(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងសារដាស់តឿនលោក គង់ បូរ៉ា ដែលជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាមន្ត្រីគណបក្សប្រជាជនកម្ពុជា ត្រូវបម្រើបក្សឲ្យត្រឹមត្រូវ ពោលគឺកុំឆ្លៀតបម្រើបក្សប្រឆាំងឲ្យសោះ។

ក្នុងពិធីបើកការដ្ឋានពង្រីកកំណាតផ្លូវជាតិពីស្គន់ ទៅក្រុងកំពង់ចាម នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឡានរបស់លោក គង់ បូរ៉ា ដែលជាកូនប្រុសបង្កើតរបស់លោក គង់ គាំ ឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន ដែលទើបចេញពីគណបក្សឆន្ទៈខ្មែរ កំពុងជិះបច្ចុប្បន្នជាឡានសម្តេចទិញឲ្យ។

សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅលោក គង់ បូរ៉ា ធ្វើការងារឲ្យបានច្បាស់លាស់ បើចូលគឺចូលឲ្យផុត បើចេញគឺចេញឲ្យផុត។ សាររបស់សម្តេចតេជោ ធ្វើឡើងបន្ទាប់ពីលោក គង់ បូរ៉ា ឆ្លៀតវាយប្រហារគណបក្សប្រជាជនកម្ពុជា ហើយធ្វើនយោបាយគាំទ្រគណបក្សភ្លើងទៀន ដែលមានប្អូនប្រុសរបស់លោក គឺលោក គង់ មុនីកា ជាសមាជិក ក្រោយលោកទើបលាលែងតំណែងពីប្រធានគណបក្សឆន្ទៈខ្មែរ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «គង់ បូរ៉ា ដែលចូលមកគណបក្សប្រជាជន។ គង់ បូរ៉ា ត្រូវធ្វើឲ្យស្រួល! ឥឡូវ ជាអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃផង។ បើមកគណបក្សប្រជាជន ត្រូវបម្រើគណបក្សប្រជាជន មិនអាចបម្រើឲ្យគណបក្សប្អូនរបស់ខ្លួនបានទេ។ អាហ្នឹង ខ្ញុំសូមរំលឹកទៅ គង់ បូរ៉ា ចំឈ្មោះ ដែលជាកូនរបស់ គង់ គាំ។ គង់ គាំ ជាអ្នកប្រឆាំង ឯកូនជាអ្នកចុះចូល។ ឡាន ដែលគង់ បូរ៉ា ជិះហ្នឹងណា ខ្ញុំទិញឲ្យ ដោយសារឃើញថា ធ្វើការជាមួយខ្ញុំតាំងពីតូច... ។ គង់ បូរ៉ា ធ្វើឲ្យត្រឹមត្រូវ»

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានបានព្រមានចាត់វិធានការលើ លោក គង់ គាំ ដែលបានយកវេទិកានានា វាយប្រហារលើគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ បានលើកឡើងថា គណបក្សប្រឆាំង នៅពេលដែលឃោសនា តែងតែវាយប្រហារលើគណបក្សកាន់អំណាច ហើយក្នុងចំណោមនោះ ក៏មានលោក គង់ គាំ។

សម្តេចបានស្នើលោក គង់ គាំ ធ្វើនយោបាយតាមរបៀបដោះស្រាយបញ្ហារបស់ខ្លួន ដោយកុំយកគណបក្សប្រជាជនធ្វើជារបៀបវារៈ នៃការវាយប្រហារ។

សម្តេចតេជោ ហ៊ុន សែន ក៏បានព្រមានប្តឹងយកផ្ទះរបស់ លោក គង់ គាំ ផងដែរ។ សម្តេចបានបញ្ជាក់ថា ផ្ទះនេះគឺជាអតីតទ្រព្យសម្បត្តិរបស់ក្រសួងការបរទេស ដែលអតីតកាល លោក គង់ គាំ ត្រឡប់ធ្វើអគ្គរដ្ឋទូតនៅទីក្រុងហាណូយវិញ បានដណ្តើមយកផ្ទះនោះ។ ទោះជាយ៉ាងណា សម្តេចអះអាងថា សម្តេចនៅតែយោគយល់ដោយសារតែលោក គង់ គាំ ធ្លាប់នៅជាមួយគ្នា។ សម្តេចចាត់ទុកថា នេះជាការដាស់តឿន លោក គង់ គាំ កុំឲ្យព្រហើនពេក៕