(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានរាយការណ៍មកថា មកដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុមានទឹកស្អាតប្រើប្រាស់បណ្ដើរៗឡើងវិញហើយ បន្ទាប់ពីការមានការបាក់ទំនប់ ស្តុកទឹកទី២របស់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតអានកូ ធ្វើឱ្យមានបញ្ហាខូចខាតម៉ាស៉ីនបូមទឹក១គ្រឿង និងការថយចុះនូវការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋក្នុងខេត្ត។
គួររំលឹកថា ហេតុការណ៍នៃការបាក់ទំបន់ស្តុកទឹកទី២នេះ បានកើតឡើងនៅយប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ បណ្ដាលឱ្យប៉ះពាល់ដល់ម៉ាស៉ីនបូមទឹកនៅស្ថានីយចម្រោះទឹកស្អាតទី២ជិតនោះ និងធ្វើឱ្យថយចុះនូវការផ្គត់ផ្គង់ទឹកជិត ពាក់កណ្ដាលនៅក្រុងព្រះសីហនុ និងផ្នែកខ្លះនៃស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ។
អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ក៏បានដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យ និងអន្តរាគមន៍ដោះស្រាយតាមមុខការបញ្ហាភ្លាមៗទាំងយប់ ដើម្បីពន្លឿនការដោះស្រាយជូនប្រជាពលរដ្ឋ ដោយសារការថយចុះនូវការផ្គត់ផ្គង់ទឹកស្អាតនេះ។
មកដល់ថ្ងៃទី១០ ខែមករានេះ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានថ្លែងថា ក្រុមការងារបានជួសជុលទំនប់ស្តុកទឹកទី២របស់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតអានកូ និងជួសជុលម៉ាស៉ីនដែលបានខូចខាតពីការបាក់ទំនប់នោះរួចរាល់ហើយ ខណៈម៉ាស៉ីនបូមទឹកនៅស្ថានីយចម្រោះទឹកទី២នោះ ក៏កំពុងបូមទឹកទម្លាក់ទៅស្ថានីយចម្រោះទឹកស្អាតទី៣បណ្ដើរៗផងដែរ។
លោកអភិបាលរងខេត្តបានបន្តថា ការដំណើរការម៉ាស៉ីនបូមទឹកពីស្ថានីយចម្រោះទឹកស្អាតទី២ទៅស្ថានីយទី៣នេះ គឺធ្វើឱ្យស្ថានីយទីចម្រោះទឹកស្អាតទី៣ បង្កើនសមត្ថភាពផលិតទឹកស្អាតបានប្រមាណ១៦,០០០ម៉ែត្រគូបក្នុង១ថ្ងៃ និងបន្តផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋបានស្ទើរតែគ្រប់គ្រាន់ដូចដើមឡើងវិញដែរ។
មុនមានការបាក់ទំនប់ស្តុកទឹកទី២កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣នោះ ស្ថានីយចម្រោះទឹកស្អាតទាំង៣នៅខេត្តព្រះសីហនុមានសមត្ថភាពផលិតនិងផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋប្រមាណ ៧៤,០០០ ទៅ ៨០០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ ប៉ុន្តែក្នុងពេលកើតមានហេតុការណ៍ការបាក់ទំបន់ និងខូចខាតម៉ាស៉ីនបូមទឹកអស់១គ្រឿងនោះ ធ្វើឱ្យសមត្ថភាពនៃការផលិតនិងផ្គត់ផ្គង់ទឹកស្អាតថយមកត្រឹម៦០,០០០ម៉ែត្រគូប។ ក្រោយពេលជួសជុលទំនប់និងម៉ាស៉ីនបូមទឹកឡើងវិញ ការផលិតនិងផ្គត់ផ្គង់ទឹកស្អាតបានប្រមាណ៧៦,០០០ម៉ែត្រគូបវិញ ពោលគឺមានការខ្វះខាតបន្តិចបន្តួចប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់លោក ឡុង ឌីម៉ង់។
ទន្ទឹមនឹងនេះដែរ មន្ត្រីភ្នាក់ងាររដ្ឋាករទឹកនៅខេត្តព្រះសីហនុក៏បានចុះត្រួតពិនិត្យនៅតាមទុយោទឹកស្អាតក្នុងក្រុងព្រះសីហនុ និងបានរាយការណ៍ពីការដំណើរការផ្គត់ផ្គង់ទឹកស្អាតរលូនឡើងវិញ។
យោងតាមមន្ត្រីរដ្ឋាករទឹកខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្រុមហ៊ុនអានកូ វតធើ ស័បផ្លាយ គឺជាក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតនៅក្រុងព្រះសីហនុ និងមួយផ្នែកនៅស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ក្នុងបរិមាណពី ៧៤,០០០ ទៅ ៨០០០០ម៉ែត្រគូប។ ការផលិតទឹកស្អាតនេះគឺមានស្ថានីយចម្រោះទឹកស្អាតចំនួន៣ក្នុងតំបន់ក្បាលឆាយ ក្រុងព្រះសីហនុ៕