(ភ្នំពេញ)៖ កងកម្ទេចគ្រាប់មិនទាន់ផ្ទុះ (EOD) លេខ២៨៨ ចំនួន ៤៦នាក់ ដែលជាកងចុងក្រោយគេ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះ បានធ្វើមាតុភូមិននិវត្តន៍មកដល់ប្រទេសកម្ពុជាវិញហើយ ក្រោយសម្រេចបាននូវជោគជ័យ នៅក្នុងដំណើរបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិ រយៈពេល១ឆ្នាំ នៅសាធារណរដ្ឋម៉ាលី។
កងកម្ទេចគ្រឿងផ្ទុះលេខ២៨៨ បានបំពេញបេសកកម្ម ដោយមិនខ្លាចនឿយហត់ ក្រោមព្យុះខ្សាច់សាហារ៉ា អាកាសធាតុដ៏ក្តៅ ហួតហែងមានសីតុណ្ហភាពរហូតដល់៥៣អង្សារ។
ពិធីទទួលកងកម្លាំងមួកខៀវកម្ពុជា បានធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ សែម រតនា អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាការជាតិ និងជាអគ្គនាយក មជ្ឈមណ្ឌលជាតិ រក្សាសន្តិភាព ព្រមទាំងថ្នាក់ដឹកនាំកងទ័ពមួកខៀវមួយចំនួនទៀត នៅព្រលានយន្តហោះ VIP។
បន្ទាប់ពីមកព្រលានយន្តហោះអន្តរជាតិភ្នំពេញ កងកម្លាំងទាំងអស់ ត្រូវបានរៀបចំធ្វើតេស្តរកមេរោគកូវីដ១៩ និងមេរោគគ្រុនចាញ់ ព្រមទាំងបន្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញទី៥ ដើម្បីធានាថាកងកម្លាំងកម្ពុជាទាំងអស់ មានសុវត្ថិភាពពេញលេញជៀសផុតពីជំងឺបន្ទាប់ពីបញ្ចប់ដំណើរបេសកកម្មរបស់ខ្លួន។
នាឱកាសនោះដែរ ឧត្តមសេនីយ៍ទោ សែម រតនា តាងនាមសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានណៈកម្មាធិការជាតិ និងនាយឧត្តមសេនីយ៍ សែម សុវណ្ណនី, សូមស្វាគមន៍ដំណើរមាតុភូមិនិវត្តន៍របស់យុទ្ធជន យុទ្ធនារី នៃកងយោធពលខេមរភូមិន្ទ ពីការបំពេញបេសកកម្មរយៈពេល១ឆ្នាំ នៅសាធារណរដ្ឋម៉ាលី។
ឧត្តមសេនីយ៍ទោ សែម រតនា បានថ្លែងថា ដំណើរបេសកកម្មរក្សាសន្តិភាពរបស់កងកម្លាំងមួកចខៀវកម្ពុជា នៅប្រទេសម៉ាលី គឺជាឆ្នាំទី៨ ហើយកងកម្ទេចគ្រឿងផ្ទុះលេខ២៨៨ គឺជាកងទី៨ ដែលបានចូលរួមអនុវត្តបំពេញ ភារកិច្ចប្រកបដោយផ្លែផ្កា ទទួលបានជោគជ័យដ៏ត្រចេះត្រចង់ ដែលបាននាំមកនូវកិត្តិយស និងកិត្យានុភាពជូនមាតុភូមិកម្ពុជា។
ឧត្តមសេនីយ៍ទោ សែម រតនា បានលើកឡើងថា ផ្អែកតាមសកម្មភាព និងលទ្ធផលដែលកងទ័ពមួកខៀវកម្ពុជា សម្រេចបាននៅក្នុងដំណើរបំពេញបេសកកម្មរបស់ខ្លួននៅប្រទេសដែលកំពុងជួបនឹងវិបត្តិសង្គ្រាម គឺអាចវាយតម្លៃបានថា កម្លាំងមួកខៀវកម្ពុជា ពិតជាបានប្រើប្រាស់នូវជំនាញវិជ្ជាជីវៈខ្ពស់ ស្មារតី សាមគ្គីភាព សហប្រតិបត្តិការគោរពវិន័យល្អ និងភាពអង់អាចក្លាហាន ក្នុងការអនុវត្តតួនាទីរបស់ខ្លួន គ្រប់ពេលវេលា និងគ្រប់ទីកន្លែងនៃតំបន់ ដែលខ្លួនបានចូលរួម ពិសេសក្នុងបរិបទនៃការរស់នៅថ្មី។ ព្រមទាំងអាចវាយតម្លៃថាកម្លាំងទាំងនេះពិតជាបានទទួលការហ្វឹកហ្វឺន ជំនាញបច្ចេកទេសត្រឹមត្រូវតាមនិយាមរបស់អង្គការសហប្រជាជាតិ មុនពេលចេញបំពេញបេសកកម្ម ហើយរក្សាបាននូវសុវត្ថិភាព ដូចប្រសាសន៍ផ្ដាំផ្ញើររបស់សម្តេចពិជ័យសនា «ទៅគ្រប់ មកគ្រប់»។
