(ឧត្តរមានជ័យ)៖ មជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តឧត្តរមានជ័យ ដែលមានទីតាំងស្ថិតនៅក្នុងវត្តចំប៉ានួនស្រី ហៅវត្តក្បាលសរ ក្នុងភូមិក្តុលក្បាលសរ សង្កាត់កូនគ្រៀល ក្រុងសំរោង ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លុវការ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះ ក្រោមវត្តមានលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងសម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះអគ្គាធិការរង ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ ព្រះសង្ឃ លោកយាយ លោកតា សិស្សានុសិស្សជាច្រើនទៀត។
លោក ប៉ែន កុសល្យ បានថ្លែងលើកឡើងថា ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានធ្វើឱ្យប្រទេសកម្ពុជារក្សាបាននូវសុខសន្តិភាព សេរីភាព និងវឌ្ឍនភាពលើគ្រប់វិស័យ ក្នុងនោះវិស័យពុទ្ធចក្របានដើរតួនាទីយ៉ាងសំខាន់សម្រាប់បម្រើឱ្យសាធារណជន ជាមណ្ឌុលមនុស្សចាស់ ក្មេងកំព្រា និងជាឃ្លាំងបណ្តុះគំនិតអប់រំ សីលធម៍សង្គម ដល់គ្រប់ស្រទាប់មហាជន ពិសេសយុវជនយ៉ាងមានប្រសិទ្ធិភាព។
លោកអភិបាលខេត្តថា សម្រាប់រូបលោកនៅតែមានជំនឿយ៉ាងកក់ក្តៅថា ព្រះពុទ្ធសាសនាជាទីគោរពសក្ការៈនៃយើង នឹងបន្តតួនាទីដ៏សំខាន់នេះក្នុងការបន្តចូលរួមកសាង ការពារ ថែរក្សាសន្តិភាព ពង្រឹងស្ថារភាពសង្គម តាមរយៈព្រះធម៌ដែលជាព្រះឱវាទរបស់ព្រះសម្មាសម្ពុទ្ធនៃយើង ដែលនឹងញ៉ាំឱ្យប្រទេសជាតិរួចចាកពីមហន្តរាយផ្សេងៗដូចជា សង្គ្រាម អំពើហឹង្សា ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស និងអំងបាយមុខផ្សេងៗ។
លោក ប៉ែន កុសល្យ បានថ្លែងយ៉ាងដូច្នេះទៀតថា មជ្ឈមណ្ឌលវិបស្សនាធុរៈ ដែលដាក់ឱ្យដំណើរការនៅថ្ងៃនេះ គឺជាសមិទ្ធិផលថ្មីដ៏គួរឱ្យអបអរសាទរសម្រាប់ជនានុជនទូទៅ ក្នុងខេត្តឧត្តរមានជ័យរបស់យើង ហើយមជ្ឈមណ្ឌុលនេះនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការអប់រំចរិយាធម៌ លើកកម្ពស់តម្លៃសីលធម៌សង្គម កសាងមនុស្សប្រកបដោយសន្តិភាពផ្លូវចិត្តតាមត្រ័យសរណគមន៍ និងសីលបរិសុទ្ធ។ លោកអំពាវនាវដល់ពលរដ្ឋ រួមគ្នាកសាងប្រទេសឱ្យមានការរីកចម្រើនរុងរឿង ជាបន្តបន្ទាប់ដូចបណ្តាលប្រទេសនានា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន៕