(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃនេះបានចាក់គម្ពីរបង្ហាញដល់សាធារណជនជាលើកដំបូង នៅព្រះអង្គដងកើ មុខព្រះបរមរាជវាំង ទីកន្លែងដែលប្រជាពលរដ្ឋខ្មែរតែងបានទៅបន់ស្រន់ និងបួងសួង ដើម្បីសុំសម្រេចបំណងប្រាថ្នាផ្សេង។ ការចាក់គម្ពីររបស់សម្តេចបានត្រូវត្រង់ លេខ៣១ «កាលបណ្ណកយក្ខ នាំព្រះវិធូរបណ្ឌិតត្រឡប់ទៅកាន់ព្រះនគរជួបជុំបុត្រ និងភរិយាវិញ។ សន្លឹកនេះ បើអស់លោកអ្នកណាចាក់ត្រូវ ទំនាយទាយថា ល្អណាស់ហោង» ជើងលេខបានឆ្លើយថា អ្នកដែលចាក់ត្រូវត្រង់កន្លែងនេះ គឺល្អណាស់។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦នេះ បន្ទាប់ពីសម្តេចជិះម៉ូតូទៅបង់ ការផាកពិន័យចំពោះកំហុសឆ្គងជិះម៉ូតូមិនពាក់មួកសុវត្ថិភាព នៅប៉ុស្តិ៍នគរបាល សង្កាត់ចតុមុខរួចរាល់ហើយនោះ សម្តេចក៏បានបន្តជិះម៉ូតូ ទៅជួបប្រជាពលរដ្ឋនៅមុខព្រះបរមរាជវាំង កន្លែងព្រះអង្គដងកើ។
នៅទីនោះសម្តេចនាយករដ្ឋមន្រ្តី បានជួបសំណេះសំណាលដោយភាពរីករាយជាមួយអ្នកទៅលេងមុខវាំង ក៏ដូចជាជនពិការផងដែរ។ សម្តេច បានជូនថវិកាដល់ជីដូន និងចៅពីរនាក់ ដែលទៅអង្គុយលេងនៅមុខវាំង ហើយក៏បានប្រគល់ថវិកា ៥លានរៀលដល់បុរសពិការម្នាក់ ដើម្បីឲ្យ យកទៅប្រកបរបរចិញ្ចឹមជីវិត។
បន្ទាប់ពីការចូលទៅថ្វាយផ្កា និងអុជធូបផ្សងព្រមទាំងចាក់គម្ពីរនៅព្រះដងកើហើយនោះ សម្តេចនាយករដ្ឋមន្រ្តី ក៏បានទៅទិញចាបពីក្រុមអ្នកលក់ចាប នៅមុខវាំងទាំងអស់។ សម្តេចបានទិញចាប់ទាំងនោះ ក្នុងមួយទ្រុងតម្លៃ ២០០ដុល្លារ ដែលនាំឲ្យអ្នកលក់ចាប ដែលធ្លាប់រកបាន កម្រៃតិចតួចនាំគ្នាត្រេកអរសប្បាយរីករាយ និងមានខ្លះទៀតរត់ទៅឱបសម្តេចបង្ហាញពីក្តីស្រឡាញ់ និងអរគុណសម្តេចតេជោ។
បន្ទាប់ពីទិញចាបអស់ជាច្រើនទ្រុងរួចហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានទៅប្រលែងចាបចេញពីទ្រុង មុននឹងត្រឡប់ទៅកាន់លំនៅ ឋានវិញ។
សូមបញ្ជាក់ផងដែរថា សកម្មភាពរបស់នាយករដ្ឋមន្រ្តីកម្ពុជា ទាំងការចូលទៅបង់ការផាកពិន័យជូននគរបាលចរាចរណ៍ ក៏ដូចជាការជិះម៉ូតូទៅជួបសំណេះ សំណាល ជាមួយប្រជាពលរដ្ឋនៅមុខវាំង ព្រមទាំងការបរិច្ចាគថវិកាជូនជនទីទ័លក្រនាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦នេះ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ សម្តែងនូវការគោរព និង ស្រឡាញ់ខ្លាំងចំពោះភាពសាមញ្ញ និងចាត់ទុកជាគំរូដ៏ល្អមួយក្នុងនាមជាមេដឹកនាំ៕