(ឡុងដ៍)៖ គ្រាន់តែដឹងពីថា អង់គ្លេសត្រូវចាកចេញពីអឺរ៉ុបឲ្យខាងតែបាននោះ តម្លៃលុយផោន ក៏បានធ្លាក់ចុះក្នុងកម្រិតទាប ដែលមិនធ្លាប់មានចាប់តាំងពីឆ្នាំ ១៩៨៥ មកដែរ ហើយការធ្លាក់ចុះនេះមានកម្រិតរហូតទៅដល់ ៧ភាគរយឯណោះ (១,៤៥ ដុល្លារធ្លាក់មកនៅ១,៣៦ដុល្លារ)។ នេះបើតាមការចេញ ផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន BBC នារសៀលថ្ងៃសុក្រ ទី២៤ ខែមិថុនា ឆ្នាំ២០១៦។
វាបានបង្ហាញថា សេដ្ឋកិច្ចចក្រភពនេះ អាចនឹងជួបប្រទះបញ្ហារកាំរកុះខ្លះ នៅអំឡុងពេលរៀបចំដំណើរការចាកចេញជាផ្លូវការពីសមាជិកភាពនៃ សហភាពអឺរ៉ុប ដែលខ្លួនបានចូលរួមចាប់តាំងពី ថ្ងៃទី០១ ខែមករា ឆ្នាំ១៩៥៨ ហើយក៏ជារឿងដំបូងក្នុងប្រវត្តិសាស្ត្រអឺរ៉ុបផងដែរ ដែលមានសមាជិកចាកចេញ។
គួរបញ្ជាក់ថា ការចាកចេញរបស់ចក្រភពអង់គ្លេសនេះ បានកើតឡើងនៅអំឡុងពេលដែលសហភាពអឺរ៉ុប កំពុងគ្របដណ្តប់ដោយបញ្ហាសេដ្ឋកិច្ច វិបត្តិជនភៀសខ្លួន និង ការគំរាមកំហែងដោយអំពើភេរវកម្មជាដើម។ ប៉ុន្មានឆ្នាំចុងក្រោយ នេះប្រទេសជាច្រើននៅអឺរ៉ុប បានទទួលរងផលប៉ះពាល់ខ្លាំង រួចមកហើយដោយសារ វិបត្តិខាងលើនេះ ព្រោះច្បាប់និង សន្និសញ្ញានានា បានចងរឹតប្រទេសសមាជិកទាំងអស់ មិនឲ្យគេចចេញពីកតព្វកិច្ចដែលខ្លួន ត្រូវអនុវត្តន៍នោះឡើយ៕