(ឡុងដ៍)៖ បន្ទាប់ពីការប្រកាសលទ្ធផលជាផ្លូវការ មិនបានប៉ុន្មានម៉ោងផងនាយករដ្ឋមន្ត្រីអង់គ្លេសលោក David Cameron ដែលតាំងពីដើមឡើយ បានទទូចឲ្យប្រជាជនអង់គ្លេស គិតពីផលវិបាកពេលខ្លួនចាកចេញពីអឺរ៉ុបនោះ បានសម្រេចចិត្តលាលែងចេញពីតំណែងរបស់ខ្លួនភ្លាមៗ នៅក្នុងសេចក្តីថ្លែងការណ៍លើកដំបូងក្រោយការបោះឆ្នោត ធ្វើប្រជាមតិ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយសារព័ត៌មាន CNN នារសៀលថ្ងៃសុក្រ ទី២៤ ខែមិថុនា ឆ្នាំ២០១៦។
លោក David Cameron បានប្រកាសថា លោកនឹងចាកចេញពីតំណែងនាយករដ្ឋមន្ត្រីអង់គ្លេស នៅខាងតុលាខាងមុខនេះ។
ក្រៅពីការថ្លែងសុំលាលែងពីតំណែងនោះ លោក Cameron បានទម្លាក់បន្ទុកឲ្យនាយករដ្ឋមន្ត្រីថ្មី ដែលនឹងបន្តតំណែង ពីរូបលោក ត្រូវចាត់ការរឿងដំណើរការដកប្រទេសអង់គ្លេសចេញពីសហភាពអឺរ៉ុប ដែលប្រការនេះបានបង្ហាញថា លោក Cameron មិនចង់បន្តធ្វើរឿងដែលលោក មិនគាំទ្រតាំងពីដើមនោះទៀតឡើយ។
ងាកមកមើលសហភាពអឺរ៉ុបវិញ ប្រធានក្រុមប្រឹក្សាលោក Donald Tusk បានចេញសេចក្តីថ្លែងការណ៍មួយភ្លាមៗ ក្រោយពីបានដឹងលទ្ធផលជាផ្លូវការថា អង់គ្លេសមិននៅជាមួយខ្លួនទៀត។ លោក Donald បានប្រកាសថា ចាប់ពីពេលនេះតទៅ សហភាពអឺរ៉ុបមានតែ ២៧ប្រទេសប៉ុណ្ណោះ ហើយកិច្ចប្រជុំក្រុមប្រឹក្សាសហភាពអឺរ៉ុប ចាប់ពីសប្តាហ៍ក្រោយតទៅ នឹងមិនមានវត្តមានតំណាងចក្រភពអង់គ្លេស ចូលរួមទៀតឡើយ៕