(ភ្នំពេញ)៖ លោកទន្តបណ្ឌិត អឿន បូរារ័ត្នន៍ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា ទន្តបណ្ឌិត និងទន្តពេទ្យត្រូវតែគោរពស្រឡាញ់ និងយកចិត្តទុក ដាក់ចំពោះអ្នកជំងឺគ្រប់ប្រភេទ គឺកុំរើសអើងថា អ្នកមាន ឬអ្នកក្រ ហើយត្រូវគិតថា ការឈឺចាប់របស់អ្នកជំងឺ គឺជាការឈឺចាប់របស់យើងផងដែរ។

ការថ្លែងរបស់លោកទន្តបណ្ឌិត អឿន បូរារ័ត្នន៍ ក្នុងឱកាសអញ្ជើញបើកសន្និសីទ និងការតាំងពិព័រណ៍ទន្តសាស្ត្រលើកទី២១ នៃសមាគមទន្តពេទ្យកម្ពុជា ឆ្នាំ២០២៣ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា ភ្នំពេញ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះ ក្រោមប្រធានបទ «ការអភិវឌ្ឍនវិស័យទន្ដសាស្ដ្រក្នុងបដិបទកូវីដ១៩» ដែលរៀបចំឡើងដោយសមាគមទន្តពេទ្យកម្ពុជា «CDA, Cambodian Dental Association» និងសហព័ន្ធទន្តពេទ្យពិភពលោក «FDI» ក្រោមការរួមចំណែកឧបត្ថម្ភពីបណ្តាក្រុមហ៊ុន និងសមាជិក សមាជិកា ដែលបានចូលរួម។

លោកទន្តបណ្ឌិត អឿន បូរារ័ត្នន៍ បា​នថ្លែងថា «តាមក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល ទន្តបណ្ឌិតនិងទន្តពេទ្យ ត្រូវតែគោរពស្រឡាញ់ និងយកចិត្តទុក ដាក់ចំពោះអ្នកជំងឺគ្រប់ប្រភេទគឺ កុំរើសអើងថា អ្នកមាន ឬអ្នកក្រ ហើយត្រូវគិតថា ការឈឺចាប់របស់អ្នកជំងឺគឺជាការឈឺចាប់របស់យើងផងដែរ ដើម្បីលើកស្ទួយសុខុមាលភាព គុណភាពនៃជីវិតរបស់ប្រជាជនយើង និងបណ្ដុះស្មារតីស្នេហាជាតិ និងឯកភាពជាតិខ្មែរឲ្យរឹងមាំខ្លាំងក្លាឡើង»

សុខភាពមាត់ធ្មេញ គឺជាចំណែកមួយដ៏មានសារៈសំខាន់ នៃសុខភាពទូទៅរបស់មនុស្សគ្រប់រូប។ សុខភាពមាត់ធ្មេញល្អ បង្កើនសេដ្ឋកិច្ចគ្រួសារ និងសង្គម បានលូតលាស់ល្អប្រសើរ ហើយអាចចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។ ផ្ទុយទៅវិញ បើសុខភាពមាត់ធ្មេញមិនល្អ នាំឲ្យខាតបង់ពេលវេលា ប្រាក់កាសទ្រព្យធន និងផលប្រយោជន៍ច្រើនទៀត រាប់មិនអស់។

ក្នុងន័យនេះ ដើម្បីធានានូវភាពថ្លៃថ្នូរក្នុងវិជ្ជាជីវៈ និងដើម្បីធានានូវគុណភាពសុវត្ថិភាពនៃសេវាសុខភាពមាត់ធ្មេញ ក្រសួងបានរៀបចំច្បាប់ស្ដីអំពីការគ្រប់គ្រងវិជ្ជាជីវៈវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រឯកជន ដែលរដ្ឋសភាបានអនុម័តរួចហើយ។ ទន្ទឹមនឹងនេះដែរ ក្រសួងក៏បានបង្កើតនូវគណៈទន្តពេទ្យ ដើម្បីគ្រប់គ្រង និងលុបបំបាត់នូវភាពអនាធិបតេយ្យក្នុងវិស័យសុខាភិបាល។