បើយោងតាមរបាយការណ៍ បានឱ្យដឹងថា កងកម្ទេចគ្រឿងផ្ទុះ (EOD) កម្ពុជាបានបោះទីតាំងឈរជើងចំនួន០៣គោលដៅនៅទីក្រុង GAO, MOPTI និង TIMBUKTU មានចម្ងាយពីទីតាំងមួយទៅ ទីតាំងមួយជាមធ្យម ៨០០គីឡូម៉ែត្រ មានភារកិច្ចបោសសំអាតមីន កម្ទេចគ្រាប់មិនទាន់ផ្ទុះដោះបន្សាបគ្រឿងផ្ទុះ កែច្នៃ (IED) ជាកម្លាំងគាំទ្របេសកកម្មក្បួនរថយន្តដឹក ស្បៀងអាហារ គាំទ្រប្រតិបត្តិការបេសកកម្មផ្សេងៗ របស់ អ.ស.ប ជាកម្លាំងប្រតិកម្មរហ័ស (QRF) តាមផ្លូវអាកាស និងផ្លូវគោក។
នៅក្នុងកំឡុងពេលចូលរួមបំពេញបេសកកម្ម MINUSMA ឆ្នាំ២០២១-២០២២ នេះកងកម្ទេចគ្រឿងផ្ទុះ (EOD) កម្ពុជា បានទទួលបទបញ្ជាពីទីបញ្ជាការ FHQ ក៏ដូចជាទីបញ្ជាការ SEHQ , SCHQ និង SWHQ កម្លាំងកម្ទេចគ្រឿងផ្ទុះ (EOD) ចូលរួមការពារតាមក្បួន Logistic Convoy បានចំនួន៣៧លើក ចូលរួមក្នុងប្រតិបត្តិការបេសកកម្មផ្សេងៗ (Operations) បានចំនួន ៤៥លើក ចេញប្រតិកម្មរហ័ស QRF តាមផ្លូវអាកាស និងផ្លូវគោក ចំនួន៩លើក ត្រៀមជាកម្លាំងប្រតិកម្មរហ័ស QRF គាំទ្របេសកកម្មផ្សេងៗបានចំនួន៧១លើក ធ្វើការដោះបន្សាបគ្រឿងផ្ទុះកែច្នៃដែលជួបជាក់ស្តែងបានចំនួន២០លើក បានធ្វើការ កម្ទេចគ្រាប់មិនទាន់ផ្ទុះបានចំនួន៦លើក និងប្រមូលយក ភស្តុតាងក្រោយការផ្ទុះដើម្បីទុកធ្វើកោសល្យវិច្ច័យបានចំនួន១០លើក ព្រមទាំងបានធ្វើការឆែកឆេរុករកស្រាវជ្រាវគ្រាប់ ឬគ្រឿងផ្ទុះកែច្នៃបានចំនួន៨លើក។
កងកម្លាំងមួកខៀវកម្ពុជា ត្រូវបានបែងចែកទៅតាមតំបន់ប្រតិបត្តិការផ្សេងៗរួមមាន៖ តំបន់ GAO (ហ្កាវ), តំបន់ MOPTI (ម៉ប់ទី) និងតំបន់ Timbuktu (ទឹមប៊ុគទូ)។
ក្រៅពីការងារប្រតិបត្តិការដ៏មមាញឹកក្នុងបេសកកម្មខាងលើ កងកម្ទេចគ្រឿងផ្ទុះលេខ២៨៨ បានចូលរួមចំណែកយ៉ាងសកម្មលើការងារមនុស្សធម៌មួយចំនួនក្នុងតំបន់ឈរជើងរបស់ខ្លួនដូចជា៖ ការបរិច្ចាគថ្នាំពេទ្យដល់មន្ទីពេទ្យក្នុងតំបន់ចំនួន៣លើក បានបញ្ចូនក្រុមគ្រូពេទ្យស្ត្រីចុះពិនិត្យព្យាបាលជំងឺដល់ប្រជាជនចំនួន១លើក ចុះចែកសម្ភារសិក្សា សំលៀកបំពាក់ និងចំណីអាហារដល់កុមារកំព្រាចំនួនជាង៣០០នាក់ ចំនួន១លើក។
គិតចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាព ចំនួន៨៦៦០នាក់ ក្នុងនោះមាននារីចំនួន ៦៤៨នាក់ ទៅបំពេញបេសកកម្មមនុស្សធម៌ ជាមួយអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៩ រួមមាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង, ឆាដ, លីបង់, ស៊ីរី, ម៉ាលី, អាហ្វ្រិកកណ្តាល សាយប្រឺស និងយ៉េមែន។ បច្ចុប្បន្នកម្ពុជាមានកម្លាំងកងទ័ពមួកខៀវប្រមាណ ៨០០នាក់ (នារី១២៤នាក់) បាននឹងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ស៊ូដង់ខាងត្បូង ម៉ាលី លីបង់ និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