(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសម្តែងការគាំទ្រឲ្យមាន សកម្មភាពអប់រំទាក់ទងនឹង ការប្រើប្រាស់គ្រឿងញៀន និងការជក់បារី កើតមាននៅតាមសាលាជាបន្តទៀត។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានលើកឡើងបែបនេះ ខណៈលោកបានចូលរួមជាអធិបតីបិទបញ្ចប់ការ តាំងពិព័រណ៍ការប្រកួតប្រជែង ស្នាដៃសិស្ស ស្តីពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងការជក់បារី ក្រោមប្រធានបទ « គិតពីអនាគតចៀសឲ្យផុតពីគ្រឿងញៀន និងបារី» នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦នេះ។
លោក នូ រ៉េត នាយកសាលានៅក្នុងឱកាសនោះ បានប្រាប់ឱ្យដឹងពី គោលបំណងនៃការប្រកួតប្រជែងនេះថា ដើម្បីឱ្យសិស្សានុសិស្ស យល់ដឹងពីផលប៉ះពាល់ និងគ្រោះថ្នាកនៃគ្រឿងញៀន និងបារី ពង្រឹងសាមគ្គីនិងការងារជាក្រុម ការប្រកួតចាប់ផ្តើមកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ ដែលមានចែកជា២៥ក្រុម មានផ្ទាំងគំនូរស្នាដៃចំនួន២៥ ។
កម្មវិធីនេះ រៀបចំឱ្យមានការស្មូតកំណាព្យបញ្ហាគ្រឿងញៀន ច្រៀងបទបញ្ហាគ្រឿងញៀន ។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានសម្តែងនូវការសប្បាយរីករាយ ចំពោះស្នាដៃទាំងអស់ដែលក្រុមសិស្សទាំងអស់ បានខិតខំសាមគ្គីគ្នា ប្រើគំនិតរួមគ្នា ដើម្បីបង្កើតជាផ្ទាំងគំនូរ មកធ្វើការប្រកួតប្រជែងក្នុងពេលនេះ តាមរយៈផ្ទាំងគំនូរទាំងអស់បានបង្ហាញ អោយឃើញថា យុវជនមានការយល់ដឹងខ្ពស់ពីបញ្ហាគ្រឿងញៀននិងបារី ដែលសុទ្ធតែបាន ធ្វើឲ្យខ្លួនឯងគ្រួសារនិងសង្គមជាតិ ជួបគ្រោះថ្នាក់ជាពិសេស ជាងនេះទៅទៀត បង្ហាញទឹកចិត្តចង់ជួយសង្គម និងសហគមន៍ឱ្យមានសុវត្ថិភាពជៀសផុតពីគ្រឿងញៀន ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានផ្តល់ជូននូវ បណ្ណ័សសើរនិងថវិកា ឧបត្ថម្ភរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមមាន៖
១.ថ្នាក់ដឹកនាំ និងបុគ្គលិកសាលា នូវប័ណ្ណសសើរ០១
២.ថ្នាក់ទទួលបានជ័យលាភីលេខ១ នូវប័ណ្ណសសើរ០១ ថវិកាឧបត្ថម្ភ៥០០.០០០រៀល
៣.ថ្នាក់ទទួលបានជ័យលាភីលេខ២ នូវប័ណ្ណសសើរ០១ ថវិកាឧបត្ថម្ភ៣០០.០០០រៀល
៤.ថ្នាក់ទទួលបានជ័យលាភីលេខ៣ នូវប័ណ្ណសសើរ០១ និងថវិកា២០០.០០០រៀល ៕