(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ បានប្រារព្វពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះថ្ងៃ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២៣) នៅក្នុងបរិវេណសាលា ខេត្តព្រះវិហារ។ ទេសរដ្ឋមន្ត្រី មាស សុភា បានអំពាវនាវឱ្យរួមគ្នាការពារសមិទ្ទិផលទាំងឡាយ ដែលកើតចេញពីស្មារតី ៧ មករា ឱ្យនៅគង់វង្សស្ថិតស្ថេរ ដើម្បីជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ។
ពិធីអបអរសាទរថ្ងៃជ័យជម្នះ «៧ មករា» នាព្រឹកនេះ មានការចូលរួមពីលោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ លោក ឡុង សុវណ្ណ ទីប្រឹក្សារាជរដ្ឋាភិបាល លោកស្រី ចឹក ហេង សមាជិកព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំខេត្ត មេបញ្ជាការកងកម្លាំងតាមព្រំដែន មេបញ្ជាការកងកម្លាំងទាំង៣ មន្ត្រីរាជការ តាមមន្ទីរ អង្គភាព អាជ្ញាធរ ស្រុក ក្រុង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូបទៀត។
លោក មាស សុភា បានអំពាវនាវប្រជាពលរដ្ឋឱ្យ រួមគ្នារក្សាសមិទ្ធិផលដែលកើតចេញពីស្មារតីថ្ងៃជ័យជម្នះ «៧ មករា» និងការពារសុខសន្តិភាព ដើម្បី រក្សាឱកាសក្នុងការកសាងសង្គមជាតិ ឱ្យកាន់តែរីកចម្រើន។
លោកក៏ថ្លែងផ្តាំផ្ញើការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំដ៏ទៃទៀតនៅក្នុងជួររាជរដ្ឋាភិបាល ក្នុងជួរគណបក្សប្រជាជនកម្ពុជា ដើម្បីផ្ញើជូនដល់លោក លោកស្រី សិស្សានុសិស្សដែលមានវត្តមាននៅក្នុងអង្គពិធីនេះទាំងមូល។
លោកថាថ្ងៃ ៧ មករា ជាថ្ងៃដែលប្រជាពលរដ្ឋខ្មែរ បានរួចផុតពីការកាប់សម្លាប់នៃរបបឃោរឃៅដឹកនាំដោយ ប៉ុល ពត។ ជាមួយគ្នានេះ លោកក៏បានរំលឹកឡើងវិញពីទុក្ខសោក ការលំបាកវេទនា និរាសព្រាត់ប្រាស់របស់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាការកាប់សម្លាប់ដ៏ព្រៃផ្សៃ ក៏ដូចជាភាពខ្ទេចខ្ទាំ និងការបំផ្លិចបំផ្លាញជាតិ ធ្វើឱ្យខឿនសេដ្ឋកិច្ចជាតិទាំងមូល ត្រូវធ្លាក់ចុះដល់ចំណុចសូន្យ។
ក្រៅតែពីការរំលឹកដល់ស្ថានភាពដ៏លំបាកវេទនារបស់ប្រជាពលរដ្ឋ និងភាពខ្ទេចខ្ទាំ នៃសេដ្ឋកិច្ចជាតិក្នុងប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃហើយនោះ លោកទេសរដ្ឋមន្ត្រី ក៏បានលើកបង្ហាញពីចលនាតស៊ូរបស់ថ្នាក់ដឹកនាំជាតិ រួមមាន៖ សម្តេចពញាចក្រី ហេង សំរិន សម្តេចធម្មពោធិសាល ជា ស៊ីម និងសម្តេចតេជោ ហ៊ុន សែន ព្រមទាំងវីរៈយុទ្ធជន វីរៈយុទ្ធនារី និងអ្នកស្នេហាជាតិជាច្រើនទៀត បានធ្វើពលីកម្មយ៉ាងធំធេងសាច់ស្រស់ ឈាមស្រស់ ដើម្បីរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ជ័យជម្នះ ៧ មករា ១៩៧៩ គឺជាមហាជោគជ័យជាប្រវត្តិសាស្ត្រ សម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ៧ មករា ១៩៧៩ ជាជ័យជម្នះ ដែលបានសង្គ្រោះអាយុជីវិតខ្មែរចេញពី រណ្តៅមរណៈ យើងគ្រប់គ្នាត្រូវតែចងចាំនូវសច្ចភាព ប្រវត្តិសាស្ត្រនេះ បើគ្មានថ្ងៃនោះ យើងគ្រប់គ្នានឹងគ្មានថ្ងៃនេះឡើយ។ជាមួយគ្នានេះត្រូវបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយពីអត្ថន័យនៃថ្ងៃ៧មករា ដល់កូនចៅជំនាន់ក្រោយឱ្យយល់ដឹងកាន់តែច្បាស់ ដើម្បីកុំឱ្យក្រុមប្រឆាំងញុះញង់ បំផ្លាញ បំភ្លៃ បំភ្លេច ថ្ងៃ៧មករារបស់យើង៕