(កណ្តាល)៖ ឆ្លើយតបសំណូមពរប្រជាកសិករនៅឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង លោក សេង ស៊ីណារិន ប្រធានក្រុមការងារចុះជួយពង្រឹង ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បាននាំយកគ្រឿងចក្រដល់ទីតាំងស្រែរបស់ប្រជាពលរដ្ឋ កំពុងរងគ្រោះដោយការលិចដំណាំស្រូវ ប្រមាណជាង ២០ហិចតា ដើម្បីរំដោះទឹកចេញ និងទាញយកទឹកនោះទៅសង្រោះស្រែជាង ២០ហិចតា របស់ប្រជាពលម្ខាងទៀត ដែលកំពុងជួបបញ្ហាខ្វះទឹក។
ក្នុងពេលចុះជួយសង្រ្គោះស្រូវរបស់ប្រជាពលរដ្ឋនោះ លោក សេង ស៊ីណារិន បានថ្លែងថា ការលំបាករបស់ប្រជាពលរដ្ឋរងគ្រោះទាំងអស់ គឺជាទុក្ខព្រួយរបស់ថ្នាក់ដឹកនាំជាតិគ្រប់លំដាប់ថ្នាក់។ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា តែងបានណែនាំដល់គ្រប់ស្ថាប័ននានា នៅក្រោមឱវាទចាប់តាំងពីថ្នាក់ជាតិ រហូតដល់មូលដ្ឋានយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខ ការលំបាក និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយពូជសាសន៍ សាសនា ឬ ពណ៌សម្បុរឡើយ។
លោក សេង ស៊ីណារិន ក៏បានក្រើនរំឭកដល់ប្រជាពលរដ្ឋងាយរងគ្រោះ ឲ្យប្រកាន់ខ្ជាប់នូវអនាម័យបីប្រការគឺ៖ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ព្រោះការងារ សុខភាពជាកត្តាចម្បងបំផុត ដែលពលរដ្ឋគ្រប់រូបត្រូវតែចូលរួមអនុវត្តទាំងអស់គ្នា។
លោកបានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្ត ក៏ដូចជាពីប្រមុខរាជរដ្ឋាភិបាល និងដោយសារមានការសហការល្អជាមួយដៃគូរ អភិវឌ្ឍន៍នានាផងនោះ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង បានកសាងហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើន បម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ពោលគឺពេលនេះ ក្នុងមូលដ្ឋានមានប្រឡាយទឹក មានផ្លូវ មានមន្ទីរពេទ្យ ហើយសេវាសាធារណៈនានា របស់រដ្ឋត្រូវបានផ្តល់ជូនប្រជាពលរដ្ឋ យ៉ាងយកចិត្តទុកដាក់និងមានតម្លាភាព។
ដោយមើលឃើញពីការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិបែបនេះ ប្រជាពលរដ្ឋរស់នៅឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង បានសម្តែងភាពសប្បាយរីករាយ ចំពោះការស្តារប្រឡាយ ក៏ដូចជាការរំដោះទឹកចេញ មិនឲ្យលិចលង់ផលដំណាំស្រូវរបស់ពួកគាត់។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន មន្ទីរពេទ្យ វត្តអារាម ពិតជាបានជួយសម្រួលដល់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរ លោក សេង ស៊ីណារិន និងក្រុមការងារ ក៏បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋទីទាល់ក្រ ដែលរស់នៅក្នុងឃុំអំពៅព្រៃ ព្រមទាំងបាននាំគ្រឿងឧបភោគបរិភោគ ជូនដល់ក្រុមគ្រួសារចំនួន ៣គ្រួសារ និងបានឲ្យក្រុមការងារកសាងថ្ទះចំនួន៣ខ្នង ជូនដល់គ្រួសារ ដែលគ្មានទីជម្រកចំនួនឲ្យបានរស់នៅសមរម្យ ដូចជាប្រជាពលរដ្ឋក្នុងភូមិអំពៅព្រៃ។
លោក លោក សេង ស៊ីណារិន ក៏បានជម្រាបថា អំណោយមនុស្សធម៌នេះ ថ្វីត្បិតមានចំនួនតិចតួច ប៉ុន្តែជាសិល្បៈក្នុងការចែករំលែក ដើម្បីចូលរួមជួយសម្រាលការលំបាកចំពោះមុខ របស់ប្រជាពលរដ្ឋ បានមួយកម្រិតផងដែរ៕