(ពោធិ៍សាត់)៖ ស្ពានបាឡេ ១ខ្សែ ដែលមានប្រវែង៤៨ម៉ែត្រ ឆ្លងកាត់ស្ទឹងអូរសំឡាញ ស្ថិតក្នុងភូមិអូរតាទិន ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលបានសាងសង់ឡើងវិញ ក្រោយទទួលរងគ្រោះទាំងស្រុង ដោយសារជំនន់ទឹកភ្លៀង ត្រូវបានសម្ភោធ និងកាត់ខ្សែបូដាក់ ឱ្យប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់, លោក ទី ថានី អនុប្រធានទី១ អាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកវាលវែង និងលោក ភួ ពុយ តំណាងរាស្ត្រមណ្ឌលបាត់ដំបង។

ពិធីនេះត្រូវបានធ្វើឡើង នាថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ ដោយបានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ និងអាជ្ញាធរដែនដីមួយចំនួនទៀត។

បន្ទាប់ពីលោក វង្ស អេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង បានរាយការណ៍នូវស្ថានភាពភូមិសាស្ត្ររដ្ឋបាល និងសមិទ្ធផលដែលទទួលបាន ក្រោមការឧបត្ថម្ភ ពីសំណាក់ឯកឧត្តមប្រធានក្រុមការងារ ចុះជួយខេត្តពោធិ៍សាត់នោះរួចមក, លោក ខូយ រីដា បានលើកឡើងថា ដើមឡើយទីតាំងសាង់សង់ស្ពានខាងលើនេះ មានការលំបាកជាខ្លាំង ក្នុងការឆ្លងកាត់ធ្វើដំណើរ និងដឹកជញ្ជូនកសិផល ពិសេសសិស្សានុសិស្សឆ្លងកាត់ទៅរៀនម្តងម្កាល ត្រូវរងចាំពេលវេលាដ៏យូរ ពេលមានភ្លៀងធ្លាក់ ឬទឹកឡើងម្តងៗ។

ដោយមើលឃើញពីទុក្ខលំបានេះហើយ ទើបក្នុងឆ្នាំ២០១៩ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ បានសាងសង់ស្ពានដែកបាឡេឡើង តែដោយអកុសល ក្នុងឆ្នាំ២០២០កន្លងទៅ មានជំនន់ទឹកភ្លៀងធំ បានធ្វើឱ្យស្ពាននោះ ទទួលរងការខូចខាតទាំងស្រុង ហើយត្រូវបានលោក ស៊ុយ សែម និងក្រុមការងារ សាងសង់ស្ពាននេះឡើងវិញ ដើម្បីឱ្យប្រជាពលរដ្ឋ បានធ្វើដំណើរ និងដឹកជញ្ជូនកសិផលបានជាធម្មតា។

លោកបានបន្តទៀតថា ស្ពាន-ថ្នល់ វាជាសរសៃឈាមដ៏មានសារសំខាន់បំផុត ដែលបម្រើការឱ្យសេដ្ឋកិច្ចជាចម្បង នៅពេលយើងមានផ្លូវ មានស្ពាន គឺមានក្តីសង្ឃឹមដ៏ធំបំផុត ឈានទៅកាត់បន្ថយបាននូវភាពក្រីក្រ ជូនបងប្អូនប្រជាពលរដ្ឋ នៅតាមជនបទ។ លោកសង្កត់ធ្ងន់ថា ក្រោមការដឹកនាំដ៏ឆ្លាតវៃ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាពជូនជាតិ គឺសម្តេចតែងតែយកអាទិភាព ផ្លូវ ថ្លល់ និងស្ពាន ចាត់ទុកជាសរសៃឈាមយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិសព្វថ្ងៃនេះ។

លោកបានបញ្ជាក់ថា សមិទ្ធផលដែលរាជរដ្ឋាភិបាល និងប្រជាជនយើងសម្រេចបាន គឺជាសមិទ្ធផលដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងមូល ហើយក្នុងនាមយើងទាំងអស់គ្នាជាអ្នកទទួល ត្រូវចូលរួមថែរក្សាការពារ នូវរាល់សមិទ្ធផលទាំងអស់នេះ ឱ្យបានគង់វង្ស សម្រាប់កូនចៅយើងគ្រប់ជំនាន់បានប្រើប្រាស់ជាគុណប្រយោជន៍រួម។

ឆ្លៀតក្នុងឱកាសនោះ លោកបានបន្តចុះពិនិត្យមើលលទ្ធភាពសាងសង់អគារសិក្សា នៃសាលាបឋមសិក្សា ម្លប់ពោធិ៍កតាអោន ដែលមានសភាពចាស់ទ្រុឌទ្រោម តាមការស្នើសុំរបស់ប្រជាពលរដ្ឋ ព្រមទាំងបន្តចុះពិនិត្យមើលទីតាំងដីបម្រុងទុករបស់រដ្ឋ ក្នុងឃុំក្រពើពីរ ស្រុកវាលវែង ដែលត្រូវបានជនខិលខូច លួចចូលទន្ទ្រានកាន់កាប់ដោយខុសច្បាប់ផងដែរ៕