(ឡុងដ៍)៖ កាន់តែរន្ធត់មែនទែនហើយ សម្រាប់លទ្ធផលក្បែរសម្រេចនេះ ដោយគិតត្រឹមពេលព្រឹកព្រហាមថ្ងៃសុក្រ ពេលវេលានៅទីក្រុងឡុងដ៍ សំឡេងឆ្នោតនៃប្រជាជនដែលចង់ឲ្យអង់គ្លេស ចាកចេញពីសហភាពអឺរ៉ុបនោះ បាននាំមុខ ២០លានសំឡេង លើបណ្តាប្រជាជនដែលចង់នៅបន្ត។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃសុក្រ ទី២៤ ខែមិថុនា ឆ្នាំ២០១៦។
រហូតមកដល់ពេលនេះ សំឡេងឆ្នោតជាង ២០លានសន្លឹកហើយត្រូវបានរាប់ ដោយក្នុងនោះ ១១,៥៩០លាននាក់ ចង់ឲ្យអង់គ្លេសចាកចេញពីអឺរ៉ុប និង ១០,៨៨៦លាននាក់ចង់នៅបន្តជាមួយសហភាពនេះដដែល។ ដោយឡែក កោះ Orkney ប្រជាជន ៧,១៨៩នាក់ចង់នៅបន្ត ខណៈ ៤,១៩៣ ចង់ចាកចេញ។ ងាកមកលើទីក្រុង Newcastle វិញ អ្នកបោះឆ្នោត ៦៥,៤០៤ ចង់នៅបន្ត ស្របពេលដែល ៦៣,៥៩៨នាក់ចង់ចាកចេញ និង ទីក្រុង Gibraltar មាន ១៩,៣២២នាក់ ចង់នៅបន្តក្នុងសហភាពអឺរ៉ុប និង ៨២៣នាក់ចង់ចាកចេញ។
ទោះបីជាបណ្តាទីក្រុងតូចៗមួយចំនួន ចង់ឲ្យអង់គ្លេសបន្តនៅក្នុងអឺរ៉ុបភាគច្រើនក៏ដោយ ក៏ប៉ុន្តែទីក្រុងធំៗជាច្រើននៅ ទូទាំងចក្រភពអង់គ្លេស បានសម្តែងមតិផ្ទុយគ្នា ដោយចង់ឲ្យអឺរ៉ុបចាកចេញច្រើនជាង។ លទ្ធផលជាផ្លូវការនឹងត្រូវ ប្រកាសនៅពេលព្រឹកថ្ងៃសុក្រនៅអង់គ្លេស ត្រូវនឹងពេលរសៀលថ្ងៃសុក្រ ពេលវេលានៅកម្ពុជា។
តាមលទ្ធផលបណ្ដោះអាសន្នបានបង្ហាញអោយឃើញថា ប្រជាពលរដ្ឋអង់គ្លេសភាគច្រើនជាង ៥០ ភាគរយបានបោះឆ្នោតគាំទ្រឲ្យចាកចេញពីសហគមន៍អឺរ៉ុប ខណៈប្រជាពលរដ្ឋអង់គ្លេស ៤៨ ភាគរយចង់បន្តនៅជាសមាជិករបស់សហគមអឺរ៉ុប ។
អង់គ្លេសបានក្លាយជាសមាជិករបស់សហគមន៍អឺរ៉ុបរយៈពេល ៤៣ ឆ្នាំមកហើយ ។ ប្រធានសហគមន៍អឺរ៉ុបបានព្រមានចក្រភពអង់គ្លេសថា បើចេញហើយ មិនអោយវចូលវិញទេ៕