ជាការពិត ដើម្បីបង្កើនគុណភាព និងសមត្ថភាពគឺចាំបាច់ណាស់ដែលទន្តបណ្ឌិត ទន្តពេទ្យយើងទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងសិក្សាជាបន្តបន្ទាប់នូវបច្ចេកវិទ្យាថ្មីៗពីបណ្តារៀមច្បងយើង ដែលមានបទពិសោធន៍ច្រើន ព្រមទាំងសហការជាមួយទន្តបណ្ឌិតអន្តរជាតិ ដើម្បីបង្កើននូវសមត្ថភាពខ្ពស់របស់យើងឱ្យកាន់តែសុក្រិត្យថែមទៀត។

ដូច្នេះសន្និសីទ និងការតាំងពិព័រណ៍ទន្តសាស្ត្រ ដែលមានការអញ្ជើញចូលរួមពីវាគ្មិនល្បីៗពីអន្ដរជាតិជាច្រើនរូប មកធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ការងារថ្មីទំនើបបែបឌីជីថល ជូនដល់ទន្ដបណ្ឌិតនិស្សិតរបស់យើង គឺជាការបង្កើនគុណភាព និងសមត្ថភាព ក្នុងការផ្ដល់សេវាផ្នែកទន្ដសាស្ដ្រជូនប្រជាពលរដ្ឋយើងកាន់តែប្រសើរ។

នេះគឺជាសក្ខីភាពមួយបញ្ជាក់ឱ្យឃើញថា សមាគមទន្តពេទ្យកម្ពុជាបានអនុវត្តយ៉ាងល្អប្រសើរ នូវការជួយអប់រំបំពាក់បំប៉ននូវចំណេះដឹងបន្តឲ្យមាននិរន្តរភាពជារៀងរាល់ឆ្នាំ ដល់ទន្តបណ្ឌិត ទន្តពេទ្យ នៅរាជធានីភ្នំពេញ ក៏ដូចជាមកពីបណ្តាខេត្តនានា។នេះបើតាមការបញ្ជាក់របស់លោកទន្តបណ្ឌិត អឿន បូរារ័ត្នន៍។

ទន្ទឹមនឹងនោះលោកទន្តបណ្ឌិត អឿន បូរារ័ត្នន៍ ក៏បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះលោកសាស្ត្រាចារ្យ ដែលបានអញ្ជើញមកពីប្រទេសជិតឆ្ងាយ និងជាការឆ្លុះបញ្ចាំងអំពីឆន្ទៈចូលរួមអភិវឌ្ឍវិស័យសុខាភិបាល និងវិទ្យាសាស្ត្រក្នុងសង្គមកម្ពុជា ពិសេសលើវិស័យទន្តសាស្ត្រនាពេលបច្ចុប្បន្ន។

លោកទន្ដបណ្ឌិតក៏បានសម្ដែងនូវការវាយតម្លៃខ្ពស់ និងអរគុណជូនចំពោះសមាគមទន្តពេទ្យកម្ពុជា ដែលបានសហការយ៉ាងល្អជាមួយក្រសួងសុខាភិបាល សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងមហាវិទ្យាល័យទន្តវទនសាស្ត្រនានានៅកម្ពុជាឲ្យមានការអភិវឌ្ឍ។ ក្រោយពេលប្រទេសជាតិបានបង្រួបបង្រួមមក វិស័យសុខាភិបាលមានការរីកចម្រើនគួរឲ្យកត់សំគាល់ ក្នុងនោះវិស័យទន្តសាស្ត្រ មានការអភិវឌ្ឍន៍ក្នុងក្តីមោទនៈ គួរឲ្យកត់សម្គាល់៕