(ភ្នំពេញ)៖ សាលាប៊ែលធីអន្តរជាតិ ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ បានប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រ ជូនដល់សិស្សភាសាអង់គ្លេស ទូទៅ Level6 ចំនួន៨១៣នាក់ នៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ (សាខាទួលស្លែង) ក្រោមអធិបតីភាពរបស់លោក លី ឆេង អគ្គនាយក ប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកស្រី ។

តាមរបាយការណ៍របស់លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប បានឲ្យដឹងថា សិស្សភាសាអង់គ្លេស Level 6 ដែលបានប្រឡងបញ្ចប់ ទាំង៣៨ជំនាន់ មានចំនួន៩.៣៣២នាក់ ។

សាលាប៊ែលធី អន្តរជាតិ បានបញ្ជូលកម្មវិធីសិក្សាបន្ថែមធំៗ ចំនួន៧ សម្រាប់ថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅរួមមាន៖

ទី១. កម្មវិធីបង្កើនចំណេះដឹងទូទៅ ទី២.កម្មវិធីពង្រឹងស្មារតី ទី៣.កម្មវិធីទស្សនកិច្ចសិក្សា ទី៤.កម្មវិធិសិក្សាតាមទូរទស្សន៍ ទី៥.កម្មវិធីប្រឡង សំណេរ ទី៦.កម្មវិធីប្រកួតប្រជែងគណិតវិទ្យា និងទី៧.កម្មវិធីប្រកួតប្រជែងទេពកោសល្យ ហើយកម្មវិធីនីមួយៗបានចែកជា៖

-ទី១-កម្មវិធីបង្កើនចំណេះដឹងទូទៅ រួមមាន
-សិស្សថ្នាក់ទី៩  សិក្សាពី ទស្សនៈទានព្រះពុទ្ធសាសនា -សិស្សថ្នាក់ទី១០  សិក្សាពី សុវត្ថិភាពចំណីអាហារ និងច្បាប់ចរាចរណ៍ផ្លូវគោក -សិស្សថ្នាក់ទី១១ សិក្សាពី ការយល់ដឹងពីគ្រឿងញៀន និងជំងឺអេដស៍ -សិស្សថ្នាក់ទី១២ សិក្សាពីច្បាប់ប្រឆាំងអំពើពុករលួយនិងតួនាទី យុវជននៅក្នុងសង្គម -ទី២-កម្មវិធីពង្រឹងស្មារតី រួមមាន
-កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ -កម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេស
-វេទិកាជជែកពិភាក្សាជាសាធារណៈ
-ទី៣-កម្មវិធីទស្សនកិច្ចសិក្សា  រួមមាន៖

-ថ្នាក់ទី៤-ទី៥ ខ្មែរ និងភាសាអង់គ្លេសLevel4-5ទស្សនកិច្ចព្រះប្ររមរាជវាំង -ថ្នាក់ទី៦ ខ្មែរ និងភាសាអង់គ្លេស Level 6 ទស្សនកិច្ច សារមន្ទីរជាតិ -ថ្នាក់ទី៧ ខ្មែរ និងភាសាអង់គ្លេស Level 7ទស្សនកិច្ចសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង -ថ្នាក់ទី៨ ខ្មែរ និងភាសាអង់គ្លេស Level8ទស្សនកិច្ចមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក -ថ្នាក់ទី៩ ខ្មែរ និងភាសាអង់គ្លេស Level 9 ទស្សនកិច្ច សារមន្ទីរជាតិ និងរមណីយដ្ឋានតាម៉ៅ
-ថ្នាក់ទី១០ ខ្មែរ និងភាសាអង់គ្លេស Level 10ទស្សនកិច្ចព្រះបរមរាជវាំង និងភ្នំព្រះរាជទ្រព្យឧត្តុង្គ
-ថ្នាក់ទី១១ ខ្មែរ និងភាសាអង់គ្លេស Level 11 ទស្សនកិច្ចសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងរមណីយដ្ឋាន ភ្នំសន្ទុក -ថ្នាក់ទី១២ ខ្មែរ និងភាសាអង់គ្លេស Level 12 ទស្សនកិច្ចមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក និងប្រាសាទសម្បូរព្រៃគុក
-ទី៤-កម្មវិធីសិក្សាតាមទូរទស្សន៍ ៖សិស្សបានសិក្សាពីចំរៀងខ្មែរ-អង់គ្លេស រឿងនិទាន និងទស្សនៈវាគ្មិនល្បីៗ
-ទី៥-កម្មវិធីប្រឡងសំណេរ៖ ធ្វើឲ្យសិស្សចេះស្ទាត់ក្នុងការសរសេរកថាខណ្ឌសម្រាប់ថ្នាក់តូច និងតែងសេចក្តីសម្រាប់ថ្នាក់ធំ
-ទី៦-កម្មវិធីប្រកួតប្រជែងគណិតវិទ្យា ៖ ធ្វើឲ្យសិស្សមានជំនាញ ក្នុងការគិត បូកលេខ ប្រមាណវិធី ដោះស្រាយបញ្ហាបានត្រឹមត្រូវ និងឆាប់រហ័ស។
-ទី៧-កម្មវិធីប្រកួតប្រជែងទេពកោសល្យ ៖ លើកទឹកចិត្ត និងផ្តល់ឱកាសជូនសិស្សានុសិស្សបានបញ្ចេញស្នាដៃ និងទេពកោសល្យដែលខ្លួន មានពីកំណើត។

ក្នុងឱកាសនោះផងដែរ លោក លី ឆេង បានថ្លែងនូវការកោតសរសើរចំពោះក្មួយៗដែលបានខិតខំយកចិត្តទុកដាក់រៀនសូត្រគោរពបទបញ្ជា ផ្ទៃក្នុងរបស់សាលាបានល្អ មានវិន័យល្អ និងសីលធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គម រហូតទទួលបានវិញ្ញាបនបត្រ នាពេលនេះ។

លោក បានថ្លែងថា សមិទ្ធិផល និងការរីកដុះដាលរបស់ប៊ែលធី គ្រុប ពីមួយឆ្នាំទៅមួយឆ្នាំ គឺដោយសារមានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់អាណាព្យាបាលសិស្ស សិស្សានុសិស្ស និស្សិតស្ថាប័ននានា ក្រសួងអប់រំ យុវជន និងកីឡា និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ផងដែរ។

លោកក៏បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ត្រូវខិតខំរៀនសូត្រ ដើម្បីបង្កើនចំណេះដឹងរបស់ខ្លួន ហើយនៅពេលបញ្ចប់ Level12 ផ្នែកភាសា អង់គ្លេស ត្រូវមានសមត្ថភាពគ្រប់គ្រាន់ទាំងការនិយាយ ការស្តាប់ ការអាន និងការសរសេរ ដើម្បីឈានទៅដល់ការប្រឡងតេស្តអន្តរជាតិ (TOEFLឬIELTS) ឲ្យបានពិន្ទុយ៉ាងតិច 6.5ឡើងទៅសម្រាប់ដាក់ពាក្យសុំអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស ដើម្បីក្លាយទៅជាអ្នក ដឹកនាំល្អ និងជាទំពាំងស្នងឫស្សីដ៏ល្អក្នុងការអភិវឌ្ឍប្រទេសជាតិទៅថ្ងៃអនាគត។ បន្ទប់មក លោក ប្រធានគណៈអធិបតី និងលោកស្រី ក៏បានចូលរួមអបអរសាទរ និងប្រគល់វិញ្ញាបនបត្រជូនដល់សិស្សជ័យលាភីទាំង ៨១៣នាក់ នាពេលនោះផងដែរ ៕