(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា វីរុសកូវីដ១៩ ប្រភេទអូមីក្រុង បានបំប្លែងខ្លួនថ្មីមួយទៀតហើយ ឈ្មោះ XBB ដែលស្ថានភាពឆ្លងកាន់តែលឿនជាងមុន។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសអញ្ជើញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា បើទោះបី XBB ឆ្លងលឿនជាងអូមីក្រុងក៏ពិតមែន ប៉ុន្ដែអ្នកជំនាញមិនទាន់អាចបញ្ជាក់បានថា XBB នៅពេលបុគ្គលដែលឆ្លងហើយនោះ មានស្ថានភាពវិវត្តទៅធ្ងន់ធ្ងរ ឬស្រាលយ៉ាងនៅឡើយទេ។

បើតាមលោកស្រី ឱ វណ្ណឌីន, ការពិតទៅប្រភេទ XBB នេះមិនមែនទើបតែរកឃើញនោះទេ ពោលបានរកឃើញដំបូងសហរដ្ឋអាមេរិក កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២១មកម្ល៉េះ ហើយកាលនោះក្រសួងសុខាភិបាល ក៏ធ្លាប់បានចេញសេចក្ដីជូនព័ត៌មានទៅកាន់សាធារណៈជនរួចមកហើយ។

មន្ដ្រីជំនាញសុខាភិបាលកម្ពុជារូបនេះ បានថ្លែងយ៉ាងដូច្នេះថា «បច្ចុប្បន្ននេះវីរុសកូវីដ១៩ មានការបំប្លែងខ្លួនជាបន្ដបន្ទាប់។ ថ្មីៗនេះមានបងប្អូនប្រជាពលរដ្ឋជ្រួញបារម្ភច្រើនអំពីការរាតត្បាតនៅតាមបណ្ដាប្រទេសមួយចំនួន ក៏ដូចជាប្រទេសនៅក្នុងតំបន់របស់យើង ប្រភេទ XBB [...] វីរុសនេះប្រភេទអូមីក្រុង ដែលបំប្លែងខ្លួនជាបន្ដបន្ទាប់។ យើងមានការព្រួយបារម្ភច្រើន វាឆ្លងលឿនពិតមែន ប៉ុន្ដែតាមការណែនាំរបស់ WHO គេមិនទាន់រកឃើញថា ឬមានទិន្នន័យណាដែល បង្ហាញឲ្យបានច្បាស់ថា ពួកបំប្លែងថ្មីក្រោយនេះ មានភាពសាហាវជាង ឬធ្ងន់ធ្ងរជាងពពួកដែលតានោះទេ»

ជាមួយគ្នានេះ លោកស្រី ឱ វណ្ណឌីន ក៏បានអំពាវនាវដល់សាធារណៈជនទាំងអស់ សូមមកទទួលយកនូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ តាមការណែនាំ និងតាមសេចក្ដីជូនព័ត៌មានដែលបានចេញផ្សាយជាបន្ដបន្ទាប់។ លោកស្រីគូសបញ្ជាក់ថា រៀងរាល់ថ្ងៃ នៅតាមបណ្ដាមន្ទីរពេទ្យរដ្ឋ មណ្ឌលសុខភាព គឺមានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះដូចៗគ្នា ដូច្នេះប្រជាពលរដ្ឋអញ្ជើញចាក់នៅពេលណាក៏បានដែរ ឲ្យតែខ្លួនដល់វេលាកំណត់។

អ្នកនាំពាក្យ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រូបនេះ នៅតែបន្ដអំពាវនាវដល់ប្រជាពលរដ្ឋសូមកុំមានការរើសអើងប្រភេទវ៉ាក់សាំង ព្រោះឆ្លងកាត់ការពិសោធន៍ ហើយអង្គការសុខភាពពិភពលោកក៏បានលើកឡើងជាបន្ដបន្ទាប់មកហើយថា ការចាក់វ៉ាក់សាំងចម្រុះ ឬខ្វែង នឹងផ្ដល់លទ្ធភាពស៉ាំក្នុងសរីរាង្គរបស់បុគ្គលបានខ្ពស់ ហើយខ្ពស់ជាងការប្រើប្រាស់ប្រភេទវ៉ាក់សាំងតែមួយទៀតផង៕

សេចក្ដីជូនព័ត៌មានធ្លាប់ចេញផ្សាយ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១