(បាត់ដំបង)៖ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំរកា និងឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង បានលើកឡើងថា ថ្ងៃ៧ មករា ១៩៧៩ ជាព្រឹត្តិការណ៍សច្ចធម៌ប្រវត្តិសាស្រ្ត ពុំអាចកាត់ថ្លៃបាន ដោយចាត់ទុកថា ជ័យជម្នះ ៧មករា គឺជាថ្ងៃកំណើតទី២ សម្រាប់ជនរងគ្រោះជាច្រើនលាននាក់ផ្សេងទៀត ឱ្យរួចផុតជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងជាការផ្តល់នូវសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ជូនប្រជាជនកម្ពុជាគ្រប់ៗរូប។
ការលើកឡើងបែបនេះរបស់ លោក កែវ រ៉េមី បានធ្វើឡើងក្នុងឱកាស ដែលលោកធអញ្ចើញជាអធិបតីក្នុងការរៀបចំអបអរសាទរទិវាជ័យជំនះ ៧មករា នៅឃុំរកា និងឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង នារសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ ដោយមានអ្នកចូលរួមសរុប៤៥០នាក់។
នាឱកាសនោះដែរ លោក កែវ រ៉េមី បានថ្លែងថា កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយរយៈពេល ៤៤មកនេះ ធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា មានសិទ្ធិគ្រប់គ្រាន់ក្នុងការបញ្ចេញមតិ ប្រកបអាជីវកម្ម ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិ និងការរស់នៅប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្លូរ ដូច្នេះពលរដ្ឋទាំងអស់ត្រូវចូលរួមរក្សាសន្តិភាពនេះ ឱ្យបានយូរអង្វែង។
លោក កែវ រ៉េមី បានថ្លែងយ៉ាងដូច្នេះថា៖ «កត្តាសុខសន្តិភាពបច្ចុប្បន្ននេះ មានសារៈសំខាន់ខ្លាំង ដូច្នេះប្រជាពលរដ្ឋទាំងអស់ត្រូវនាំគ្នាចូលរួមរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យនេះ ដែលធ្វើឱ្យប្រជាពលរដ្ឋមានសិទ្ធិគ្រប់គ្រាន់ក្នុងការបញ្ចេញមតិ និងការស់នៅ»។
លោក កែវ រ៉េមី បានបន្តថា រាជរដ្ឋាភិបាលបានខិតខំដោះស្រាយណាស់នូវអ្វីដែលជាតម្រូវការប្រជាជនចង់បាន ខិតខំកសាងសមិទ្ធផលនានា និងបង្កឱកាសឱ្យសប្បុរសជន អង្គការ សមាគមចូលរួមកសាងសមិទ្ធផលផ្សេងៗរួមមានមន្ទីរពេទ្យវត្តអារាម សាលារៀន ដែលអាចជួយដោះស្រាយ តម្រូវការប្រជាពលរដ្ឋ និងបង្កលក្ខណៈងាយស្រួលដល់កូនចៅ។ អ្នកដែលដើរតួសំខាន់ក្រៅពីរដ្ឋាភិបាល នៅក្នុងវិស័យអប់រំ គឺលោកគ្រូ អ្នកគ្រូ ដែលជួយកសាងប្រព័ន្ធអប់រំនៅកម្ពុជា។ នេះគឺជាគុណបំណាច់របស់លោកគ្រូ អ្នកគ្រូ មិនត្រឹមតែកសាងធនធានមនុស្ស ជួយឱ្យមនុស្សមានអនាគត មានចំណេះដឹងចំណេះធ្វើនោះទេ ប៉ុន្តែបានលើកស្ទួយប្រទេសជាតិយើងតាមរយៈការកសាងសមត្ថភាពមន្ត្រីអប់រំរបស់យើង។
ក្នុងពិធីនោះ លោក កែវ រ៉េមី បានថ្លែងថា ប្រទេសជាតិមានសន្តិភាព ហើយប្រជាពលរដ្ឋមានសិទ្ធិគ្រប់គ្រាន់ ក្នុងការរស់នៅដោយមានការទទួលស្គាល់ ពីសហគមន៍អន្រជាតិរាល់ថ្ងៃនេះ គឺដោយសារភាពឈ្លាសវៃក្នុងការដឹកនាំប្រទេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
ជាមួយគ្នានោះ លោក កែវ រ៉េមី ក៏បានលើកឡើងថា ការអភិវឌ្ឍកសាងប្រទេសជាតិវាកើតចេញពីគណបក្សប្រជាជនកម្ពុជា ដែលរួមកម្លាំង និងសាមគ្គីគ្នា ទើបទទួលបានជោគជ័យនិងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។ លោកបានគូសបញ្ជាក់ថា សម្ដេចតេជោ បានខិតខំតាំងពីប្រទេសជាតិ ស្ថិតនៅបាតដៃទទេរហូត ដល់មានការរីកចម្រើនលើគ្រប់ផ្នែកគ្រប់វិស័យ ដែលធ្វើឱ្យពិភពលោកទទួលស្គាល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ហើយពលរដ្ឋមានសិទ្ធិពេញលេញ ក្នុងការរស់នៅការដើរហើរ ឬទេសចរណ៍ក្រៅស្រុកផងដែរ។
លោកបានគូសបញ្ជាក់បន្ថែមថា ជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការដាក់ចេញនូវវិធានការគ្រប់បែបយ៉ាងរបស់រាជរដ្ឋាភិបាល ជាពិសេសនយោបាយចាក់ស្រោចវ៉ាក់សាំង គឺជាការធានានូវសិទ្ធរស់រានមានជីវិតរបស់ប្រជាពលរដ្ឋទាំងអស់ ដែលធ្វើឱ្យកម្ពុជាអាចបើកដំណើរការប្រទេសទាំងស្រុងឡើងវិញចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១ ជាមួយនឹងការងើបឡើងវិញនៃសេដ្ឋកិច្ច និងការអភិវឌ្ឍនៅគ្រប់វិស័យ។
លោកបានបន្ថែមថា ចាប់តាំងពីពេលដែលប្រទេសជាតិយើងត្រូវបានរំដោះពីរបបប្រល័យពូជសាសន៍មកដល់ពេលនេះ មានរយៈពេល ៤៤ឆ្នាំហើយ ដែលយើងបានពុះពារជម្នះរាល់ឧបសគ្គ និងការលំបាកយ៉ាងច្រើនឥតគណនា ដែលបន្សល់ទុកពីសង្គ្រាមបំផ្លិចបំផ្លាញ ដោយបានខិតខំស្តារ កសាង និងអភិវឌ្ឍមាតុភូមិ ពុះពារស្វែងរកសន្តិភាព និងការផ្សះផ្សារជាតិ៕