(កូរ៉េ)៖ ស្របពេលដែលប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេស ចូលរួមអបអរសាទរដល់ ទិវាជ័យជម្នះ៧មករា ដែលជាថ្ងៃប្រជាជនកម្ពុជារួចជីវិតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅសាធារណរដ្ឋកូរ៉េឯនោះវិញ ប្រជាពលរដ្ឋ និស្សិត និងពលករជំនាញកម្ពុជា ដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅទីនោះ ក៏បានជួបជុំគ្នារៀបចំពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍នេះដែរ។ ការជួបជុំនេះ បានធ្វើឡើងនៅ៥កន្លែង ផ្សេងៗគ្នា ដែលមានពលករ និងសហគមន៍ខ្មែរ ចូលរួមជាង៣០០នាក់។
កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ លោកបណ្ឌិត អ៉ិត សំហេង ប្រធានក្រុមការងារកសាងពង្រឹងគណបក្សប្រចាំសាធារណរដ្ឋកូរ៉េ ចូលរួមអមដំណើរដោយ លោក ហេង សួរ ប្រធានក្រុមការងារអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ (ESEA) និងគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអញ្ជើញចូលរួមពិធីជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយបងប្អូនសហគមន៍ខ្មែរ នៅជុំវិញរដ្ឋធានីសេអ៊ូល ដើម្បីអបអរសាទរខួបលើកទី៤៤ នៃទិវាជ័យជម្នះ៧មករា ដែលមានអ្នកចូលរួមប្រមាណជាង ១០០នាក់។
ពិធីនេះបានប្រារព្ធឡើងក្រោមបរិយាកាសសប្បាយរីករាយ ព្រមទាំងទទួលបានការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅពីសំណាក់បងប្អូនខ្មែរទាំងអស់ ដែលកំពុងរស់នៅ និងធ្វើការជុំវិញរដ្ឋធានីសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ។
ចំណែកឯកាលពីរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អនុប្រធានក្រុងការងារ ESEA រួមនិងប្រធាន-អនុប្រធានតំបន់ក្វាងជូ និងសហការី បានរៀបចំពីធីសំណេះសំណាលអបអបសារទរទិវាជ័យជម្នះ៧មករាតាមប្រព័ន្ធZoom ជាមួយប្រធាន អនុប្រធាន សមាជិក សកម្មជន ជនបង្គោលសាខាគណបក្សប្រចាំតំបន់ក្វាងជូធំចំនួនសរុបជាង៥០នាក់។
ក្រៅពីនោះទៀត សហគមន៍ខ្មែរដែលកំពុងរស់នៅ និងធ្វើការក្នុងតំបន់ផ្សេងៗទៀតក្នុងប្រទេសកូរ៉េខាងត្បូង រួមមានតំបន់ឆាំងវ៉ុន ក៏បានរៀបចំកម្មវិធីអបអរសាទរទិវាជ័យជម្នះ៧មករា ក្រោមអធិបតី លោក ឡាយ សុខឃៀង ជាប្រធានទទួលបន្ទុកតំបន់ប៊ូសាន ដែលមានអ្នកចូលរួមចំនួន ២៥នាក់ រីឯតំបន់គូមី-ថេហ្គូ ក្រោមអធិបតីភាព លោក តូយ ដារិទ្ធ មានអ្នកចូលរួមចំនួន៥០នាក់ និងតំបន់ប៊ូសាន តំបន់អ៊ុលសាន-ជេជូ ក្រោមអធិបតីភាពលោក ឡាយ សុខឃៀង ជាប្រធានទទួលបន្ទុកតំបន់ប៊ូសាន និងលោក ឡាំ ប្រុស អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសកូរ៉េ ដែលមានអ្នកចូលរួមចំនួន ៧០នាក់ផងដែរ។ នៅចុងបញ្ចប់នៃកម្មវិធីតាមតំបន់នីមួយៗ ក៏មានកម្មវិធីពិសារអាហារសាមគ្គី ច្រៀងរាំកំសាន្តជាមួយគ្នា ក្នុងបរិយាកាសដ៏សប្បាយរីករាយផងដែរ៕