(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២នេះ បានផ្ញើសាររំលែកទុក្ខជូន លោកស្រី ទិត មាលា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព លោក ញាណ ឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាស្វាមី។

សម្ដេចវិបុលសេនាភក្តី សាយ ឈុំ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំ និងភរិយា មានសេចក្តីក្រៀមក្រំជាខ្លាំងដោយបានទទួលដំណឹងថា ឯកឧត្តម ញាណ ឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវជាស្វាមីរបស់ លោកជំទាវ បានទទួលមរណភាពនៅ ថ្ងៃអាទិត្យ ២រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ វេលា ម៉ោង ១៩:៣៣នាទី ក្នុងជន្មាយុ៧២ឆ្នាំ ដោយរោគាពាធ»

សម្ដេចវិបុលសេនាភក្តី សាយ ឈុំ បានបន្ដថា «ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខជាមួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារចំពោះការបាត់បង់ នូវស្វាមី ឳពុក ជីតា ជីតាទួតជាទីគោរពស្រលាញ់ពោរពេញទៅដោយ ព្រហ្មវិហារធម៌ដ៏ល្អប្រពៃ និងជាការ បាត់បង់នូវឥស្សរជនមួយរូប ដែលបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ពុះពារមិនខ្លាចនឿយហត់ ក្នុងការ ចូលរួមចំណែកក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន។ ទោះបីរូបកាយរបស់ ឯកឧត្តម ញាណ ឡេង បានបាត់បង់ទៅមែនពិត ប៉ុន្តែអំពើជាកុសល កិត្តិយសសេចក្តីថ្លៃថ្នូរនឹងនៅស្ថិតស្ថេរ ក្នុងសន្តានចិត្ត លោកជំទាវជាភរិយា កូនៗចៅៗ និងញាតិមិត្តជិតឆ្ងាយទាំងអស់ ជានិច្ចនិរន្តរ៍»

ជាថ្មីម្ដងទៀត សម្ដេចវិបុលសេនាភក្តី សាយ ឈុំ សូមវត្ថុស័ក្ដិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សា ដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ញាណ ឡេង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