(អេហ្ស៊ីប)៖ ក្រុមអ្នកស៊ើបអង្កេតអេហ្ស៊ីប បានប្រកាសឲ្យដឹងនៅថ្ងៃនេះថា អាជ្ញាធរអេហ្ស៊ីប នឹងបញ្ជួនប្រអប់ខ្មៅ (Black boxes) របស់យន្តហោះ EgyptAir ទៅកាន់ប្រទេសបារាំង ដើម្បីធ្វើការជួសជុល និងផ្ញើត្រឡប់មកវិញ ដើម្បីធ្វើការវិភាគទៅលើទិន្នន័យ និងសំឡេង ដើម្បីរកមូលហេតុនៃការធ្លាក់យន្តហោះ EgyptAir។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែមិថុនា។
គណៈកម្មាធិការស៊ើបអង្កេតអេហ្ស៊ីប បានចេញសេចក្ដីថ្លែងការណ៍ថា មូលហេតុដែលអេហ្ស៊ីប បញ្ជូនប្រអប់ខ្មៅ ទៅកាន់ប្រទេសបារាំងគឺ ដើម្បីឲ្យភ្នាក់ងារបារាំងជួយជួសជុលប្រអប់ខ្មៅ ជាពិសេសគឺជួយសម្អាតស្លែ និងអំបិល ដែលនៅជាប់ Memory chips។ ក្រោយពីសម្អាតរួច គឺអាជ្ញាធរបារាំង នឹងផ្ញើត្រឡប់មកកាន់អេហ្ស៊ីបវិញ ដើម្បីវិភាគបន្ត។
គួរបញ្ជាក់ផងដែរថា យន្តហោះដឹកអ្នកដំណើរ ជើងហោះ Flight 804 របស់ក្រុមហ៊ុនអាកាសចរណ៍ EgyptAir បានបាត់ពីប្រព័ន្ធរ៉ាដា ខណៈកំពុងហោះហើរពីទីក្រុងប៉ារីស ប្រទេសបារាំង ទៅកាន់ទីក្រុងគែរ ប្រទេសអេហ្ស៊ីប ជាមួយនឹងមនុស្ស ៦៦នាក់ ក្នុងនោះមានសហនាវិក ១០នាក់ និងបានធ្លាក់នៅសមុទ្រមេឌីទែរ៉ាណេ៕