(កំពត)៖ យោងតាមរបាយការណ៍ក្នុងវេទិកាសម្រួបសម្រួល ដោះស្រាយបញ្ចប់ទំនាស់ក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋ ក្នុងក្រុងកំពតជិត៣០ករណី នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ បានបញ្ជាក់ឲ្យដឹងថា គិតចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានសម្របសម្រួល និងដោះស្រាយបញ្ចប់បញ្ហាបណ្ដឹង ព្រមទាំងសំណូមពរផ្សេងៗទាំងស្រុង ក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋទាំង ៩ក្រុង-ស្រុកក្នុងខេត្តកំពត សរុបបានចំនួន ១.១៥៨ករណី ក្នុងចំណោមពាក្យបណ្តឹងសរុបប្រមាណជិត ២ពាន់ករណី។

ក្នុងនោះមានទំនាស់រវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋចំនួន ៦៧៦ករណី, ទំនាស់រវាងប្រជាពលរដ្ឋ នឹងក្រុមហ៊ុនចំនួន ៣៣ករណី, ទំនាស់រវាងប្រជាពលរដ្ឋ និងអាជ្ញាធរចំនួន ៣៥ករណី, ទំនាស់ដីកេរ្តិ៍មរតក និងទំនាស់គ្រួសារ ចំនួន ២០៩ករណី, ករណីរំលោភផ្លូវ និងបិទផ្លូវចំនួន ២៦ករណី, សំណូមពរផ្សេងៗ ១២៣ករណី, ករណីជំពាក់ប្រាក់ ៤៧ករណី គ្រឿងញៀន ចោរកម្ម ពលរដ្ឋ និងសហគមន៍ គ្រោះថ្នាក់ចរាចរណ៍ និងករណីលុយតុងទីនចំនួន ៨ករណី។

ក្នុងវេទិកានោះ លោកអភិបាលខេត្ត ម៉ៅ ធនិន បានលើកឡើងអំពីលក្ខខណ្ឌ និងសំណូមពររបស់លោក ឱ្យពលរដ្ឋទាំងអស់ ចូលរួមដោយមានការយោគយល់គ្នា សណ្តោសគ្នា អធ្យាស្រ័យគ្នា នៅគ្រប់ចំណុចទាំងអស់។

ការសម្របសម្រួលដោះស្រាយរាល់ទំនាស់ និងបញ្ហាទាំងអស់ ត្រូវធ្វើឡើងតាមរយៈឋានានុក្រមច្បាប់ និងឋានានុក្រមគ្រួសារ ហើយក្រោយពេលដោះស្រាយគូរទំនាស់ទាំងអស់ ត្រូវទទួលស្គាល់ និងទទួលយកនូវការដោះស្រាយនេះ ព្រោះការដោះស្រាយមានការវាយតំលៃ និងចូលរួមពីអាជ្ញាធរ និងមន្ទីរជំនាញដែលពាក់ព័ន្ធទាំងអស់។

នាពេលកន្លងមក លោកអភិបាលខេត្ត ម៉ៅ ធនិន ក៏បានអះអាងថា នឹងធ្វើឱ្យប្រជាពលរដ្ឋក្នុងខេត្តកំពតរស់នៅយ៉ាងសុខដុមរម្យនាបំផុត ពិសេសការរស់នៅដោយគ្មានទំនាស់ ឬវិវាទនៅគ្រប់មូលដ្ឋានក្នុងក្រុង-ស្រុក ទូទាំងខេត្ត៕