(ត្បូងឃ្មុំ)៖ លោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃមូលនិធិជាតិជំនួយសង្គម នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំក្រែក រៀបចំកម្មវិធីជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ដែលបានប្រឡងជាប់សញ្ញាបត្រទុតិយភូមិ នៅក្នុងឃុំក្រែក ស្រុកពញាក្រែកខេត្តត្បូងឃ្មុំ ក្នុងគោលបំណងអបអរសាទរជាមួយនឹងខួប ៤៤ឆ្នាំ នៃមហាព្រឹត្តិការណ៍ជ័យជំនះ៧មករា។
លោកបានលើកឡើងថា ថ្ងៃ៧ មករា ១៩៧៩ ជាព្រឹត្តិការណ៍សច្ចធម៌ប្រវត្តិសាស្រ្ត ដែលពុំអាចកាត់ថ្លៃបាន សម្រាប់ប្រជាជនខ្មែរគ្រប់សម័យកាល ដោយចាត់ទុកថា ជ័យជំនះ ៧មករា គឺជាថ្ងៃកំណើតទី២ សម្រាប់ជនរងគ្រោះជាច្រើនលាននាក់ផ្សេងទៀត ឲ្យរួចផុតជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
ក្រៅពីទទួលបានជីវិតថ្មី គឺគុណតម្លៃ ៧មករា បាននាំមកវិញនូវការរស់នៅក្នុងសង្គមសន្តិភាព ទទួលបានសិទ្ធិគ្រប់យ៉ាង និងមើលឃើញពីការរីកចំរើនរបស់ជាតិឥតឈប់ឈរ។
ចាប់តាំងពីពេលដែលប្រទេសជាតិយើងត្រូវបានរំដោះពីរបបប្រល័យពូជសាសន៍មកដល់ពេលនេះ មានរយៈពេល ៤៤ឆ្នាំហើយ ដែលយើងបានពុះពារជម្នះរាល់ឧបសគ្គ និងការលំបាកយ៉ាងច្រើនឥតគណនា ប្រឹងប្រែងជម្នះនូវផល វិបាកលើគ្រប់វិស័យដែលបន្សល់ទុកពីសង្គ្រាមបំផ្លិចបំផ្លាញ ខិតខំស្តារ កសាង និងអភិវឌ្ឍមាតុភូមិ ពុះពារស្វែងរក សន្តិ ភាព និងការផ្សះផ្សារជាតិ។
រាជរដ្ឋាភិបាលបានខិតខំអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដោយសម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ ដូចតទៅ៖
១៖ សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈត្រូវបានធានា ធ្វើឱ្យប្រជាជនរស់នៅយ៉ាងសុខសាន្ត
២៖ ដំណើរការកែទម្រង់យ៉ាងស៊ីជម្រៅ និងទូលំទូលាយត្រូវបានជំរុញ និងបន្តអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល
៣៖ សន្តិភាព និងស្ថិរភាពនយោបាយគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា បើទោះបី ជាកម្ពុជា ក៏ដូចជាពិភពលោកជួបប្រទះនឹងវិបត្តិជំងឺកូវីដ-១៩ ក៏ដោយ ក៏យើងនៅតែ ជម្នះបាននូវឧបសគ្គទាំងនេះ
៤៖ ក្រៅពីនេះ រាជរដ្ឋាភិបាលបានកសាងហេដ្ឋរចនាសម្ព័ន្ធថ្មីៗ រួមមានផ្លូវផ្នល់ ស្ពានឆ្លងទន្លេ ស្ពានអាកាស ព្រលានយន្តហោះ និងកែលម្អឱ្យកាន់តែប្រសើរឡើងទាំងបរិមាណ និងគុណភាព នូវហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ ក៏ដូចជាកសាងសាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាស្រ្ត ។ល។ ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងកំណើនសេដ្ឋកិច្ច
៥៖ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ដល់គ្រួសារនិវត្តន៍ជន អតីយុទ្ធជន ជនមានពិការភាព និងគ្រួសារក្នុងបន្ទុក តាម រយៈការបង្កើនប្រាក់របបសន្តិសុខសង្គមជារៀងរាល់ឆ្នាំ ស ម្រាប់និវត្តជន អតីយុទ្ធជន ជនមានពិការភាព និងអ្នកបម្រើជនមានពិការភាព ដើម្បីកាត់បន្ថយគម្លាតរវាងអ្នកចូលនិវត្តន៍មុន និងអ្នកចូលនិវត្តន៍ក្រោយ
៦៖ រាជរដ្ឋាភិបាលបានដាក់ចេញ និងកំពុងអនុវត្តគោលនយោ បាយជាតិគាំពារសង្គម ដើម្បីលើកកម្ពស់សុខុមាលភាព និងសាមគ្គីភាពសង្គម និងដើម្បីកាត់បន្ថយភាពក្រីក្រជូនប្រជា ជន ជាពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះ។
តាមរយៈគោលនយោបាយនេះ រាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តកម្មវិធីជំនួយសង្គមចំនួន៤ គឺ៖
(១). កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ (ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ មកដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ចំណាយថវិកាសរុបប្រមាណ ៨៥.៩៨៦.៤៤០.០០០លានរៀល ជាង២១លានដុល្លារ)
(២). កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ១៩ (ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ មកដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ ចំណាយថវិកាសរុបប្រមាតជិត៩០០លានដុល្លារ)
(៣). ផ្អែកតាមភាពមិនច្បាស់លាស់ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ១៩ ភាពតានតឹងផ្នែកភូមិសានយោ បាយ និងសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន បានបណ្តាលឱ្យមាននិន្នាការកើនឡើងនៃថ្លៃទំនិញ និងម្ហូបអាហារនៅលើទីផ្សារ ជាពិសេសប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជា ពលរដ្ឋកម្ពុជា ក្នុងគ្រួសារក្រីក្រ និងងាយរងគ្រោះ រាជរដ្ឋា ភិបាលបានដាក់ចេញនូវកម្មវិធីអន្តរាគមន៍ជំនួយសង្គមថ្មីគឺ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសាររងហានិភ័យក្នុងអំឡុង ពេលសម្ពាធមានអតិផរណា។
(៤). ទន្ទឹមនឹងបញ្ហាដែលបានរៀបរាប់ខាងលើ ជាអកុសល កាលពីខែតុលាឆ្នាំ២០២២ កន្លងមកនេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងផ្នែកខ្លះនៃរាជធានីខេត្តចំនួន១៦ របស់កម្ពុជា បានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារទឹកជំនន់ ធ្វើឱ្យមានការលិចលង់ ខូចខាតផ្ទះសម្បែង ផលដំណាំ ហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋាន និងប៉ះពាល់ខ្លាំងដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋជាពិសេសគ្រួសារងាររងគ្រោះ។ ដើម្បីឆ្លើយតបនឹងស្ថានការណ៍ដ៏លំបាកនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីអន្តរាគមន៍ជំនួយសង្គមថ្មីមួយទៀតគឺកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយគ្រោះទឹកជំនន់៕