(កណ្តាល)៖ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកមុខកំពូល ខេត្តកណ្តាល បានជួបសំណេះសំណាល និងប្រគល់រង្វាន់ លើកទឹកចិត្តនូវម៉ូតូចំនួន ៦ គ្រឿង (ម៉ាក Honda Scoopy) ដល់សិស្សដែលបានប្រលងជាប់ សញ្ញាបត្រទុតិយភូមិ (បាក់ឌុប) និន្ទេស A ចំនួន ៦នាក់ នៅក្នុងស្រុកមុខកំពូល កាលពីព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ នៅស្រុកមុខកំពូល ខេត្តកណ្តាល។

លោក វង្សី វិស្សុត បានអបអរសាទរ និងកោតសរសើរដល់ក្មួយៗ សិស្សានុសិស្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតបានប្រលងជាប់ និងដណ្តើមបាននូវជ័យលាភីនិទ្ទេស A។ លោកបានបន្តថា ជ័យលាភីនេះ មិនត្រឹមតែជាកិត្តិយសសម្រាប់ឱពុកម្តាយ, ក្រុមគ្រួសារ, លោកគ្រូ អ្នកគ្រូ និងសាលារបស់ក្មួយៗប៉ុណ្ណោះទេ តែនេះក៏ជាមោទនភាព សម្រាប់ភូមិឃុំ និងស្រុកមុខកំពូល របស់យើងផងដែរ ហើយជ័យលាភីនេះ ក៏នឹងត្រូវបានចង់ចាំ ជារៀងរហូតថែមទៀត។

លោក វង្សី វិស្សុត បានលើកឡើងទៀតថា ជ័យលាភីដែលក្មួយទទួលបាននាពេលនេះ គឺមានន័យថា ក្មួយៗសម្រេចបាននូវជោគជ័យក្នុងមួយភាគបួន (១/៤) នៃដំណើរជីវិតរបស់ខ្លួន (ប្រសិនបើគិតឈរលើមូលដ្ឋាន អាយុរំពឹង រស់របស់ប្រជាពលរដ្ឋខ្មែរយើង ក្នុងរង្វង់ប្រមាណ ៧៥ឆ្នាំ) ហើយផ្នែកនេះ ក៏ជាដំណាក់កាលដ៏សំខាន់នៃជីវិតផងដែរ ព្រោះជាពេលដែលក្មួយៗ ត្រូវជ្រើសរើសមុខ ជំនាញត្រូវរៀនសូត្របន្ត ដែលនឹងកំណត់មុខ របររបស់ក្មួយៗ ទៅថ្ងៃអនាគត។ ផ្អែកលើចក្ខុវិស័យ និងទិសដៅក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចទៅថ្ងៃមុខ ក៏ដូចជានិន្នាការ នៃការវិវត្តជឿនលឿនយ៉ាងឆាប់រហ័ស នៃវិស័យបច្ចេកវិទ្យាព័ត៌មាន ពិសេសផ្នែកបញ្ញានិមិត្ត (Artificial Intelligence)។ លោកបានលើកទឹកចិត្តដល់ក្មួយៗ ដែលបានប្រលងជាប់ សញ្ញាបត្រទុតិយភូមិទាំងអស់ ឱ្យចាប់យកជំនាញបច្ចេកវិទ្យា ព្រោះជំនាញនេះ នឹងមានឧត្តមភាព និងមានតម្រូវការខ្ពស់ទៅថ្ងៃមុខ។

