(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានថ្លែងប្រាប់អង្គភាព Fresh News ថា ថ្ងៃនេះគឺជាព្រឹត្តិការណ៍ប្រវត្តិមួយ របស់កម្ពុជា ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទៅបង់ប្រាក់ពិន័យចំពោះការល្មើសច្បាប់ចរារណ៍ ករណីបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព នៅស្រុកស្រែអំបិល ខេត្តកោះកុង នាពេលកន្លងទៅថ្មីៗនេះ។
ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ក៏បានចាត់ទុកថា ការបង់ប្រាក់ពិន័យរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃនេះ គឺជាគំរូដ៏ល្អបំផុតមួយ សម្រាប់ឲ្យប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំផ្សេងទៀត យកតម្រាប់តាមដើម្បីរួមគ្នាគោរពច្បាប់ចរាចរណ៍នៅទូទាំងប្រទេស។
ឧត្តមសេនីយ៍ឯក បានថ្លែងយ៉ាងដូច្នេះថា «នេះជាព្រឹតិ្តការណ៍ ប្រវត្តិសាស្រ្តសម្រាប់កម្ពុជា គឺជាប្រទេសនិតិរដ្ឋ ដែលសម្តេចជាតំណាងរាស្ត្រ មានអភ័យឯកសិទ្ធិសភា និងជានាយករដ្ឋមន្រ្តីនៃព្រះរាណាចក្រកម្ពុជា ទទួលខុសត្រូវចំពោះអ្វី ដែលសម្តេចបានធ្វើខុស ក្នុងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ពោលគឺនគរបាលចរាចរណ៍ បានអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយបានពិន័យសម្តេច ក្នុងករណីបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព ដែលល្មើសនឹងមាត្រា៨ ចំណុចទី៨ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ នេះជាទង្វើដែលប្រជាពលរដ្ឋគ្រប់រូប និងថ្នាក់ដឹកនាំដទៃទៀត គួរយកគំរូតាមសម្តេច ព្រោះគ្មាននរណាម្នាក់ នៅពីលើច្បាប់បានទេ ហើយក៏គ្មានមាត្រាណាមួយ ចែងឲ្យលើកលែងពីការពិន័យឡើយ»។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ រុន រ័ត្នវាសនា ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ និងថ្នាក់ដឹកគ្រប់លំដាប់ថ្នាក់ សូមមេត្តាចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោកទាំងអស់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ស្របតាមប្រសាសន៍ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី «ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍» ទោះបីលទ្ធផលគ្រោះថ្នាក់ចរាចរណ៍ រយៈពេល៥ខែដើម ឆ្នាំ២០១៦ ប្រៀបធៀបរយៈពេលដូចគ្នានៃឆ្នាំ ២០១៥ ថយចុះ២៦៩ករណី ស្លាប់ថយ៨១នាក់ របួសធ្ងន់ថយ២៥៣នាក់ និងរបួសស្រាលថយ ១៨៥នាក់ យ៉ាងណាក្តី៕