(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលគណបក្ស ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានណែនាំដល់ក្រុមការងារគណបក្សចូលមូលដ្ឋាន ត្រូវបន្តអនុវត្តផែនការសកម្មភាពឱ្យមាន ប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
ការណែនាំបែបនេះ របស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារកសាងគណបក្សដែលបានអនុវត្តក្នុងដំណាក់កាលទី១ ផែនការសកម្មភាពការងារ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះ នាខេត្តបន្ទាយមានជ័យ។
ក្រោមពីស្តាប់របាយការណ៍ការងាររួចមក ក្នុងឱកាសនោះឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានពាំនាំនូវការផ្តាំសួរសុខទុក្ខពីថ្នាក់ដឹកនាំកំពូលរបស់គណបក្សពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងកោតសសើរដល់ក្រុមការងារទាំងអស់ដែលខិតខំសម្រេចបានលទ្ធផលការងារក្នុងផែនការសកម្មភាពដំណាក់កាលទី១ ទទួលបានលទ្ធផលល្អគួរជាទីមោទនភាព។
ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានស្នើសុំដល់គ្រប់ក្រុមការងារទាំងអស់ត្រូវបន្តនូវផែនការសកម្មភាពគោលនយោបាយបក្សនិងរដ្ឋដោះស្រាយរាល់សំណើ សំណូមពរ ជូនប្រជាពលរដ្ឋ ឱ្យទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត ក្នុងគោលដៅឆ្ពោះទៅដណ្តើមប្រៀបឈ្នះជូនគណបក្សក៏ដូចជាប្រជាជនទាំងមូល ដើម្បីបន្តរក្សាបាននូវសុខសន្តិភាព សណ្តាប់ធ្នាប់ ប្រយុទ្ធប្រឆាំងគ្រឿងញៀន អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងបន្តការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដើម្បីអនាគតកូនចៅយើង។
ក្នុងថ្ងៃដដែលនោះដែរ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ បានបន្តការចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺនូវមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី និងបានថ្លែងការកោតសសើរដល់គណៈគ្រប់គ្រងមន្ទីរពេទ្យ ក្រុមវេជ្ជបណ្ឌិត ពេទ្យ ដែលបានរួមសហការផ្តល់សេវាព្យាបាលបានប្រសិទ្ធភាពខ្ពស់ជូនប្រជាពលរដ្ឋ។
ដោយក្តីអាណិតស្រឡាញ់ បនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ បាននាំអំណោយមួយចំនួនចែកជូនរួមមាន៖ អ្នកជំងឺសម្រាកនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ចំនួន២០០នាក់ ក្នុងម្នាក់ៗ ទទួលបានស្ករស ទឹកដោះគោ ទឹកក្រូច ត្រីខ មី នំប្រអប់ ថវិកា ១ម៉ឺនរៀល សារ៉ុង១ ផងដែរ និងក្រុមគ្រូពេទ្យ ចំនួន២៥២នាក់ ក្នុងម្នាក់ៗ ទទួលបាន សារ៉ុង១ ថវិកា១ម៉ឺនរៀលផងដែរ៕