(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៤ ខែមិថុនានេះ បានប្រតិកម្មទៅនឹង ការរិះគន់របស់សារព័ត៌មាន អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយមួយចំនួន មួយចំនួនលើការដាក់ទណ្ឌកម្មលើប្រធាននាយកដ្ឋានម្នាក់ដែលបៀតបៀនរាយកាយស្រ្តី អ្នកបកប្រែជនជាតិកូរ៉េ អំឡុងពេលទៅចូលរួមវេទិកា ស្ដីពីការអភិវឌ្ឍធនធានមនុស្សអាស៊ាននបូក៣ ឆ្នាំ២០១៦ នាទីក្រុងសេអ៊ូល (Seoul) ប្រទេសកូរ៉េខាងត្បូង (South Korea) នាថ្មីៗនេះ។ ក្រសួងអប់រំ បានអះអាងថា ខ្លួនគ្មានភាពយឺតយ៉ាវក្នុងការដាក់ទណ្ឌកម្មមន្រ្តី ដែលបៀតបៀនរាយកាយស្រ្តី បកប្រែជនជាតិកូរ៉េឡើយ។
ប្រតិកម្មនេះ បានធ្វើឡើងបន្ទាប់ពីមានការរិះគន់ថា ការដាក់ទណ្ឌកម្មរដ្ឋបាលតាមរយៈដកតំណែងរបស់ លោក គ្រី ស៊ាងឡុង ប្រធាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈនៃក្រសួងអប់រំ ចំពោះការបៀតបៀនរាយកាយស្រ្តីអ្នកបកប្រែជនជាតិកូរ៉េនោះ មានភាពយឺតយ៉ាវ ហើយធ្វើឡើងបន្ទាប់ពីព័ត៌មាន ស្តីពីករណីនេះ ត្រូវបានបែកធ្លាយរួចទៅហើយ។
ក្រសួងអប់រំ យុវជន និងកីឡា មានការសោកស្ដាយចំពោះសារព័ត៌មាន អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយមួយចំនួន ដែលបានរិះគន់ចំពោះចំណាត់ការនេះ។ ក្រសួងអះអាងថា បន្ទាប់ពីទទួលបានព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចកូរ៉េ ក្រសួងបានសម្រេចព្យួរតំណែងលោក គ្រី ស៊ាងឡុង កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ ដែលជាកាលបរិច្ឆេទ នៃការចេញសេចក្ដីសម្រេចចាត់តាំងគណៈកម្មការដឹកនាំ និងគ្រប់គ្រងបណ្តោះអាសន្ននាយកដ្ឋាន តម្រង់ទិសវិជ្ជាជីវៈ។ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាវិន័យ បានសម្រេចដាក់ទណ្ឌកម្មខាងវិន័យរដ្ឋបាលដល់បុគ្គល លោក គ្រី ស៊ាងឡុង ដោយដកហូតមុខតំណែងពីប្រធាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ នៅក្នុងកិច្ចប្រជុំបន្ទាន់មួយ មុនពេលមានការផ្សព្វផ្សាយលើសារព័ត៌មាន កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ ទៀត។ ប៉ុន្តែ ដោយផ្អែកលើក្រមសីលធម៌ក្នុងការរក្សាការសម្ងាត់វិជ្ជាជីវៈ សេចក្ដីសម្រេចខាងផ្នែកទណ្ឌកម្មរដ្ឋបាលខាងលើ មិនត្រូវបានផ្សព្វផ្សាយទេ លើកលែកក្នុងករណីចាំបាច់។
សូមបញ្ជាក់ថា លោក គ្រី ស៊ាងឡុង ត្រូវបានចាប់ខ្លួននៅម៉ោងប្រមាណ១០យប់ថ្ងៃទី២៦ ខែឧសភា ម៉ោងនៅក្នុងក្រុងសេអ៊ូល ប្រទេសកូរ៉េ។ នេះយោងតាមការចេញផ្សាយ របស់ព័ត៌មានកូរ៉េខាងត្បូង។ សារព័ត៌មាននេះបានផ្សាយថា លោក គ្រី ស៊ាងឡុង បានប៉ុនប៉ងរំលោភ ទៅលើនារីជាអ្នកបកប្រែម្នាក់ ហើយត្រូវនារីស្រែកហៅ សមត្ថកិច្ចឲ្យចាប់ខ្លួនតែម្តង។
ប៉ុន្តែបើតាមការបំភ្លឺរបស់ក្រសួងអប់រំវិញ បានឱ្យដឹងថា ករណីបៀតបៀនរាងកាយនេះ គឺលោក គ្រី ស៊ាងឡុង បានឱបចង្កេះ និងប៉ុនប៉ងថើប នារីជនជាតិកូរ៉េ ដែលជាជនរងគ្រោះ៕