(ភ្នំពេញ)៖ លោកសាស្ដ្រចារ្យមហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអន្ដរជាតិ (IU) នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះ បានផ្ដាំផ្ញើដល់ក្មួយៗជានិស្សិត ត្រូវខិតខំរៀនសូត្រ ដើម្បីកសាងខ្លួន និងសង្គមជាតិ ដែលពោលពេញដោយចំណេះវិជ្ជា និងគ្រប់ជំនាញយ៉ាងសំបូរបែប។

ការផ្ដាំផ្ញើបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកសាស្ដ្រចារ្យមហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ អញ្ជើញចូលរួម ក្នុងកម្មវិធីសម្ពោធការតាំងពិព័រណ៌និស្សិត និងការបើកបវេសនកាលថ្មី នៃសាកលវិទ្យាល័យអន្ដរជាតិ (IU) នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះ។

បណ្ឌិត សាបូ អូហ្សាណូ បានបញ្ជាក់ថា «ខ្ញុំសូមផ្ដាំផ្ញើដល់ក្មួយៗជានិស្សិត ត្រូវខិតខំរៀនសូត្រ ក្មួយៗជាយុវជន ពេលនេះ ម៉ោងនេះ អាណាព្យាបាលរបស់ក្មួយៗ រំពឹង និងសង្ឃឹម លើអនាគតរបស់ក្មួយៗ ដូច្នេះក្មួយៗ ត្រូវប្រើពេលវេលាក្រេបជញ្ជក់ចំណេះដឹង ដើម្បីកសាងក្មួយៗ និងសង្គមជាតិ ដែលពោលពេញដោយសង្គមជាតិ មានចំណេះវិជ្ជាសំបូរបែបគ្រប់ជំនាញ»

លោកសាស្ដ្រចារ្យមហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ បានលើកឡើងផងដែរថា ការសិក្សាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ក្មួយៗជានិស្សិត ហើយសាកលវិទ្យាល័យ គឺជាថ្នាលបណ្ដុះបណ្ដាល ដើម្បីចម្លងជូន ដល់ត្រើយម្ខាងទៀត ដែលក្មួយៗ បានរំពឹងទុក និងក្នុងគោលបំណង របស់ក្មួយម្នាក់ៗ។

ទន្ទឹមគ្នានេះ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអន្ដរជាតិ (IU) បានគូសបញ្ជាក់ថា សាកលវិទ្យាល័យនៅតែបន្ដពង្រឹង គុណភាពអប់រំ បណ្ដុះបណ្ដាល និងនៅគ្រប់ការសិក្សា គ្រប់ជំនាញ គ្រប់កម្រិត របស់ក្មួយៗ ត្រូវតែយល់ដឹង ពីលក្ខណៈនៃការចូលរៀន យល់ដឹងពីបទបញ្ជាផ្ទៃក្នុង របស់សាកលវិទ្យាល័យ និងត្រូវគោរពតាមបទដ្ឋាន ដែលមានជាធរមាន។

បណ្ឌិត សាបូ អូហ្សាណូ ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ឆ្នាំសិក្សា ២០២២-២០២៣ អាចដំណើរការទៅបាន នៅទូទាំងប្រទេស គឺអាស្រ័យសំខាន់ ដោយសារប្រទេសជាតិ មានសុខសន្ដិភាព មានស្ថេរភាពនយោបាយល្អប្រសើរ ដែលអនុញ្ញាតឲ្យក្មួយៗ ជានិស្សិត និងសិស្សានុសិស្សទូទាំងប្រទេស បានចូលធ្វើការសិក្សា នៅគ្រប់មូលដ្ឋាន ទូទាំងប្រទេស។

បណ្ឌិត សាបូ អូហ្សាណូ បានលើកឡើងថា ប្រទេសជាតិ មានសុខសន្ដិភាព ក្រោមដំបូងសន្ដិភាពនេះ គឺក្រោមការដឹកនាំប្រកប ដោយភាពឈ្លៀសវៃគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

លោកសាស្ដ្រចារ្យមហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ បានបន្ថែមទៀតថា ក្រោមសន្ដិភាពនេះហើយ ដែលធ្វើឲ្យការកសាងធនធានមនុស្ស នៅប្រទេសកម្ពុជា មានការអភិវឌ្ឍន៍ រហូតមកដល់សព្វថ្ងៃ។

ជាមួយគ្នានេះ បណ្ឌិត សាបូ អូហ្សាណូ បានលើកឡើងផងដែរថា ប្អូនៗនិស្សិត ដែលមានវត្ដមាន នៅក្នុងកម្មវិធីនេះ គឺជាទំពាំងស្នងឬស្សី ដែលបន្ដវេនយ៉ាងសំខាន់ សម្រាប់អភិវឌ្ឍន៍ប្រទេសកម្ពុជា ដើម្បីឲ្យប្រទេសជាតិ ក្លាយទៅជាប្រទេសអភិវឌ្ឍន៍ នៅក្នុងឆ្នាំ២០៥០។

លោកសាស្ដ្រចារ្យមហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ ក៏បានប្រាប់ដល់ក្មួយៗនិស្សិត ឲ្យខិតខំចូលរួម ដើម្បីឲ្យប្រទេសជាតិ កាន់តែមានការរីកចម្រើន ដោយលោកថា កត្ដាសុខសន្ដិភាព ជាកត្ដាចំបង គ្មានប្រទេសជាតិណា ដែលមានសង្គ្រាម មានការអភិវឌ្ឍន៍នោះទេ៕