(ភ្នំពេញ)៖​ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ បានបញ្ជូនខ្លួនមន្ត្រីយោធាពាក់ផ្កាយ២ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនខាងតំណាងអយ្យការ បើកការស៊ើបសួរតាមនីតិវិធី ដើម្បីឈានទៅរកការចោទប្រកាន់តាមច្បាប់ ពាក់ព័ន្ធបទល្មើសប្រេីហិង្សាលេីក្រុមគ្រួសារ​។

សូមបញ្ជាក់ថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី៥​ ខែមករា​ ឆ្នាំ២០២៣​ បានឃាត់ខ្លួនមន្ត្រីយោធាពាក់ផ្កាយ២ ដែលបានប្រព្រិត្តអំពើហិង្សាលើប្រពន្ធ​ ប្អូនថ្លៃស្រី​ និងក្មួយស្រី​ ស្ថិតនៅផ្លូវ៣១៣​ ក្នុងសង្កាត់បឹងកក់ទី១​ ខណ្ឌទួលគោក​ រាជធនីភ្នំពេញ។

ជនរងគ្រោះទាំង៣នាក់ បានរៀបរាប់ថា ពួកគាត់តែងតែត្រូវវាយរឿងអស់រយៈពេល៧ ទៅ៨ឆ្នាំហេីយ តែគាត់ជនរងគ្រោះចេះតែទ្រាំ​ មិនប្តឹងអីនោះទេ​ តែយប់កេីតហេតុមន្ត្រីយោធា ដែលជាប្តីបានរករឿងគាត់​ ប្អូនថ្លៃ និងក្មួយតាំងពីយប់រហូតទល់ភ្លឺទេីបគាត់ទ្រាំមិនបាន​ និងមានការភ័យខ្លាចគាត់ប្តឹងទៅកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញឱ្យមកជួយអន្តរាគមន៍​។ ភ្លាមៗ កម្លាំងកងរាជអាវុធហត្ថ បានមកដល់ក៏នាំខ្លួនបុរសជាប្តីយកទៅសួរនាំ​ និងក្រោយមកបានមកឆែកយកកាំភ្លេីងវែង២ដេីម និងបង់ជាច្រេីនផងដែរ។

មន្ត្រីយោធាពាក់ផ្កាយ២រូបនេះមានឈ្មោះ​ អឿង ប៉ុលភិវឌ្ឍន៍ ថាន្តរសក្តិ ជាឧត្តមសេនីយ៍ទោ​ មុខងារបច្ចុប្បន្ន ធ្វើការនៅនាយកដ្ឋានសរុប ក្រសួងការពារជាតិ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរៀបចំសំណុំរឿងបញ្ជូនមកតុលាការ ដេីម្បីកាត់ទោសទៅតាមផ្លូវច្បាប់។

ជាចុងក្រោយជនរងគ្រោះបានស្នេីដល់កម្លាំងកងរាជអាវុធហត្ថ និងតុលាការ មេត្តារកយុត្តិធម៌ ដល់ពួកគាត់ជាជនរងគ្រោះផង៕