ធនាគារឯកទេសចំនួន១៣ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៥៤៕