(កំពង់ចាម)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រមានប្រើសិទ្ធិការពារខ្លួនចំពោះគណបក្សប្រឆាំងមួយចំនួន ដែលបន្តវាយប្រហារមកលើគណបក្សប្រជាជនកម្ពុជា ដូចជាការចោទប្រកាន់ថាជាចោរលួចសន្លឹកឆ្នោតជាដើម។ ការប្រកាសព្រមានបែបនេះ បានធ្វើឡើងគ្រាដែលសម្តេចតេជោ អញ្ជើញបើកការដ្ឋានពង្រីកកំណាតផ្លូវជាតិពីស្គន់ ទៅក្រុងកំពង់ចាម នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣។
សម្តេចបញ្ជាក់ដូច្នេះថា៖ «តើអ្នកចង់ប្រែក្លាយខ្លួនជាសត្រូវរបស់គណបក្សប្រជាជន ឬយ៉ាងណា? បើអ្នកចង់ឈ្នះឆ្នោត អ្នកគ្រាន់តែឃោសនាពីនយោបាយរបស់អ្នកទៅបានទេ ចាំបាច់អីអ្នកមកវាយប្រហារគណបក្សប្រជាជន អ្នកលក់ទំនិញរបស់អ្នកអួតពីទំនិញរបស់អ្នកទៅ»។
មុននឹងប្រកាសព្រមានបែបនេះ សម្តេចតេជោ បានទទួលនូវការបញ្ជូនភស្តុតាងពីមនុស្សរបស់សម្តេច ចេញពីកិច្ចប្រជុំរបស់គណបក្សប្រឆាំង នៅក្នុងខេត្តសៀមរាប និងខេត្តកំពង់ចាម ដោយសម្តេចអះអាងថា មនុស្សទាំងនោះ មិនពេញចិត្តនឹងការឃោសនាបែបនេះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានព្រមាន និងដាស់តឿនថា ប្រសិនបើគណបក្សនោះនៅតែបន្តវាយប្រហារលើគណបក្សប្រជាជនកម្ពុជា សម្តេចនឹងប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងពេលដែលចាំបាច់ តាមរយៈផ្លូវច្បាប់។
សម្តេចបានបន្តទៀតថា៖ «ខ្ញុំចង់សួរអ្នកវិញថា ជម្រើសមានតែពីរទេ គឺទី១៖ គឺប្រើផ្លូវច្បាប់ និងមួយទៀតគឺប្រើដំបងតែម្តង តើអ្នកយកមួយណាពីរនេះ អាហ្នឹងអ្នកនិយាយឱ្យច្បាស់ ខ្ញុំសូមព្រមានចំពោះអ្នក ពួកខ្ញុំមិនទុកឱ្យពួកអ្នកចោទថាជាចោរមួយជីវិតទេ ខ្ញុំសូមជម្រាបជូន ត្រូវតែបញ្ចប់វប្បធម៌ ឡាំប៉ាក្រោយការបោះឆ្នោត»៕