(ភ្នំពេញ)៖ លោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ប្រធានក្រុមការងារចុះជួយខណ្ឌទួលគោក បានអញ្ជើញជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាល និងពិសារភោជនីអាហារសាមគ្គី ដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជម្នះ (៧-មករា-ឆ្នាំ១៩៧៩-៧-មករា-ឆ្នាំ២០២៣)។
ក្នុងពិធីនេះ មានការចូលរួមពីអនុប្រធាន ជាសមាជិក សមាជិកាក្រុមការងារចុះខណ្ឌទួលគោក, ក្រុមការងារចុះជួយសង្កាត់ទាំង១០, លោក ម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌ និងសមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ, លោក ជា ពិសី អភិបាលខណ្ឌ, លោក-លោកស្រី អភិបាលរងខណ្ឌ, លោកអធិការនគរបាលខណ្ឌ, លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ, លោកនាយក-នាយករងរដ្ឋបាលខណ្ឌ-លោក-លោកស្រី ប្រធាន-អនុប្រធានការិយាល័យ-អង្គភាពទាំង១១, មន្ត្រីកងកម្លាំង, លោក លោកស្រីចៅសង្កាត់, សមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់, លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល, ស្មៀន, និងមន្ត្រីសង្កាត់ទាំង១០ ដែលបានរៀបចំប្រព្រឹត្តឡើង នៅសាលាខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣។
លោក ជា ពិសី បានលើកឡើងថា ជំនួសមុខឲ្យក្រុមប្រឹក្សាខណ្ឌ ថ្នាក់ដឹកនាំរដ្ឋបាលខណ្ឌ-សង្កាត់ និងមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ សកម្មជនបក្សខណ្ឌ, ចលនានារីខណ្ឌ, និងចលនាយុវជនខណ្ឌទាំងអស់ ពិតជាមានក្ដីសោមនស្សជាទីបំផុត ដោយបានរៀបចំពិធីពិសារភោជនីអាហារ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជម្នះ (៧-មករា-ឆ្នាំ១៩៧៩-៧-មករា-ឆ្នាំ២០២៣) ដ៏មហាឡាឫក ដែលជាទិវាបុណ្យរបស់ប្រជាជនកម្ពុជា បានរួចផុតពីរបបប្រល័យពូជសាសន៍ បន្ទាប់ពីលោកអភិបាលខណ្ឌទួលគោករូបនេះ សម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងគារវភក្ដីភាពដ៏ស្មោះស្ម័គ្រចំពោះវត្តមានរបស់លោកកត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌទួលគោក ដែលបានចំណាយពេលដ៏មានតម្លៃអញ្ជើញជាអធិបតីភាពក្នុងពិធីដ៏មានអត្ថន័យនេះ។
លោក ជា ពិសី បានលើកឡើងទៀតថា ជំនួនមុខឲ្យរដ្ឋបាលខណ្ឌ សូមអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្ដីថ្លែងការណ៍នយោបាយរបស់សម្ដេចតេជោតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានវាយតម្លៃគ្រប់ជ្រុងជ្រោយអំពីអត្ថន័យ ជាប្រវត្តិសាស្ត្រនៃ «មហាជ័យជម្នះ ៧មករា រហូតដល់បច្ចុប្បន្ន។ ថ្ងៃ៧មករា ១៩៧៩ ជាមាតាទី២នៃប្រជាជាតិខ្មែរ។ ថ្ងៃ៧មករា គឺជាមូលដ្ឋានគ្រិះដំបូងបំផុតនៃវឌ្ឍនភាពរបស់សង្គមជាតិកម្ពុជា។ មានថ្ងៃ៧មករា ទើបមានអ្វីៗនៅថ្ងៃនេះ។
លោកអភិបាលខណ្ឌទួលគោកថា ក្នុងដំណាក់កាលចុងក្រោយនេះ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោនាយករដ្ឋមន្ត្រី ជាអគ្គមគ្គុទេសដ៏ឆ្នើម បានដឹនាំប្រទេសរក្សាបានសន្តិភាព ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដីពេញលេញ និងបានគ្រប់គ្រងជម្ងឺកូវីដ បានយ៉ាងល្អបំផុត ជាហេតុធ្វើឲ្យរក្សាបានអាយុជីវិត និងលំនឹងជីវភាពប្រជាជន រក្សាបានកំណើនសេដ្ឋកិច្ច រក្សាបានស្ថិរភាព សន្តិសុខ សុវត្ថិភាពសង្គមរឹងមាំ និងធ្វើឲ្យកិត្យានុភាពកម្ពុជាកាន់តែល្បីរន្ទឺពាសពេញសកលលោក ជាពិសេសថែមទៀត គឺភាពជោគជ័យ និងល្អឥតខ្ចោះនៃកិច្ចប្រជុំកំពូលអាស៊ាន ដែលទើបបញ្ចប់ថ្មី ដែលប្រទេសកម្ពុជា ជាប្រធាន ជាមួយការផ្ដើមចេញ និងស័ក្តសមបំផុត ដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានទទួលពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៉ី-ប៉ាស៉ីហ្វិក (KSI)។
លោក ជា ពិសី បានគូសបញ្ជាក់ថា មិនអាចអត់ឱនឱ្យបានឡើយ ចំពោះជនអគតិទាំងឡាយដែលរមិលគុណ ចំពោះថ្ងៃជ័យជម្នះ៧មករា ហើយតែងតែបានបំភ្លៃបំផ្លើស និងបំផ្លាញនូវសច្ចធម៌ នៃទិវាជ័យជម្នះ៧មករា និងសូមគាំទ្រយ៉ាងម៉ឺងម៉ាត់បំផុតចំពោះការកម្ចាត់ចោលនយោបាយជ្រុលនិយមរបស់ទណ្ឌិតក្បត់ជាតិ និងបក្សពួក ដែលនឹងនាំទៅដល់គ្រោះមហន្តរាយជាថ្មីទៀត សម្រាប់ប្រជាជាតិខ្មែរ និងមិនព្រមដាច់ខាតឲ្យស្នាមប្រវត្តិសាស្ត្រដ៏គ្រោះថ្នាក់របស់កម្ពុជា វិលមកជាន់ដានជាថ្មីម្ដងទៀតឡើយ។
ជំនួយមុខឲ្យប្រជាពលរដ្ឋ មន្រ្តីរាជការ និងកងកម្លាំងនៅខណ្ឌទួលគោក លោក ជា ពិសី បានផ្ដេជ្ញាចិត្តចំពោះថ្ងៃជ័យជម្នះ ៧មករាថា៖ ១-ប្ដេជ្ញា ការពារស្មារតី ៧មករា ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពារបុព្វការីថ្ងៃជ័យជម្នះ ៧មករា ជារៀងរហូត។ ២-ប្ដេជ្ញា ការពារសមិទ្ធផល ៧មករា ការពារឯករាជ អធិបតេយ្យភាពជាតិ ការពារសន្តិភាព ស្ថិរភាពឲ្យបានដាច់ខាត។ ៣-ប្ដេជ្ញា ចូលរួមយ៉ាងសកម្មស្មោះត្រង់ដោយស្មារតីមុតស្រួច ក្នុងការកែទម្រង់ស៉ីជម្រៅក្រោម អភិក្រមទាំង៥ «ងូតទឹក ដុះក្អែល ឆ្លុះកញ្ចក់ ព្យាបាល និងវះកាត់»។ ៤-ប្ដេជ្ញា គាំទ្រយ៉ាងពេញទំហឹងសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខជន នាយករដ្ឋមន្ត្រី និងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត៕