លោក វង្សី វិស្សុត បានបន្តថា ដើម្បីអាចក្លាយទៅជាបុគ្គលជោគជ័យមួយរូប ក្នុងសង្គមទាំងសម្រាប់ខ្លួនឯង, សហគមន៍ និងប្រទេសជាតិទាំងមូល, យើងមិនត្រឹមតែត្រូវប្រឹងប្រែងរៀនសូត្រនៅសាលា ដើម្បីទទួលបានចំណេះដឹង ក៏ដូចជាចាប់យកជំនាញច្បាស់លាស់ ដែលគេចាត់ទុកថា ជំនាញរឹង (Hard Skill) ប៉ុណ្ណោះទេ តែយើងក៏ត្រូវចេះចាប់យកជំនាញទន់ (Soft Skill) ផងដែរដូចជា ការដឹកនាំ, ការប្រាស្រ័យទាក់ទង, ការចាត់ចែងការងារ និង ការធ្វើការងារជាក្រុមជាដើម។ល។ ទន្ទឹមនេះ យើងទាំងអស់គ្នាក៏ត្រូវតែមានសមត្ថភាព ជំនាញមួយទៀត ដ៏សំខាន់ជាចាំបាច់ផងដែរ គឺជំនាញក្នុងការចាប់យក ឬការរៀនជំនាញថ្មី (Skill to learn new skill) ដើម្បីត្រៀមខ្លួន ទៅនឹងការប្រែប្រួលយ៉ាងឆាប់រហ័យ និងឥតឈប់ឈរនៃវិស័យបច្ចេកវិទ្យា។

លោក វង្សី វិស្សុត បានបន្តលើកឡើងថា ប្រទេសខ្លាំងពូកែ ទាល់តែមានធនធានមនុស្សខ្លាំងពូកែ។ ដូចនេះ ដើម្បីអាចក្លាយជាមូលធនធនធានមនុស្ស ដែលខ្លាំងពូកែ និងមានតម្លៃ សម្រាប់ប្រទេសជាតិ ក្រៅពីការចាប់យកមុខ ជំនាញច្បាស់លាស់ និងជំនាញចាំបាច់នានាហើយ យើងក៏ត្រូវមាន គុណតម្លៃសំខាន់ៗ មួយចំនួនទៀត ដូចជា ឆន្ទៈ អត្តចរិត គុណធម៌ សីលធម៌ និងសុខភាពរឹងមាំ ព្រមទាំងត្រូវមានការទទួលខុសត្រូវ ខាងសង្គមផងដែរ។

នៅក្នុងឱកាសនោះលោក វង្សី វិស្សុត ក៏បានថ្លែងនូវអំណរគុណ និងការវាយតម្លៃខ្ពស់ជូនចំពោះលោកគ្រូ អ្នកគ្រូ ព្រមទាំងក្រុមការងារ និងអាជ្ញាធរ ដែលបាន លះបង់ពេលវេលា កម្លាំងកាយ និងធនធាន ក្នុងការចូលរួមចំណែក ជ្រុំជ្រែង ដល់សិស្សានុសិស្ស នៅក្នុងស្រុកមុខកំពូល មានឱកាសទទួល បានជោគជ័យ គួរជាទីមោទននេះ។

លោកបានសង្កត់ធ្ងន់ថា ក្មួយសិស្សានុសិស្សទាំងអស់ ដែលមានឱកាស បានសិក្សារៀនសូត្រក្រេបជញ្ជក់ ចំណេះដឹង រហូតទទួលបាននូវលទ្ធផល គួរជាទីមោទនដូចពេលនេះ គឺដោយសារកត្តាសន្តិភាព។ ដូចនេះ យើងទាំងអស់គ្នា ត្រូវតែដឹងគុណ និងត្រូវចង់ចាំជានិច្ច នូវគុណបំណាច់ដ៏ធំធេង របស់សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាព សម្រាប់យើងទាំងអស់គ្នា។

ក្នុងនាមលោកគ្រូអ្នកគ្រូ និងមាតាបីតា អាណាព្យាបាលសិស្ស, លោក យី យ៉េន អភិបាលស្រុកមុខកំពូល សូមសំដែងនូវអំណរ គុណយ៉ាងជ្រាលជ្រៅ ចំពោះលោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, អនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ, រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមុខកំពូល ដែលបានផ្តល់ម៉ូតូចំនួន ៦ គ្រឿង ដល់សិស្សដែលបានប្រលងជាប់ សញ្ញាបត្រទុតិយភូមិ (បាក់ឌុប) និន្ទេស A ចំនួន ៦ នាក់ ក្នុងស្រុកមុខកំពូល និង បានឧបត្ថម្ភថវិកាមួយចំនួនទៀត ដល់សាលា និងលោកគ្រូអ្នកគ្រូផងដែរ៕