(ណានជីង)៖ ព្យុះកំណាចដែលប្រៀបបានទៅនឹងខ្យល់ព្យុះ ថូណាដូ នៅសហរដ្ឋអាមេរិកនោះ បានវាយប្រហារប្រទេសចិន នៅក្នុងសប្តាហ៍នេះ ថែមទាំងបានឆក់យកជីវិតប្រជាជនប្រមាណ ៩៨នាក់ និង ជាង ៨០០នាក់ទៀតរងរបួស។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃសុក្រ ទី២៤ ខែមិថុនា ឆ្នាំ២០១៦។
ខេត្តដែលទទួលរងគ្រោះដោយសារ ខ្យល់ព្យុះ និងអាកាសធាតុអាក្រក់ ដែលបង្កឲ្យមានការបាក់ដី និងទឹកជំនន់ ដ៏ធ្ងន់ធ្ងរនោះ គឺ មានខេត្ត Jiangsu ស្ថិតនៅភាគខាងកើតប្រទេសចិន។ រហូតមកដល់ពេលនេះ អាជ្ញាធរក្នុងតំបន់ កំពុងតែព្យាយាមជួយសង្គ្រោះប្រជាជនដែលរងរបួស និងបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល និងបានត្រៀម ជម្លៀសប្រជាជនដែលស្ថិតនៅតំបន់គ្រោះថ្នាក់ ចេញពីការប្រឈមមុខនឹងគ្រោះទឹកជំនន់ធ្ងន់ធ្ងរផងដែរ។
តាមការព្យាករណ៍ឲ្យដឹងថា អាកាសធាតុអាក្រក់នេះ នឹងអាចធូរស្រាលទៅវិញ ក្នុងរយៈពេលពីរទៅបីថ្ងៃទៀត។ ដោយឡែកភាគខាងត្បូងប្រទេសចិន ក៏បានទទួលរងការវាយប្រហារដោយ គ្រោះធម្មជាតិស្រដៀងគ្នានេះដែរ ដែលបានបណ្តាលឲ្យមនុស្សជាង ៥០នាក់ឯណោះបាត់បង់ជីវិត ចាប់តាំងពីចុងសប្តាហ៍មុន៕