(ភ្នំពេញ)៖ សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះ បានរៀបចំមហាសន្និបាត និងបោះឆ្នោតជ្រើសរើសប្រធានសមាគម និងសមាសភាពក្រុមប្រឹក្សាសមាគម សម្រាប់អាណត្តិទី៣ ដើម្បីបន្តបេសកកម្ម ការពារកម្មសិទ្ធិបញ្ញា និងម៉ាកផលិតផល ដើម្បីការប្រកួតប្រជែងលើទីផ្សារក្នុងស្រុក និងក្រៅប្រទេស។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោក សន សោភ័ណ អនុរដ្ឋលេខាធិការ នៃក្រសួងយុត្តិធម៌, លោក យូ ប៊ុនឡេង អនុប្រធានតុលាការកំពូល និងជាទីប្រឹក្សាកិត្តិយសសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា, លោកស្រីមេធាវី សេង វួចហ៊ុន ប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិក និងអ្នកពាក់ព័ន្ធជាង៦០០នាក់។ មហាសន្និបាតនេះ មានគោលបំណងធ្វើការរាយការណ៍ជូនសមាជិក សមាជិកាសមាគម ឱ្យបានជ្រាបអំពីសមិទ្ធផលការងារ និងបញ្ហាប្រឈមនៃការអនុវត្តការងាររបស់សមាគម ជាពិសេសក្នុងអាណត្តិទី២ និងដើម្បីរៀបចំការបោះឆ្នោតជ្រើសរើសប្រធានសមាគម និងក្រុមប្រឹក្សាសមាគម ក្នុងអាណត្តិទី៣។

សម្រាប់ជយលាភី នៃការបោះឆ្នោតប្រកួតប្រជែងប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា អាណត្តិទី៣មីបានទៅលើលោក កង តារាវុធ មានសំឡេងឆ្នោតគាំទ្រចំនួន ១៤២សំឡេង។ ជាមួយគ្នានោះដែរ មហាសន្និបាតបានបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាចំនួន៧រូបរួមមាន៖ កញ្ញា កែវ ឡាំងចេង, លោក សត្យា ដាដូ, កញ្ញា ប៉ិច សីលា, អ្នកស្រី នង រតនា, អ្នកស្រី ទេព សុគន្ធវណ្ណារី, កញ្ញា ចន្ទ សេរីរដ្ឋា និងអ្នកស្រី សុង សុភ័ក្ត្រ។

នាឱកាសនោះដែរ លោកស្រីមេធាវី សេង វួចហ៊ុន បានថ្លែងថា សន្និបាតថ្ងៃនេះ ជាសន្និបាតលើកទី១ ហើយក៏ជាសន្តិបាតលើកចុងក្រោយ ក្នុងអាណត្តិទី២ របស់សមាគម ក្រោមការដឹកនាំរបស់លោកស្រី ចាប់តាំងពីខែសីហា ឆ្នាំ២០១៩មក។ ជាគោលការណ៍ សមាគមត្រូវរៀបចំសន្និបាតសាមញ្ញជារៀងរាល់ឆ្នាំ ក៏ប៉ុន្តែ ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ ទើបសមាគមខកខានមិនបានរៀបចំសន្និបាតនាពេល ២ឆ្នាំកន្លងមកនេះ។

លោកស្រីមេធាវី សេង វួចហ៊ុន បានឱ្យដឹងថា ដោយមើលឃើញនូវសារៈសំខាន់នៃការអនុវត្តកម្មសិទ្ធិបញ្ញានៅកម្ពុជា ទើបសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយក្រុមភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាក អ្នកអនុវត្តក្នុងវិស័យប្រកាសនីយប័ត្រ តកក្កកម្ម និងគំនូរឧស្សាហកម្ម មេធាវី និងសាស្រ្តាចារ្យ នៅក្នុងវិស័យកម្មសិទ្ធិបញ្ញាជាច្រើនរូប នៅក្នុងឆ្នាំ២០១៦ ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ក្រសួងពាណិជ្ជកម្ម។ សមាគមមានគោលដៅចូលរួមចំណែកលើកស្ទួយវឌ្ឍនភាពនៃវិស័យកម្មសិទ្ធិបញ្ញាកម្ពុជា ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធផ្សេងៗទៀត។ ដើម្បីសម្រេចបាននូវគោលដៅនេះ សមាគមបានធ្វើសកម្មភាពជាច្រើន និងបានធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័ន អង្គការជាតិ និងអន្តរជាតិផ្សេងៗ ដើម្បីចូលរួមចំណែកធ្វើការផ្សព្វផ្សាយអំពីវិស័យកម្មសិទ្ធិបញ្ញាកម្ពុជាឲ្យកាន់តែទូលំទូលាយបន្ថែមទៀត។

