(ឥណ្ឌូនេស៊ី)៖ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានបើកប្រជុំគណៈរដ្ឋមន្ត្រីរបស់ខ្លួននៅលើនាវាចម្បាំងមួយ ក្នុងដំណើរទស្សនកិច្ចទៅកាន់កោះ Natuna ភាគខាងត្បួងនៃសមុទ្រចិនខាងត្បួង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែមិថុនា។
នៅក្នុងដំណើរទស្សនកិច្ចនេះ លោក Widodo បានអះអាងថា កន្លែងដែលលោកកំពុងឈរនេះគឺជា ដែនអធិបតេយ្យភាពក្នុងតំបន់សមុទ្រភាគខាងត្បួង ដែលការអះអាងនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលចិន អះអាងថា ការទាមទាររបស់ឥណ្ឌូនេស៊ី ដូចជាលើសហើយ។
មន្ត្រីធំៗដែលអមដំណើររបស់លោក Widodo មានដូចជា រដ្ឋមន្ត្រីក្រសួងសន្តិសុខ, រដ្ឋមន្ត្រីការបរទេស និងមេបញ្ជាការយោធាឥណ្ឌូនេស៊ី។ ក្នុងដំណើរទស្សនកិច្ចនោះ លោកប្រធានាធិបតី បានបើកកិច្ចប្រជុំមួយនៅលើនាវាចម្បាំង ដោយលើកយកបញ្ហាសមុទ្រចិនខាងត្បួងមកធ្វើជាប្រធានបទ និងបញ្ជាឲ្យកងទ័ពយាមល្បាតនៅកន្លែងតំបន់មានជម្លោះឲ្យបង្កើនការប្រុងប្រយ័ត្ន។
គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលឥណ្ឌូនេស៊ី គ្រោងធ្វើការវិនិយោគនៅលើកោះ Natuna ឲ្យក្លាយទៅជាតំបន់សេដ្ឋកិច្ច ព្រោះវាជាតំបន់កោះមួយស្ថិតនៅជាប់ព្រំដែន៕