(កណ្ដាល)៖ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស បានលើកឡើងដោយចាត់ទុក សន្ដិភាព ជាខ្យល់អុកស៉ីសែនសម្រាប់មនុស្សដកដង្ហើម ហើយបើគ្មានសន្ដិភាព ប្រៀបដូចមនុស្សយើងគ្មានខ្យល់សម្រាប់ដង្ហើមនោះដែរ។
ការលើកឡើងរបស់នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង ក្នុងការអញ្ជើញជាអធិបតីជាមួយលោកស្រី បែន ចន្នី បិទការប្រកួតកីឡាករបាលទះ ដើម្បីអបអរសាទរទិវាជ័យជំនះ ៧មករា នៅរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣នេះ នៅទីបញ្ជាការដ្ឋានអង្គរក្សតាខ្មៅ។
នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង បានថ្លែងយ៉ាងដូច្នេះថា «យើងសូមអរគុណចំពោះសុខសន្តិភាព សន្តិភាព ប្រៀបបានទៅនឹងខ្យល់ឧកស៊ីសែន បើគ្មានឧកស៊ីសែន យើងមិនអាចដកដង្ហើមរស់រានមានជីវិតបាននោះទេ។ ដោយសារកត្តា សុខសន្តិភាពនេះហើយ ដែលបានធ្វើឲ្យយើងមានអ្វីៗ រហូតមកដល់ពេលនេះ និងរៀបចំកម្មវិធីនេះឡើងផងដែរ»។
នាយឧត្តមសេនីយ៍ បានអះអាងថា កម្ពុជាពិតជាសំណាងណាស់ ដែលមានប្រមុខរដ្ឋាភិបាល សម្តេចតេជោ ហ៊ុនសែន ជាប្រមុខក្នុងការដឹកនាំប្រទេសជាតិ ធ្វើឲ្យមានសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស និងអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។ លោកបានផ្តាំផ្ញើដល់ក្រុមកីឡាករត្រូវបន្តថែរក្សាសុខសន្តិភាព និងចូលរួមអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចតេជោ និងវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជា។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង បានឧបត្ថម្ភសម្ភារថវិកាដល់កីឡាករទាំង២០ក្រុម ចំណាត់ថ្នាក់លេខ១ បានទៅលើកងអន្តរាគមន៍ចល័ត៩៩៩ ទទួលបានពាន១, មេដាយ១៥គ្រឿង, ទង់១, បាល់៣ ហ្វីឡេ១, ប័ណ្ណសរសើរ១, ទឹកសុទ្ធ១០កេស, ស្រាបៀរ ១០កេស និងថវិកា ចំនួន៤,៧៥០ដុល្លារ។
ចំណាត់ ថ្នាក់លេខ២ បានទៅលើកងអន្តរាគមន៍ការពារ ៣១១ ទទួលបានមេដាយ១៥គ្រឿង, ទង់១, បាល់២ ហ្វីឡេ១, ប័ណ្ណសរសើរ១, ទឹកសុទ្ធ១០កេស ស្រាបៀរ១០កេស និងថវិកា ចំនួន២,៥០០ដុល្លារ។ ចំណាត់ ថ្នាក់លេខ៣ បានទៅលើកងអនុសេនាធំការពារផ្ទាល់ ទទួលបានមេដាយ១៥គ្រឿង, ទង់១, បាល់១ ហ្វីឡេ១, ប័ណ្ណសរសើរ១, ទឹកសុទ្ធ១០កេស ស្រាបៀរ១០កេស និងថវិកាចំនួន១,៧៥០ដុល្លារ។ ១៧ក្រុមទៀត មួយក្រុមៗទទួលបានទឹកសុទ្ធ១០កេស ស្រាបៀរ១០កេស ថវិកាចំនួន២លានរៀល, ឧបត្ថម្ភដល់គណៈកម្មការជាតិ៤នាក់ ទឹកសុទ្ធ១០កេស ស្រាបៀរ១០កេស និងម្នាក់ថវិកា៥០០ដុល្លារ៕