បន្ទាប់ពីត្រូវបានបង្កើតបានរយៈពេល ៦ឆ្នាំ សមាគមបានដំណើរការងាររបស់ខ្លួនដោយចាប់ផ្តើមពីការអភិវឌ្ឍស្ថាប័ន និងឈានជាបណ្តើរៗទៅចូលរួមចំណែកក្នុងការលើកកម្ពស់វឌ្ឍនភាពវិស័យកម្មសិទ្ធិបញ្ហានៅកម្ពុជា តាមរយៈការចូលរួមអប់រំផ្សព្វផ្សាយ ដល់ម្ចាស់ម៉ាក អ្នកបង្កើតថ្មី អ្នកអនុវត្តក្នុងវិស័យកម្មសិទ្ធិបញ្ញា ធុរជន មេធាវី និស្សិត និងសាធារណជន។ សមាគមតែងតែរៀបចំជាសិក្ខាសាលានានា ដើម្បីផ្សព្វផ្សាយពីប្រធានបទដែលពាក់ព័ន្ធនឹងវិស័យកម្មសិទ្ធិបញ្ញាកម្ពុជាផង និងពាក់ព័ន្ធនឹងសមត្ថកិច្ចជំនាញរបស់ដៃគូសហការដែលពាក់ព័ន្ធផង តាមរយៈការធ្វើសិក្ខាសាលានៅតាមគ្រឹះស្ថានឧត្តមសិក្សា ក្រសួង ស្ថាប័ន និងតាមប្រព័ន្ធ Online ជាដើម។

លោកស្រីមេធាវី បានបលើកឡើងថា លើសពីនេះទៅទៀត សមាគម IPAC បានចុះអនុស្សារណៈយោគយល់គ្នាជាមួយ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងបានចុះកិច្ចព្រមព្រៀងសហការជាមួយ រដ្ឋបាលខេត្តសៀមរាប។ សមាគមក៏បានរៀបចំត្រៀមចុះអនុសារណៈយោគយល់គ្នាជាមួយក្រសួង ស្ថាប័នផ្សេងទៀត តែកិច្ចការនេះ នាងខ្ញុំទុកជូនប្រធានសមាគមអាណត្តិក្រោយបន្តធ្វើកិច្ចការនេះ។

គិតមកត្រឹមពេលនេះ សមាគមមានសមាជិកសរុប ប្រមាណ៣៩០នាក់ និងអ្នកដែលបានបង់ប្រាក់កំរ៉ៃ សមាជិកភាព និងមានសិទ្ធិបោះឆ្នោតក្នុងថ្ងៃនេះមាន ៣១២នាក់។ នេះជាចំនួនដ៏ច្រើនដែលបញ្ជាក់ថា សមាជិក សមាជិកាសមាគម បានផ្តល់សារៈសំខាន់ដល់វិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា។

លោក អ៊ុក ប្រជា បានថ្លែងថា តាងនាមឱ្យ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការ ជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានសម្ដែងនូវការកោតសរសើរ ចំពោះនាយកដ្ឋានកម្មសិទ្ធិបញ្ញា ដែលបានជួយសម្របសម្រួល និងជ្រោមជ្រែងបង្កើតជាសមាគមនេះទ្បើង និងបានដំណើរការបេសកកម្មរបស់ខ្លួនក្នុងការជួយលើកកម្ពស់ និងអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញារបស់កម្ពុជា និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍ ការពង្រឹងការអនុវត្តច្បាប់ និងបទដ្ឋានគតិយុត្តិ នានាដែលពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា តាមរយៈការបណ្តុះបណ្តាល ការផ្សព្វផ្សាយច្បាប់ និងការអនុវត្ត កម្មសិទ្ធិបញ្ញា ដល់ពាណិជ្ជករ សហគ្រាសនានា រួមទាំងសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា ចាប់តាំងពីឆ្នាំ២០១៦ រហូតមកទល់នឹងបច្ចុប្បន្ន។

លោក អ៊ុក ប្រជា បានគូសបញ្ជាក់ថា ការអភិវឌ្ឍ កម្មសិទ្ធិបញ្ញា គឺជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអភិក្រមសេដ្ឋកិច្ចទីផ្សារ ហើយមានតួនាទីជាគន្លឹះក្នុងការជំរុញកំណើន និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិផងដែរ។ ក្នុងនាមក្រសួងពាណិជ្ជកម្ម ជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដែលមាននាយកដ្ឋានកម្មសិទ្ធិបញ្ញាជាសេនាធិការបានខិតខំរៀបចំច្បាប់ លិខិតបទដ្ឋានគតិយុត្ត ផែនការសកម្មភាពការងារកម្មសិទ្ធិបញ្ញា សម្រាប់រយៈពេល៣ឆ្នាំ សេចក្តីព្រាងគោលនយោបាយជាតិកម្មសិទ្ធិបញ្ញា ២០២២-២០២៧ ការពង្រឹងស្ថាប័នកម្មសិទ្ធិបញ្ញា ក្នុងការគ្រប់គ្រងច្បាប់ និងប្រព័ន្ធកម្មសិទ្ធិបញ្ញាឱ្យមានប្រសិទ្ធភាព និងមានតុល្យភាព ការកសាងហេដ្ឋារចនាសម្ព័នរូបវន្ត ដើម្បីលើកកម្ពស់ការការពារកម្មសិទ្ធិបញ្ញា ការអភិវឌ្ឍសមត្ថភាព របស់ស្ថាប័ន សាធារណៈ និងវិស័យឯកជន ក្នុងការស្រាវជ្រាវ អភិវឌ្ឍ និងពង្រឹងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា ការពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងជាមួយស្ថាប័នពាក់ព័ន្ធនានា៕