Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានស្តីទីព្រឹទ្ធសភា ផ្ញើសាររំលែកទុក្ខជូនចំពោះលោកជំទាវ ទិត មាលា ចំពោះមរណភាពឯកឧត្តម ញាណ ឡេង

09-01-2023 16:29

(ភ្នំពេញ)៖ លោកកិត្តិនីតិកោសលបណ្ឌិត ស៉ឹម កា ប្រធានស្តីទីនៃព្រឹទ្ធសភា នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះ បានផ្ញើសារលិខិតរំលែកមរណទុក្ខជូនចំពោះលោកជំទាវ ទិត មាលា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឯកឧត្តម ញាណ ឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលទទួលមរណភាពនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ ក្នុងជន្មាយុ៧២ឆ្នាំ ដោយរោគាពាធ។

តាមរយៈសារលិខិតរំលែកទុក្ខ លោកកិត្តិនីតិកោសលបណ្ឌិត ស៉ឹម កា បានថ្លែងយ៉ាងដូច្នេះថា៖ «ក្នុងនាមសមាជិក សមាជិកាព្រឹទ្ធសភា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីក្រៀមក្រំជាទីបំផុតចំពោះមរណភាព ឯកឧត្តម ញាណ ឡេង រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលត្រូវជាស្វាមីរបស់លោកជំទាវ នៅថ្ងៃអាទិត្យ ២រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១៩:៣៣នាទី ក្នុងជន្មាយុ៧២ឆ្នាំ ដោយរោគាពាធ។

ក្នុងវេលាប្រកបដោយទុក្ខសោកនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខ និងស្រណោះអាឡោះអាល័យ ជាមួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ព្រោះថាការបាត់បង់ឯកឧត្តម ញាណ ឡេង គឺជាការបាត់បង់នូវស្វាមី ឪពុក ជីតា ជីតាទួតប្រកបដោយសង្គហធម៌ ព្រហ្មវិហារធម៌ដ៏ល្អប្រពៃ និងជាការបាត់បង់ឥស្សរជនមួយរូប ដែលបានចូលរួមចំណែក និងមានស្នាដៃក្នុងការស្តារ កសាង និងអភិវឌ្ឍសង្គមជាតិនាពេលកន្លងមក។ ទោះបីរូបកាយរបស់ឯកឧត្តម ញាណ ឡេង បានបាត់បង់ទៅមែនពិត ប៉ុន្តែ អំពើជាកុសល កិត្តិយស សេចក្ដីថ្លៃថ្នូរនឹងនៅស្ថិតស្ថេរក្នុងសន្តានចិត្តលោកជំទាវជាភរិយា កូនៗចៅៗ និងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍។

ខ្ញុំសូមឧទ្ទិសបួងសួងដល់វត្ថុស័ក្កិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃតាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ញាណ ឡេង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សូម លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលនូវមនោសញ្ចេតនាចែករំលែកទុក្ខដោយក្តីក្រៀមក្រំ ពីយើងខ្ញុំទាំងអស់គ្នា»៕