(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះ បានដឹកនាំមមន្ត្រីរាជការក្រោមឱវាទនាំដើមផ្កាសាគូរ៉ាជាច្រើនដើម ទៅដាំនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិបឹងឈូក សង្កាត់និរោធ ចាប់ពីគល់ស្ពានច្បារព្រះមុនីវង្សត្រើយខាងកើត (ស្ពានច្បារអំពៅ) រហូតដល់ព្រំប្រទល់ស្រុកកៀនស្វាយ ដើម្បីបង្កើតគម្រប់បៃតង បង្កើនសោភ័ណភាពឱ្យកាន់តែស្រស់ស្អាត នៅតាមដងផ្លូវជាតិលេខ១នេះ និងជួយលើកតម្កើងសម្រស់បៃតងលើដងផ្លូវឱ្យមានសម្រស់ស្រស់ស្អាតនៅក្នុងមូលដ្ឋាន។
ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋរស់នៅតាមដងផ្លូវនេះ ចូលរួមដាំដើមផ្កានេះ និងចេះថែទាំស្រលាញ់ដើមឈើទាំងអស់គ្នា។
លោកអភិបាលខណ្ឌ បានឱ្យដឹងទៀតថា ដើមផ្កាសាគូរ៉ា ជាប្រភេទដើមដែលមានផ្កាស្អាត និងជួយថែរក្សាបរិស្ថាននៅតំបន់នេះ ពិសេសឱ្យកាន់តែមានភាពបៃតងស្រស់ស្អាត នៅតាមដងផ្លូវ ជាច្រកចេញចូលអន្តរជាតិផងដែរ។ ជាពិសេសជួយកាត់បន្ថយការបម្រែបម្រួលអាកាសធាតុ នៅលើភពផែនដី ជួយកម្ចាត់ជាតិពុលក្នុងខ្យល់។
ទន្ទឹមនឹងនេះដែរ លោក ចេង មុនីរ៉ា បានបន្ថែមថា ដើមឈើក៏បានផ្តល់ជាម្លប់ និងជួយកម្ចាត់ឧស្ម័នកាបូនិច ដែលបំពុលក្នុងខ្យល់ និងបង្កើនឧស្ម័នអុកស៊ីសែនផងដែរ។ ដូច្នេះ ដើមឈើមានសារៈសំខាន់ខ្លាំងណាស់ មិនមែនតែជាម្លប់មួយមុខប៉ុណ្ណោះទេ ដូចនេះ កុំរកវិធីសម្លាប់ដើមឈើដើម្បីតែប្រយោជន៍ខ្លួនបន្តិចបន្តួចនោះ៕