(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)នៅរាត្រីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ បានដឹកនាំរៀបចំកម្មវិធីរាត្រីសប្បុរសធម៌ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក្រោមប្រធានបទ «ក្រោមមេឃតែមួយ» ដោយបានលើកឡើងថា ថ្នាក់ដឹកនាំរបស់សមាគម បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត រួមជាមួយយុវជន​ជាច្រើន ចុះធ្វើសកម្មភាពមនុស្សធម៌ នៅទូទាំង២៥រាជធានី-ខេត្ត។

លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានលើកឡើងថា ដើម្បីផ្តល់សេវាពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្រីក្រ ដោយឥតគិតថ្លៃ និងមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ក្នុងគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈការផ្តល់សេវាសុខភាព​ជូនពួកគាត់ដល់​កន្លែងផ្ទាល់ ជាពិសេសនៅតាមទីជនបទដាច់ស្រយាលនានា ដែលគិតចាប់តាំងពីឆ្នាំ២០១២ រហូតដល់ពេលនេះ សមាគមបានព្យាបាលជំងឺជូនប្រជាពលរដ្ឋ សរុបចំនួន១៥០,៨៨៩នាក់ ដោយក្នុង​នោះ មានករណីជំងឺធ្ងន់ៗចំនួន១.៨៣៥នាក់ ដែលត្រូវបានសមាគមបញ្ជូនមកព្យាបាល និងសង្គ្រោះបន្ទាន់នៅរាជធានីភ្នំពេញ។

លោកបានបញ្ជាក់ថា «បើយើងក្រឡេកមើលទៅលើលទ្ធផល គឺជាជ្រុងមួយ ប៉ុន្តែបើយើងក្រឡេកមើលជ្រុងមួយទៀត គឺជាការផ្តល់នូវស្នាមញញឹម និងក្តីសង្ឃឹមថ្មីដល់អ្នកជំងឺ និងក្រុមគ្រួសាររបស់ពួកគាត់ ពិតជាកម្លាំងមនុស្សធម៌ដ៏ធំធេង»

លោក ហ៊ុន ម៉ាណែត បានបន្តថា «សកម្មភាពមនុស្សធម៌ ការជួយសង្រ្គោះជីវិតអ្នកជំងឺ និងសមិទ្ធិផលទាំងអស់ដែលសមាគម TYDA សម្រេចបានគឺអាស្រ័យដោយ​មានការចូលរួម​ពីគ្រប់ភាគីពាក់ព័ន្ធ និងសប្បុរសជនទាំងអស់ ដែលបានកំពុងចូលរួមចំណែកឧបត្ថម្ភ គាំពារនូវសម្ភារៈ បរិក្ខា ឱសថ និងថវិកា ក្នុងការផ្តល់លទ្ធភាពបន្តបេសកកម្មមនុស្សធម៌ ដើម្បី​ជួយប្រជាពលរដ្ឋ​ក្រីក្របន្ថែមទៀត ដែលនេះគឺជាការឆ្លុះបញ្ចាំងពីថាមភាពនៃកម្លាំងចលនាក្រោមមេឃតែមួយ ដើម្បីមនុស្សធម៌ក្នុងសង្គមជាតិ និងមាតុភូមិយើង»
 
នាឱកាសនោះ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក៏បានឱ្យដឹងផងដែរថា តាមរយៈរបាយការណ៍ និងសកម្មភាពរបស់ TYDA គឺបានបង្ហាញនូវសមិទ្ធិផលមនុស្សធម៌ដ៏ធំធេង និងមានតម្លៃថ្លៃថ្លា ក្នុងសកម្មភាពជួយឧបត្ថម្ភស្រោចស្រង់អាយុជីវិត  និងផ្តល់សេចក្តីសង្ឃឹមដល់ប្រជាជនរាប់ម៉ឺននាក់ ដែលសកម្មភាពនេះ ធ្វើឡើងក្នុងស្មារតីមនុស្សធម៌សុទ្ធសាធដែលស្តែងចេញពីការស្រលាញ់ ក្នុងវិជ្ជាជីវៈនៃការព្យាបាលជូនប្រជាជន ដោយឥតគិតថ្លៃ និងមិនប្រកាន់និន្នាការនយោបាយ និងសាសនាអ្វីឡើយ។

លោកស្រីបានបន្តថា «ខ្ញុំយល់ថា តម្លៃមនុស្សធម៌ សំដៅដល់សិទ្ធជាសកល ដែលជាសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងជាប្រពៃណីនៃការជួយគ្នា ក្នុងគ្រាក្រលំបាក និងពេលមានអាសន្ន ក្តីស្រលាញ់ និងកើតមានដោយការចែករំលែក ព្រោះយើងអាចមានក្តីស្រលាញ់ថែមទៀត ដល់ខ្លួនឯង ដោយសារការចែករំលែកក្តីស្រលាញ់នោះ ដល់អ្នកដ៏ទៃ»

លោកស្រីឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សកម្មភាព និងសមិទ្ធិផលនេះ ពិតជាបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ តាមរយៈការផ្តល់សេវាសុខភាពដោយឥតគិតថ្លៃ ដែលក្នុងនោះ ការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ និងយុវជនកម្ពុជា ក៏បានផ្តល់ភាពកក់ក្តៅ និងជំនឿទុកចិត្តជូនប្រជាជន ផងដែរ។

សូមជម្រាបថា នារាត្រីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦នេះ កម្មវិធីរាត្រីសប្បុរសធម៌របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក្រោមប្រធានបទ​ ​«ក្រោមមេឃតែមួយ» ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែលតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ហ៊ុន ម៉ាណែត ប្រធានសមាគមគ្រួពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ នៅសណ្ឋាគាសូហ្វីតែល ភ្នំពេញភូកេត្រា៕