(ភ្នំពេញ)៖ លោក យ៉ាត សាន អាយុ៦៥ឆ្នាំ និងប្រពន្ធឈ្មោះ តុប ចាន់ថុល អាយុ៦៤ឆ្នាំ រស់នៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹកស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានសម្រេចដាក់ពាក្យប្តឹង លោក ប្រាក់ សុគន្ធសំណាង ប្រធានការិយាល័យភូមិបាលខណ្ឌដង្កោ និងមនុស្សពីរនាក់ប្តីប្រពន្ធទៀត ដោយចោទប្រកាន់ថា បានឃុបឃិតគ្នាធ្វើប្លង់កម្មសិទ្ធិលក់ដីរបស់គាត់ ដោយទាមទារសំណងចំនួន ១ ៦០០ ០០០ដុល្លារ។

យោងតាមពាក្យបណ្តឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន, លោក យ៉ាត សាន អាយុ៦៥ឆ្នាំ និងប្រពន្ធឈ្មោះ តុប ចាន់ថុល អាយុ៦៤ឆ្នាំ រស់នៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹកស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលអះអាងថាជាម្ចាស់ដី បានឱ្យដឹងថា «នៅក្នុងអំឡុងឆ្នាំ១៩៩០ រដ្ឋបានធ្វើការបែងចែកដីមកឲ្យគ្រួសាររបស់គាត់ ដែលមាន សមាជិកគ្រួសារចំនួន០៧នាក់ ដើម្បីធ្វើស្រែក្នុងទំហំ ៤១,៣៩អា ដែលមានទីតាំងស្ថិតនៅភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងមានបង្កាន់ដៃទទួលពាក្យលេខ ១៨៥៤៣ ភព ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ១៩៩០។

គ្រួសារខាងលើបានរៀបរាប់ថា ក្រោយមកក្នុងអំឡុងឆ្នាំ ២០១២-២០១៣ តំបន់នេះត្រូវបានក្រុមមន្ត្រីសុរិយោដីធ្វើប័ណ្ណជូនប្រជាពលរដ្ឋ ប៉ុន្តែដីនេះត្រូវបានមន្ត្រីសុរិយោដីចុះបញ្ជីជូនគ្រួសារគាត់តែចំនួន ២៤៩៥ ម៉ែត្រការ៉េប៉ុណ្ណោះ ចំណែកដីទំហំ ១៦៤៤ ម៉ែត្រការ៉េទៀត មិនទាន់បានចុះបញ្ជី ប៉ុន្តែពួកគាត់នៅតែបន្តកាន់កាប់ធ្វើស្រែរហូតមកសព្វថ្ងៃ។ លុះដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ពួកគាត់បានលក់ដីទំហំ ២៤៩៥ ម៉ែត្រការ៉េដែលមានទីតាំង ស្ថិតនៅភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ១២០៥១៥០៤-០០០២ ឲ្យទៅឈ្មោះ ម៉ិច សុខមេត្រី និងប្រពន្ធឈ្មោះ ឆាយ សុភា។ បន្ទាប់មកឈ្មោះ ម៉ិច សុខមេត្រី និងប្រពន្ធឈ្មោះ ឆាយ សុភា បានលក់ដីដែលមានទំហំ និងទីតាំងដូចខាងលើទៅឲ្យឈ្មោះ រ៉ង រ៉ា នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦។

ប្រភពបានបន្តថា៖ ក្រោយមកឈ្មោះ រ៉ង រាំ បានលក់ដីនោះបន្តទៅឲ្យឈ្មោះ ភឿង សុវណ្ណ និងប្រពន្ធឈ្មោះ កុក ថ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦។ ឈ្មោះ ភឿង សុវណ្ណ និងប្រពន្ធឈ្មោះ កុក ថៃ បានលក់ដី ដែលមានទំហំ និងទីតាំងដដែលនោះឲ្យទៅឈ្មោះ «ជួន សុវណ្ណ អាយុ៣៦ឆ្នាំ» និងប្រពន្ធឈ្មោះ ធី សុគន្ធា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ។ ផ្ទុយមកវិញនៅពេលដែលឈ្មោះ ជួន សុវណ្ណ និងប្រពន្ធ បានក្លាយជាម្ចាស់សិទ្ធិករ នៃដីដែលមានទំហំ ២៤៩៥ ម៉ែត្រការ៉េនោះ ឈ្មោះ ជួន សុវណ្ណ និងប្រពន្ធបានឃុបឃិតជាមួយប្រធានការិយាល័យភូមិបាលខណ្ឌដង្កោ រាជធានីភ្នំពេញ ឈ្មោះ ប្រាក់ សុគន្ធសំណាង ដើម្បីធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុថ្មី ដោយរំលោភបំពានលើដី ដែលពួកគាត់កំពុងកាន់កាប់ជាក់ស្តែង ហើយមិនទាន់បានធ្វើវិញ្ញាបនប័ត្រសម្គាល់អចលនវត្ថុនៅឡើយទេ។ បន្ទាប់មកឈ្មោះខាងលើនេះ មិនត្រឹមតែលួចធ្វើវិញ្ញាបនបត្រសម្គាល់ អចលនវត្ថុបំពានយកដីរបស់ពួកគាត់ប៉ុណ្ណោះទេ អ្នកទាំងពីរថែមទាំងបានលក់ដីដែលមានប័ណ្ណកម្មសិទ្ធិដែលបានមកពីការឃុបឃិតជាមួយឈ្មោះ ប្រាក់ សុគន្ធសំណាង ជាប្រធានការិយាល័យ ភូមិបាលនោះ លក់ទៅឲ្យឈ្មោះ ខូវ ម៉ាត់ធៀវ និងប្រពន្ធឈ្មោះ លឹម សុខណៃ ថែមទៀតផង។

ទោះជាយ៉ាងណា ករណីបណ្តាញព័ត៌មាន Fresh News មិនអាចទាក់ទងសុំការបំភ្លឺពី ប្រធានការិយាល័យភូមិបាលខណ្ឌដង្កោ និងបក្ខពួកបាននៅឡើយទេ៕

ខាងក្រោមនេះជាពាក្យបណ្តឹង លោក យ៉ាត សាន និងប្រពន្ធឈ្មោះ តុប ចាន់ថុល៖