(តាកែវ)៖ បុរសជាខ្មាន់កំភ្លើងម្នាក់បានដកកំភ្លើងខ្លីបាញ់ប្រហារបីគ្រាប់ទៅលើសន្តិសុខ ដែលយាមនៅហាងខារ៉ាអូខេវីអាយភីម្នាក់ បណ្ដាលឲ្យរងរបួសជើង នៅម៉ោង ២យប់រំលងអាធ្រាត្រថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចមុខហាងខារ៉ាអូខេវីអាយភី ដែលស្ថិតក្នុងភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ។
ឧត្តមសេនីយ៍ត្រី សួន ផុន ស្នងការរងទទួលបន្ទុកកណ្ដាលយុត្តិធម៌ នៃស្នងការដ្ឋានខេត្តតាកែវបានថ្លែងប្រាប់ Fresh News នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦នេះថា ជនសង្ស័យ ដែលបាញ់ប្រហារទៅលើសន្តិសុខវីអាយភី មានឈ្មោះ ហ៊ី បូរ៉ា អាយុ ២៨ឆ្នាំ មានទីលំនៅនៅម្ដុំសន្ធមុខ រាជធានីភ្នំពេញ និងមានមុខរបបមិនច្បាស់លាស់។ ដោយឡែកបុរសជាសន្តិសុខដែលរងគ្រោះមានឈ្មោះ រ៉ូយ បារាំង អាយុ ២៣ឆ្នាំ មានទីលំនៅក្នុងភូមិត្រពាំងសាលា សង្កាត់រការក្រៅ ក្រុងដូនកែវ។
បើតាមលោកស្នងការរងនៅមុនពេលកើតហេតុជនសង្ស័យ បានជិះម៉ូតូមកកាន់ខារាអូខេវីអាយភី ហើយបានប្រើសន្តិខុសឲ្យទៅហៅស្រីស្នេហ៍របស់ខ្លួន ដែលធ្វើការនៅខារាអូខេនេះ ក៏ប៉ុន្តែសន្តិសុខបានឆ្លើយថា ដល់ម៉ោងដេកហើយហៅមិនបានទេ ពេលនោះជនសង្ស័យខឹងក៏ដើចូលទៅមុខហាងដកកាំភ្លើងខ្លីK៥៤ បាញ់សំដៅទៅលើសន្តិសុខចំនួន ៣គ្រាប់ តែផ្ទុះតែពីគ្រាប់បណ្ដាលឲ្យត្រូវចំជង្គង់ជនរងគ្រោះមួយគ្រាប់បៀមគ្រាប់នៅនិងជង្គង់តែម្ដង។
ក្រោយបាញ់ប្រហារជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល។ បច្ចុប្បន្នជនរងគ្រោះកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ៕