(កណ្ដាល)៖ ថ្នាក់បឋម និងវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល បានបើកបវេសនកាលហើយសម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ព្រមទាំងអបអរសាទរពិធីបុណ្យខួបលើកទី៤៤ នៃទិវាជ័យជំនះ ៧មករា (០៧ មករា ១៩៧៩-០៧ មករា ២០២៣)។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក រស់ វណ្ណា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះស្រុកអង្គស្នួល ព្រមទាំងសម្ដេចព្រះមង្គលទេពាចារ្យ វង្ស អានេតា សម្ដេចព្រះនាយករង នៃគណៈធម្មយុត្តិកនិកាយ ព្រះមេគណគណៈធម្មយុត្តិនិកាយខេត្តកណ្ដាល និងជាព្រះនាយកក្តាប់រួម សាលាបឋមសិក្សា និងវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី។
ក្នុងឱកាសនោះ លោក រស់ វណ្ណា បានជមរុញដល់សិស្សានុសិស្សទាំងអស់ ត្រូវដាក់ចិត្តរៀនសូត្រឲ្យពិតប្រាកដ ហើយធ្វើខ្លួនឲ្យក្លាយជាសិស្សល្អ មិត្តល្អ កូនល្អ និងជាពលរដ្ឋល្អ សក្ដិសមជាទំពាំងល្អស្នងការដឹកនាំប្រទេសជាតិតទៅមុខ។ ពិតណាស់ប្រទេសជាតិយើង ត្រូវការអ្នកមានចំណេះដឹង អ្នកមានសមត្ថភាព ដូច្នេះកូនៗត្រូវខិតខំរៀនឡើង កុំគិតតែលេងហ្គេមហួសកម្រិត កុំសេពគ្រឿងស្រវឹង កុំជក់បារី ពិសេសកុំចង់សាកគ្រឿងញៀន ព្រោះទាំងនេះជាធ្នាក់ទាញកូនៗឲ្យធ្លាក់ក្នុងភាពអវចី ខូចអនាគតអស់។
សម្ដេចព្រះមង្គលទេពាចារ្យ វង្ស អានេតា មានដីកាថា សាលាបឋមសិក្សា និងវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី បាននិងកំពុងចូលរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្សបានទទួលជោគជ័យជាច្រើន ជាមួយរាជរដ្ឋាភិបាល។ បច្ចុប្បន្នដើម្បីបង្កើនគុណភាព និងសមត្ថភាពចំណេះដឹង ដល់សិស្សានុសិស្សសម្រាប់ប្រកួតប្រជែងជាមួយបណ្ដាប្រទេសក្នុងតំបន់ សាលាមានបង្រៀនចំណេះដឹងទូទៅជាភាសាខ្មែរ ភាសាអង់គ្លេសពេញម៉ោងសម្រាប់កុមារ និងក្រៅម៉ោងសម្រាប់សិស្សពេញវ័យ ភាសាចិន ថ្នាក់កុំព្យូទ័រ របាំ ភ្លេង និងជំនាញវិជ្ជាជីវៈផ្សេងៗទៀត។
កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញមកសំណេះសំណាលជាមួយគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលាឯកជនចំណេះដឹងទូទៅសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅពេលនោះសម្ដេចតេជោ បានអនុញ្ញាតផ្ដល់ជូនសាលាឯកជនចំណេះដឹងទូទៅសម្ដេចព្រះមហាសង្ឃរាជ្យបួរ គ្រី ធ្វើសមាហរណកម្មទៅជាគ្រឹះស្ថានសិក្សាសាធារណៈរបស់រដ្ឋ ដោយប្រសិទ្ធនាមថា សាលាបឋមសិក្សា សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី និងវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី។
ក្នុងនោះ សម្ដេចព្រះមង្គលទេពាចារ្យសម្ដេចព្រះសង្ឃនាយករង នៃគណៈធមយុទ្ធកនិកាយ នៃកម្ពុជា ព្រះមេគុណគណៈធម្មយុទ្ធកនិកាយខេត្តកណ្ដាល និងជាព្រះនាយកក្ដាប់រួម ព្រមទាំងបានផ្ដល់ក្របខណ្ឌរដ្ឋ ដល់បុគ្គលិកទាំងអស់ព្រមទាំងជួយឧបត្ថម្ភកសាង វត្តព្រះឥន្ទសាមគ្គីធម៌ និងសាលាបឋមសិក្សា និងវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជបួរ គ្រី សម្រាប់ជាប្រយោជន៍ដល់ព្រះពុទ្ធសាសនា និងប្រជាពលរដ្ឋខ្មែរ៕