(ព្រះសីហនុ)៖ រយៈពេល២យប់ ៣ថ្ងៃ ដោយគិតចាប់ពីយប់ថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅតែបន្តដឹកនាំបញ្ជាផ្ទាល់ក្នុងការជួសជុលទំនប់ទី២ និងទំនប់ទី៣ នៃអាងស្តុកទឹករបស់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតអានកូ ស្ថិតនៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ (តំបន់ក្បាលឆាយ)។
ជាក់ស្តែងនៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះ លោក ស៊ឹម ស៊ីថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក គួច ចំរើន អភិបាលខេត្ត បានបន្តដឹកនាំមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះទៅដល់កន្លែងកើតហេតុ ដើម្បីដឹកនាំបញ្ជាការងារនេះកាន់តែលឿន និងមានប្រសិទ្ធភាព អាងបានបូមទឹកយកទៅផ្តត់ផ្គង់ទៅកាន់ស្ថានីយទី៣ បន្តចម្រោះទឹកស្អាតចែកចាយជូនប្រជាពលរដ្ឋនៅក្រុងព្រះសីហនុឡើងវិញ។
ចំពោះមុខ នៃកិច្ចការនេះ អភិបាលខេត្តបានជំរុញ ឱ្យក្រុមបច្ចេកទេសត្រូវពន្លឿននូវការជួសជុលទំនប់ទឹកទាំងពីរ និងក្បាលម៉ាស៊ីនបូមទឹក ព្រមទាំងតបណ្តាញអគ្គិសនីដែលរងការខូចខាតដោយសារបាក់ស្រុតដី ធ្វើយ៉ាងណាដោះស្រាយឱ្យបានទាន់ពេលវេលាសម្រាប់ការផ្គត់ផ្គង់ទឹកស្អាត នៅក្រុងខេត្តព្រះសីហនុឡើងវិញ។
សូមជម្រាបថា ចំពោះការជួសជុលទំនប់ទឹកទាំងពីរ និងក្បាលម៉ាស៊ីនបូមទឹក ព្រមទាំងបណ្តាញអគ្គិសនីខាងលើរដ្ឋបាលខេត្ត បានបញ្ជូនក្រុមការងារបច្ចេកទេស និងគ្រឿងចក្រ ដោយបែងចែកជាក្រុមការងារទទួលខុសត្រូវតាមផ្នែក និងធ្វើសកម្មភាព២៤ ម៉ោងលើ ២៤ម៉ោងដើម្បីដោះស្រាយបញ្ហាឱ្យបានឆាប់រួចរាល់។
ជាមួយគ្នានេះ អភិបាលខេត្ត ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមជួយសន្សំសំចៃក្នុងប្រើប្រាស់ទឹក និងគួរផ្អាកជាបណ្ដោះអាសន្នសិន ចំពោះការប្រើប្រាស់ទឹកក្នុងករណីមិនចាំបាច់ ដូចជាស្រោចស្មៅ ស្រោចសួនជាដើម ដើម្បីជាការចាំបាច់ទុកផ្គត់ផ្គង់ផ្នែកសំខាន់ៗក្នុងគ្រួសារ។
ហេតុការណ៍នៃការបាក់ទំបន់ទី២នេះ បានកើតឡើងនៅយប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ បណ្ដាលឱ្យប៉ះពាល់ដល់ម៉ាស៉ីនបូមទឹក តែបញ្ហានេះមិនបណ្ដាលឲ្យប៉ះពាល់សុវត្ថិភាពប្រជាជននោះឡើយ គ្រាន់តែខកខាននូវការផ្គត់ផ្គង់ទឹកប្រហែលពាក់កណ្ដាលនៅក្រុងព្រះសីហនុ និងផ្នែកខ្លះនៃស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ។
