(កំពង់ធំ)៖ ដោយទទួលបានអំណោយជាថ្នាំពេទ្យរបស់សប្បុរសជននានា តាមរយៈលោកអភិបាលស្រុកតាំងគោក រដ្ឋបាលស្រុក នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះ បានសហការជាមួយការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបារាយណ៍-សន្ទុក បន្តចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ ដោយមិនគិតថ្លៃសេវា ដើម្បីកាត់បន្ថយភាពក្រីក្រីរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
នៅក្នុងឱកាសនោះផងដែរ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានពាំនាំនូវការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លោកពំបានមកផ្ទាល់ដោយសារមានកិច្ច្ចការដែលត្រូវបំពេញទាំងក្នុង និងក្រៅប្រទេស លោកតែងតែជំរុញឱ្យមន្រ្តីថ្នាក់ក្រោមយកចិត្តទុក្ខដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋខ្លួន ស្របពេលដែលអាជ្ញាធរភូមិ ឃុំ ចុះជាប្រចាំក្នុងមូលដ្ឋានដើម្បីក្តាបបានរាល់តម្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយជូន និងរាយការណ៍បន្តទៅថ្នាក់លើជួយអន្តរាគមន៍ករណីខ្លួនមិនមានលទ្ធភាពដោះស្រាយជូន។
ក្នុងនោះផងដែរ លោកភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់សប្បុរសជនដែលបានផ្តល់ជាថ្នាំពេទ្យ ព្រមទាំងក្រុមគ្រូពេទ្យដែលបានលះបង់ពេលវេលា និងថវិការផ្ទាល់ដើម្បីចុះមកពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ លោកយាយ លោកតានៅពេលនេះ សកម្មភាពទាំងនេះជាការចូលរួមចំណែកជាមួយអាជ្ញារ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបាននឹងកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងជួយសម្រួលនូវបន្ទុកសេវាចំណាយរបស់ពួកគាត់បានមួយកម្រិត។
លោកក៏បានបន្តទៀតថា ការចុះពិនិត្យព្យាបាល នេះជាសកម្មភាពបន្ថែមទៅលើសេវារបស់ក្រុមគ្រូពេទ្យដែលធ្វើជារាងរាល់ថ្ងៃនៅតាមមណ្ឌលសុខភាព
លោក ហាក់ ម៉ុងហួត ក៏បានសំណូមពរឱ្យប្រជាពលរដ្ឋទៅរកសេវាសុខភាព នៅមណ្ឌលសុខភាពដែលក្បែរផ្ទះព្រោះវាអាចកាត់បន្ថយនូវការចំណាយលើសេវាឯកជន ម្យ៉ាងទៀតតាមមណ្ឌលសុខភាពមានសម្ភារៈគ្រប់គ្រាន់ មានថ្នាំល្អៗ និងក្រុមគ្រូពេទ្យមានវិជ្ជាជីវៈត្រឹមត្រូវ។
ជាចុងក្រោយលោកក៏បានផ្តាំផ្ញើរឱ្យប្រជាពលរដ្ឋ លោកយាយ លោកតា ត្រូវចេះថែរក្សាសុខភាព ពិសេសចេះអនាម័យខ្លួនប្រាណ ហូបទឹកស្អាត។
សូមបញ្ជាក់ថា ការពិនិត្យ និងព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ គឺធ្វើឡើងរយៈពេល១ព្រឹក គឺចាប់ពីម៉ោង ៧និង៣០នាទីព្រឹក រហូតដល់ម៉ោង ១១ព្រឹក ដោយក្រុមគ្រូពេទ្យជំនាញជំងឺទូទៅ។ ការពិនិត្យនិងព្យាបាលជំងឺប្រជាពលរដ្ឋ លោកយាយលោកតា បានចំនួន ៤៦២នាក់ ហើយសកម្មភាពនេះរដ្ឋបាលស្រុក និងក្រុមគ្រូពេទ្យនឹងបន្តធ្វើទៀត៕