(កំពង់ធំ)៖ លោក ថា យ៉ាវ សមាជិកកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកស្ទោង រួមទាំងថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ និងមហាជនក្នុងស្រុកស្ទោងខេត្តកំពង់ធំនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ បានមកជួបជុំគ្នានៅបរិវេណរដ្ឋបាលស្រុកស្ទោង ប្រារព្វមិទ្ទិញអបអរសាទរខួប លើកទី៤៤ទិវាជ័យជម្នះ៧មករា (៧មករា១៩៧៩-៧មករា ២០២៣)។

លោក ថា យ៉ាវ បានលើកយកសុន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អានជូនដល់ប្រជាពលរដ្ឋក្នុងស្រុកស្ទោង ខេត្តកំពង់ធំថា កាលពី៤៤មុនប្រជាពលរដ្ឋខ្មែរគ្រប់រូបរួមទាំងកុមារតូចៗ ត្រូវរស់នៅក្រោមការបង្ខិតបង្ខំឲ្យធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក អាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន គ្មានវត្តអារាម ហើយសិទ្ធិសេរីភាពទាំងអស់របស់ពលរដ្ឋក៏មិនមានដែរ។

លោកបានបន្ដថា ប៉ុន្តែក្រោយពីប្រទេសជាតិត្រូវបានរំដោះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យមកទល់សព្វថ្ងៃនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

លោកបានបន្ដអានសន្ទរកថាទៀតថា ថ្ងៃ៧មករាគឺជាថ្ងៃកំណើតទី២របស់យើងទាំងអស់គ្នា ៧មករាមានអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះ ហើយ៧មករា បាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យរួមមានផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធទឹក ភ្លើង វត្តអារាម និងសមិទ្ធផលដ៏សំខាន់ជាច្រើនទៀត។

នៅក្នុងឱកាសនោះតំណាងអង្គមិទ្ទិញ បានសម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្ងៃ៧មករា និងប្ដេជ្ញាចិត្តចូលរួម ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍដែលកម្ពុជាកំពុងមានសព្វថ្ងៃ ដើម្បីឲ្យកម្ពុជាមានឱកាស បន្តការអភិវឌ្ឍរីកចម្រើនទៅមុខបន្ថែមទៀត និងបានប្ដេជ្ញាថានឹងឆ្លាក់ទុកស្មារតី៧មករា ស្ថិតនៅក្នុងក្រអៅបេះដូងប្រជាពលរដ្ឋគ្រប់ៗរូប​ និងជានិមិត្តរូបនៃសាមគ្គីជាតិ និងមហាគ្រួសារខ្មែរជាអមតៈ ក្រោមម្លប់សុខសន្តិភាពជានិច្ចនិរន្ត៍ថែមទៀតផង៕