(ភ្នំពេញ)៖ លោក កែវ ពិសិដ្ឋ នាយកខុទ្ទការល័យសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានលើកឡើងថា ការសម្រេចរបស់តុលាការ ក្នុងសំណុំរឿងបរិហារកេរ្តិ៍ ដោយលោក សម រង្ស៉ី ធ្វើឱ្យសម្តេចពញាចក្រី ទទួលបាននូវភាពស្អាតស្អំ និងកិត្តិយសឡើងវិញ។
លោក កែវ ពិសិដ្ឋ បានលើកឡើងបែបនេះ បន្ទាប់ពីលោក រួមជាមួយ លោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជា នាំយកថវិកា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានពីការប្តឹងទណ្ឌិត សម រង្ស៉ី ចំនួនជិត ៥ម៉ឺនដុល្លារអាមេរិក ទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា នារសៀល ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣នេះ។
ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន លោក គី តិច បានបញ្ជាក់ដូច្នេះថា៖ «ការចោទប្រកាន់ ការមួលបង្កាច់ បំភ្លៃបំផ្លើសមកលើការដឹកនាំរបស់ សម្តេចពញាចក្រី ក្នុងអំឡុងទសវត្ស ជាការចោទប្រកាន់យ៉ាងអយុត្តិធម៌មកលើសម្តេច ឥឡូវនេះ តុលាការបានសម្រេចផ្តល់យុត្តិធម៌ដល់សម្តេចពញាចក្រី...យុត្តិធម៌ទាំងនេះ បានផ្តល់នូវភាពស្អាតស្អំ កិត្តិយសរបស់សម្តេចក៏បានត្រឡប់មកវិញ»។
លោកបានបន្តថា អ្វីដែលតុលាការសម្រេចជូនសម្តេចនេះជារឿងត្រឹមត្រូវ និងមានយុត្តិធម៌បំផុត។ ពេញមួយជីវិតរបស់ សម្តេច គឺធ្វើឡើងសម្រាប់តែជាតិ និងប្រជាជនកម្ពុជា ដូច្នេះរាល់សំណងទាំងអស់តាមរយៈដំណើរការក្តី ដែលជាផ្នែកដែលសម្តេចពញាចក្រីទទួលបាន សម្តេចមិនទទួលយកជាផលប្រយោជន៍ផ្ទាល់ទេ គឺសម្តេចមើលឃើញលើផលប្រយោជន៍សង្គមជាធំ អញ្ចឹងរាល់សំណងទាំងអស់ ដែលជាផ្នែកដែលសម្តេចទទួលបាន គឺសម្តេចផ្ទេរមកមន្ទីរគន្ធាបុប្ផា ដើម្បីទ្រទ្រង់ដំណើរការនូវមូលនិធិគន្ធបុប្ផា ដើម្បីបម្រើជាប្រយោជន៍សង្គម ជួយសង្គ្រោះកុមារ និងស្ត្រីមានផ្ទៃពោះ។
បើតាម លោក គី តិច, ចំពោះថវិកា ដែលតុលាការបានសម្រេចរឹបអូសអចលនទ្រព្យពីកូនបំណុល ទណ្ឌិត សម រង្ស៉ី លក់ឡៃឡុងធានាសំណងដល់សហម្ចាស់បំណុល (ដើមបណ្តឹងផ្នែករដ្ឋប្បវេណី និងម្ចាស់បណ្តឹងអាជ្ញា) ត្រូវបានបរិច្ចាគដូចខាងក្រោម៖
*ទី១៖ ថវិកាចំណែករបស់សម្តេចពញាចក្រី ហេង សំរិន ចំនួន ៤៨.៤៤៨,២៨ដុល្លារអាមេរិក ត្រូវបានប្រគល់ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា។
*ទី២៖ ថវិកាចំណែករបស់សម្តេចតេជោ ហ៊ុន សែន ចំនួន ៧៧៥.១៧២,៧១ដុល្លារអាមេរិក ត្រូវបានប្រគល់ជូនក្រុមមេធាវីស្ម័គ្រចិត្ត ទុកក្នុងកញ្ចប់ថវិកាសម្រាប់ប្រតិបត្តិការការពារក្តីជូនស្រ្តីងាយរងគ្រោះ និងមានជីវភាពទន់ខ្សោយ។
*ទី៣៖ ថវិកាចំណែករបស់សម្តេចក្រឡាហោម ចំនួន ៣៨៧.៥៨៦,៣៥ដុល្លារអាមេរិក ត្រូវបានចាត់ចែងប្រគល់សម្រាប់ការសាងសង់សាលារៀន និងមណ្ឌលកុមារកំព្រា តាមបណ្តាមូលដ្ឋានខេត្ត។
*ទី៤៖ ថវិកាចំនួន ៤៣៤.៩៩២,៧៥ដុល្លារអាមេរិក និងថវិកាចំនួន ៥.៧៩៩,៩០ដុល្លារអាមេរិក ត្រូវបានដាក់ជូនជាថវិកាជាតិ៕