(ភ្នំពេញ)៖ លោក Victoria R. Woodards អភិបាលក្រុង Tacoma រដ្ឋវ៉ាស៊ីនតោន តំណាងឲ្យក្រុមប្រឹក្សាទីក្រុង បានប្រកាសអំពីការទទួលស្គាល់ ថ្ងៃជ័យជំនះ៧មករា របស់កម្ពុជា ដែលយកឈ្នះលើបនប្រល័យពូជសាសន៍ ប៉ុល ពត និងនាំមកនូវសុខសន្ដិភាព ជាមួយការអភិវឌ្ឍរីកចម្រើនជាបន្ដបន្ទាប់។

តាមរយៈលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣នេះ លោក Victoria R. Woodards បានអះអាងថា នៅថ្ងៃទី៧ ខែមករា ក៏ត្រូវជាគម្រប់ខួបទី៤៤ នៃទិវាជ័យជំនះ ដែលរំឭកអំពីការដួលរលំនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហមផងដែរ។ លោកបានបង្ហាញការស្ងើចសរសើរជាខ្លាំងចំពោះភាពរឹងមាំ និងការតស៊ូដើម្បីបានជ័យជំនះនេះ។

ក្នុងលិខិតរបស់អភិបាលក្រុង Tacoma បានរៀបរាប់យ៉ាងដូច្នេះថា៖

«ទីក្រុង Tacoma ជាសហគមន៍មួយដែលពោរពេញទៅដោយអ្នកកាន់សាសនា និងប្រកាន់ជំនឿចម្រុះផ្សេងៗគ្នា ហើយតែងតែលើកកម្ពស់ មរតកវប្បធម៌ សកម្មភាពសុឆន្ទៈ និងភាពរាប់អានស្និទ្ធស្នាល ព្រមទាំងប្រឹងប្រែងជានិច្ច ដើម្បីផ្តល់ការយោគយល់ ការគោរព និង កាលានុវត្តភាព សម្រាប់សមាជិកទាំងអស់នៅក្នុងសហគមន៍។

កន្លងមក សមាគមរបាំប្រពៃណីបុរាណខ្មែរ ហៅថា Cambodian Classical and Folk Dance Northwest ត្រូវបានបញ្ចូលជាអង្គការស្នូលមួយ សម្រាប់ផ្តល់ការអភិវឌ្ឍផ្នែកអប់រំ និងវប្បធម៌របស់សហគមន៍ និងដើម្បីបម្រើជាស្ពានតភ្ជាប់រវាងទីក្រុង Tacoma និងសហគមន៍ប្រជាជនកម្ពុជា នៅតំបន់ភូមិភាគពាយព្យសហរដ្ឋអាមេរិក ក៏ដូចជាតំបន់ដទៃៗទៀត។

Rady Mey Oum ដែលជាស្ថាបនិកសមាគម Cambodian Classical and Folk Dance Northwest និងជាគ្រូរបាំដ៏ស្ទាត់ជំនាញ បានខិតខំប្តេជ្ញាជាខ្លាំងទៅក្នុង ការជំរុញការផ្លាស់ប្តូរផ្នែកអប់រំនិងវប្បធម៌ចម្រុះ នៅក្នុងសហគមន៍ តាមរយៈការ លើកកម្ពស់ឱកាស ដើម្បីសិក្សាស្វែងយល់អំពីវប្បធម៌ និងប្រពៃណីរបស់កម្ពុជា។

ដោយឡែក នៅថ្ងៃទី៧ ខែមករា ក៏ត្រូវជាគម្រប់ខួបទី៤៤ នៃទិវាជ័យជម្នះ ដែលរំឭកអំពីការដួលរលំនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម ផងដែរ ហើយយើងស្ងើចសរសើរជាខ្លាំងចំពោះភាពរឹងមាំ និងការតស៊ូជម្នះរបស់បុគ្គល ដូចជា Rady ជាដើម ដែលបានប្រឹងប្រែងរក្សាវប្បធម៌ របស់ពួកគេឱ្យនៅរស់រវើក។

ហេតុដូច្នេះហើយ ខ្ញុំ Victoria R. Woodards អភិបាលក្រុង Tacoma តំណាងឲ្យក្រុមប្រឹក្សាទីក្រុង សូមប្រកាសនាពេលនេះថា ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ គឺជាទិវានៃការផ្លាស់ប្តូរផ្នែកវប្បធម៌និងអប់រំកម្ពុជា នៅក្នុងទីក្រុង Tacoma»។

គួរជម្រាបថា កន្លងទៅនេះ អាជ្ញាធរទីក្រុង Kent Washington និងអាជ្ញាធរស្រុក King County សហរដ្ឋអាមេរិក ក៏បានចូលរួមអបអរសាទរ និងបញ្ជាក់អំពីការទទួលស្គាល់ ថ្ងៃ ៧ មករា ជាថ្ងៃជ័យជំនះដែលកម្ពុជាបានយកឈ្នះ លើរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ការចូលរួមអបអរសាទរ និងបញ្ជាក់អំពីការទទួលស្គាល់ថ្ងៃជ័យជំនះ ៧មករានេះ ធ្វើឡើងបន្ទាប់ពីក្រុមការងារគណបក្សប្រជាជនកម្ពុជា នៅរដ្ឋធានីវ៉ាស៉ីនតោន បានរៀបចំពិធីជួបជុំដើម្បីអបអរសាទរថ្ងៃដ៏សំខាន់មួយនេះ។ ទាំងនេះគឺជាមោទនភាពមួយ ជាពិសេសសម្រាប់ប្រជាជនខ្មែរ ដែលរស់នៅសហរដ្ឋអាមេរិកផ្ទាល់តែម្ដង៕