លោក គួច ចំរើន បានឱ្យដឹងថា ស្ថានីយចម្រោះទឹកស្អាតនៅទំនប់ទី២ អាចផ្គត់ផ្គង់ទឹកស្អាតបាន៣លានម៉ែត្រគូប។ ប៉ុន្តែដោយសារការបាក់ទំនប់ទី៣នេះ ក៏បានធ្វើឱ្យគាំងម៉ាស៉ីន១គ្រឿងក្នុងចំណោម២គ្រឿង មិនអាចដំណើរការទៅបានដោយសារតែ កន្លែងទំនប់ទី២បានបាក់ ហើយក៏បាក់ទាំងម៉ាស៉ីនបូមទឹកនៅទីនោះ ដែលសម្រាប់ផ្គត់ផ្គង់ឱ្យទៅស្ថានីយ៍ទី៣ ដូច្នេះទើបធ្វើឱ្យស្ថានីយចម្រោះទឹកទី៣ គាំងលែងដំណើរការតែម្ដងដែលមុននេះស្ថានីយទាំង២នេះ គឺដំណើរការទាំង២សម្រាប់ប្រើប្រាស់នៅក្នុងទីក្រុង។
លោកបានបន្តថា តាមធម្មតា មានម៉ាស៉ីន២ដែលត្រូវដំណើរការរៀងរាល់ថ្ងៃ តែដោយសារមានបញ្ហានេះទៅ ក៏សល់តែម៉ាស៉ីន១គ្រឿងប៉ុណ្ណោះ ដែលកំពុងដំណើរការចម្រោះទឹកកខ្វក់នោះ។ ទោះបីមិនគ្រប់គ្រាន់ តែក៏មិនអត់សោះដែរ។
លោកបានស្នើសុំការយោគយល់ពីប្រជាពលរដ្ឋក្នុងខេត្ត ខណៈអាជ្ញាធរ និងក្រុមហ៊ុនក៏កំពុងដុតដៃដុតជើងរកវិធីជួសជុលដើម្បីដំណើរការឡើងវិញឲ្យបានឆាប់។ តួយ៉ាង លោកបានពិគ្រោះជាមួយក្រុមការងារ និងបានដាក់ចេញផែនការ៤ទិសក្នុងពេលតែមួយ ដែលនឹងត្រូវចាប់ផ្ដើមពីថ្ងៃនេះ នៅពេលដែលអាកាសធាតុអំណោយផល ហើយអាចមើលឃើញគោលដៅនោះក្រុមការងារជំនាញនឹងធ្វើសកម្មភាពភ្លាម។
យោងតាមមន្ត្រីរដ្ឋាករទឹកខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតនេះ គឺក្រុមហ៊ុនអានកូ វតធើ ស័បផ្លាយ គឺជាក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតនៅក្រុងព្រះសីហនុ និងមួយផ្នែកនៅស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ក្នុងបរិមាណពី៧៤០០០ទៅ៨០០០០ម៉ែត្រគូប។ ការផលិតទឹកស្អាតនេះគឺនៅសង្កាត់ក្បាលឆាយ សង្កាត់១ ក្រុងព្រះសីហនុ។ ការផលិតមានស្ថានីយចំនួន៣។
ការផលិតនៅស្ថានីយទី២នេះ គឺបានតែពាក់កណ្ដាលនៃការផ្គត់ផ្គង់នោះទេ ដូចស្ថានីយផ្សេងគឺនៅអាចផ្គត់ផ្គង់ពាក់កណ្ដាលទៀត។ សម្រាប់វិធានការបន្ទាប់ នាថ្ងៃទី៨ ខែមករានេះ អភិបាលរងខេត្តព្រះសីហនុ២រូប មានលោក ឡង់ ឌីម៉ង់ និងលោក អ៉ី សុខឡេង បានដឹកនាំប្រធានមន្ទីរ មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន សហការជាមួយក្រុមហ៊ុនស ចុះទៅពិនិត្យកិច្ចការជួសជុលនេះ ដើម្បីឲ្យដំណើរការឡើងវិញផងដែរ៕